1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអាប់រ៉ាមថា ចូរឯងចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ
2. អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ
3. អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្តាសាដល់អស់អ្នកណាដែលផ្តាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង
4. អាប់រ៉ាមក៏ចេញទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ឡុតក៏ទៅជាមួយដែរ កាលអាប់រ៉ាមចេញពីខារ៉ានទៅ នោះគាត់អាយុបាន៧៥ឆ្នាំហើយ
5. ក៏យកសារ៉ាយជាប្រពន្ធ និងឡុតជាក្មួយ ព្រមទាំងរបស់ទ្រព្យទាំងប៉ុន្មានដែលបានប្រមូលទុក និងមនុស្សទាំងអស់ដែលបាន កាលនៅខារ៉ានផង នាំគ្នាចេញពីទីនោះ ដើម្បីទៅឯស្រុកកាណាន ក៏ចូលទៅក្នុងស្រុកនោះ។
6. អាប់រ៉ាម គាត់ដើរកាត់ស្រុកទៅត្រឹមដើមម៉ៃសាក់របស់ម៉ូរេនៅកន្លែងឈ្មោះស៊ីគែម ដែលនៅវេលានោះ សាសន៍កាណាននៅស្រុកនោះដែរ
7. ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ
8. គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅឯណោះ មានបេត-អែលនៅជាខាងលិច និងអៃយនៅខាងកើត ហើយស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
9. អាប់រ៉ាមក៏ចេះតែដើរដំណើរទៅឯត្បូងទៀត។