គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 14:8-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ស្តេច​ក្រុង​សូដុំម ស្តេច​ក្រុង​កូម៉ូរ៉ា ស្តេច​ក្រុង​អាត់ម៉ា ស្តេច​ក្រុង​សេបោម និង​ស្តេច​ក្រុង​បេឡា គឺ​ជា​សូអារ ក៏​នាំ​គ្នា​ចេញ​ទៅ​ដំរៀប​ទ័ព​ច្បាំង​នឹង​ពួក​ទាំង​នោះ នៅ​ត្រង់​វាល​ច្រក​ស៊ីឌីម

9. គឺ​ច្បាំង​នឹង​កេដូ‌ឡោមើរ​ជា​ស្តេច​អេឡាំ ធីដាល​ជា​ស្តេច​កូយីម អាំរ៉ា‌ផែល​ជា​ស្តេច​ស៊ីណើរ និង​អើយ៉ុក​ជា​ស្តេច​អេឡាសារ មាន​ស្តេច​៤​អង្គ​ច្បាំង​នឹង​ស្តេច​៥​អង្គ

10. ឯ​វាល​ច្រក​ស៊ីឌីម នោះ​មាន​សុទ្ធ​តែ​អណ្តូង​ជ័រ ហើយ​ស្តេច​ក្រុង​សូដុំម និង​ស្តេច​ក្រុង​កូម៉ូរ៉ា​គេ​រត់​ទៅ ក៏​ដួល​នៅ​ទី​នោះ ឯ​អស់​អ្នក​ដែល​នៅ​សល់ គេ​រត់​ទៅ​ឯ​ភ្នំ

11. រួច​ស្តេច​ទាំង​នោះ​ក៏​យក​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា​ទាំង​អស់ ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​ចេញ​បាត់​ទៅ

12. ក៏​ចាប់​ឡុត ជា​ក្មួយ​អាប់រ៉ាម ដែល​នៅ​ក្រុង​សូដុំម និង​ទ្រព្យ​សម្បត្តិ​របស់​គាត់ នាំ​ទៅ​ជា​មួយ​ដែរ។

13. មាន​មនុស្ស​ម្នាក់​ដែល​បាន​រត់​រួច​ពី​ចំបាំង គាត់​ទៅ​ជំរាប​ដល់​អាប់រ៉ាម​ជា​សាសន៍​ហេព្រើរ ដែល​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ជា​សាសន៍​អាម៉ូរី ដែល​ជា​បង​អែស‌កុល ហើយ​នឹង​អាន់នើរ​ដែល​បាន​ចង​មិត្រ​មេត្រី​នឹង​អាប់រ៉ាម

14. កាល​អាប់រ៉ាម​បាន​ឮ​ថា គេ​ចាប់​ក្មួយ​ខ្លួន​ទៅ​ជា​ឈ្លើយ​ដូច្នោះ នោះ​គាត់​នាំ​ពួក​បំរើ​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​ផ្ទះ​គាត់ សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម មាន​ចំនួន​៣១៨​នាក់ លើក​គ្នា​ចេញ​ទៅ​ដេញ​តាម​គេ​រហូត​ដល់​ដាន់

15. គាត់​ចែក​ពួក​បាវ​ឲ្យ​ទៅ​ទាស់​នឹង​គេ​ទាំង​យប់ ក៏​វាយ​គេ​ហើយ​ដេញ​តាម​រហូត​ហូបា ដែល​នៅ​ជា​ខាង​ឆ្វេង​នៃ​ក្រុង​ដាម៉ាស

16. រួច​នាំ​អស់​ទាំង​ទ្រព្យ​សម្បត្តិ​វិល​មក​វិញ ព្រម​ទាំង​ឡុត​ជា​ក្មួយ និង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ដែរ ទាំង​ពួក​ស្ត្រី និង​មនុស្ស​ទាំង​អស់​ផង។

17. កាល​គាត់​បាន​ត្រឡប់​មក​ពី​វាយ​កេដូ‌ឡោមើរ និង​ពួក​ស្តេច​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​វិញ​ហើយ នោះ​ស្តេច​ក្រុង​សូដុំម​ក៏​ចេញ​មក​ទទួល​គាត់ នៅ​ត្រង់​វាល​ច្រក​ភ្នំ​សាវេ គឺ​ជា​ច្រក​ភ្នំ​នៃ​ស្តេច

18. ហើយ​ម៉ិល‌គីស្សា‌ដែក​ជា​ស្តេច​ក្រុង​សាឡិម ក៏​នាំ​យក​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​មក​ពី ព្រោះ​ទ្រង់​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត

19. ទ្រង់​ប្រទាន​ពរ​ដល់​គាត់​ថា សូម​ឲ្យ​អាប់រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែនដី

20. ហើយ​សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​ឯង រួច​គាត់​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ទ្រង់។

21. ឯ​ស្តេច​ក្រុង​សូដុំម​ក៏​មាន​ព្រះ‌បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឲ្យ​តែ​មនុស្ស​មក​ខ្ញុំ​បាន​ហើយ ឯ​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន ចូរ​យក​ទុក​ជា​របស់​ផង​អ្នក​ចុះ

22. តែ​អាប់រ៉ាម​គាត់​ទូល​ទៅ​ស្តេច​សូដុំម​ថា ទូល‌បង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែនដី​ថា

សូមអានជំពូកពេញលេញ លោកុប្បត្តិ 14