20. បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ និងបក្សីជាតិហើរលើដីនៅនាអាកាស
21. ទ្រង់ក៏បង្កើតអស់ទាំងសត្វសំបើមៗ និងជីវិតទាំងឡាយដែលកំរើក ដែលកើតមានរវិនរវ័ណ្ឌនៅក្នុងទឹកតាមពូជ ហើយអស់ទាំងសត្វស្លាបតាមពូជដែរ រួចទ្រង់ឃើញថាល្អ
22. ទ្រង់ក៏ប្រទានពរដល់សត្វទាំងឡាយនោះ ហើយមានព្រះបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសនៅក្នុងទឹកសមុទ្រ ហើយឲ្យសត្វស្លាបចំរើនឡើងនៅផែនដីដែរ
23. នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៥។
24. បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានចតុប្បាទជាតិកើតមកនៅដីគោកតាមពូជ គឺជាសត្វស្រុកសត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ នោះក៏មានដូច្នោះ
25. ទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដីគោកតាមពូជដែរ រួចទ្រង់ឃើញថាល្អ
26. ទ្រង់ក៏មានព្រះបន្ទូលថា ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយឲ្យមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងសត្វជើង៤ដែលនៅលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារដែលវារនៅលើផែនដីផង
27. ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី
28. ទ្រង់ប្រទានពរដល់គេ ហើយមានព្រះបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង
29. ទ្រង់មានព្រះបន្ទូលថា មើល អញឲ្យគ្រប់ទាំងតិណជាតិមានគ្រាប់ពូជដែលដុះនៅលើផែនដី និងគ្រប់ទាំងរុក្ខជាតិទាំងឡាយដែលកើតផ្លែមានគ្រាប់ពូជ ទុកជាអាហារដល់ឯង
30. ហើយអញក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅលើដី សត្វហើរលើអាកាស និងសត្វលូនវារនៅដី ដែលមានជីវិតទាំងប៉ុន្មានដែរ នោះក៏មានដូច្នោះ
31. រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៦។