3. រួចសារ៉ាយប្រពន្ធអាប់រ៉ាមក៏ឲ្យហាការជាសាសន៍អេស៊ីព្ទបាវខ្លួន ទៅធ្វើជាប្រពន្ធរបស់ប្ដីទៅ ក្នុងពេលក្រោយដែលអាប់រ៉ាមបាននៅស្រុកកាណាន១០ឆ្នាំហើយ
4. គាត់ក៏ចូលទៅឯហាការ ហើយនាងមានទំងន់ លុះដឹងខ្លួនថាមានទំងន់ដូច្នោះ នោះក៏តាំងមើលងាយដល់ចៅហ្វាយខ្លួនវិញ
5. សារ៉ាយនាងនិយាយទៅអាប់រ៉ាមថា សូមឲ្យសេចក្ដីកំហុសរបស់ខ្ញុំធ្លាក់ទៅលើអ្នកចុះ ដ្បិតខ្ញុំបានឲ្យបាវស្រីរបស់ខ្ញុំទៅអ្នកឱប ឥឡូវនេះដែលវាដឹងថាមានទំងន់ហើយ នោះបែរជាមើលងាយដល់ខ្ញុំវិញ ដូច្នេះ សូមឲ្យព្រះយេហូវ៉ាជំនុំជំរះរឿងរបស់យើងចុះ
6. នោះអាប់រ៉ាមគាត់ឆ្លើយនឹងសារ៉ាយថា មើល បាវស្រីឯងវានៅក្នុងអំណាចរបស់ឯងស្រាប់ហើយ ចូរប្រព្រឹត្តនឹងវាតាមតែឯងគិតឃើញថាយ៉ាងណាស្រួលចុះ នោះសារ៉ាយក៏ប្រព្រឹត្តនឹងនាងដោយតឹងរ៉ឹងណាស់ បានជានាងរត់ចេញពីគាត់ទៅ។
7. ទេវតានៃព្រះយេហូវ៉ា ទ្រង់ឃើញនាងនៅទីរហោស្ថានជិតក្បាលទឹក១ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅឯស្រុកស៊ើរ
8. ទ្រង់មានព្រះបន្ទូលសួរថា នែហាការ បាវសារ៉ាយអើយ តើឯងមកពីណា ហើយគិតទៅឯណាហ្នឹង នាងទូលឆ្លើយនឹងទេវតាថា ខ្ញុំម្ចាស់រត់ចេញពីសារ៉ាយជាចៅហ្វាយរបស់ខ្ញុំម្ចាស់មក
9. នោះទេវតានៃព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលទៅនាងថា ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ
10. ទេវតានៃព្រះយេហូវ៉ាក៏មានព្រះបន្ទូលទៅនាងថា អញនឹងចំរើនពូជឯង ឲ្យមានសន្ធឹកឥតគណនា
11. ទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលនឹងនាងទៀតថា មើល ឯងមានទំងន់ ឯងនឹងបង្កើតបានកូនប្រុស១ដែលត្រូវឲ្យឈ្មោះថា អ៊ីសម៉ាអែល ពីព្រោះព្រះយេហូវ៉ាទ្រង់ជ្រាបពីសេចក្ដីទុក្ខលំបាករបស់ឯង