គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 8:14-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. បន្ទាប់​មក លោក​នាំ​យក​គោ​ឈ្មោល​ស្ទាវ ដែល​សំរាប់​ដង្វាយ​លោះ​បាប​មក ហើយ​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន ក៏​ដាក់​ដៃ​លើ​ក្បាល​គោ ដែល​ជា​ដង្វាយ​នោះ រួច​សំឡាប់​ទៅ

15. នោះ​ម៉ូសេ​ក៏​សំអាត​អាសនា លោក​យក​ឈាម ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​លើ​ស្នែង​អាសនា​ជុំវិញ រួច​ចាក់​ឈាម​នៅ​ត្រង់​ជើង​អាសនា ទាំង​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ធួន​នឹង​អាសនា​នោះ

16. លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង ស្រទាប់​ថ្លើម ហើយ​អង្គញ់​ទាំង​២ និង​ខ្លាញ់​នៃ​អង្គញ់​នោះ ទៅ​ដុត​ទាំង​អស់​នៅ​លើ​អាសនា

17. តែ​តួ​គោ​នោះ និង​ស្បែក សាច់ ហើយ​នឹង​លាមក លោក​ដុត​នឹង​ភ្លើង នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

18. លោក​ក៏​នាំ​យក​ចៀម​ឈ្មោល ដែល​សំរាប់​ជា​ដង្វាយ​ដុត​មក ហើយ​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សំឡាប់​ទៅ

19. នោះ​ម៉ូសេ​ក៏​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា

20. រួច​កាប់​ចៀម​នោះ​ជា​ដុំៗ ក៏​ដុត​ក្បាល និង​ដុំ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ខ្លាញ់​ផង

21. លោក​យក​ទឹក​មក​លាង​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ហើយ​ដុត​ចៀម​នោះ​ទាំង​អស់​នៅ​លើ​អាសនា នេះ​ហើយ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

22. លោក​ក៏​នាំ​យក​ចៀម​ទី​២​ដែល​សំរាប់​ពិធី​តាំង​ជា​សង្ឃ​មក ហើយ​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សំឡាប់​ទៅ

23. នោះ​ម៉ូសេ​យក​ឈាម​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​អើរ៉ុន

24. ក៏​នាំ​ពួក​កូន​អើរ៉ុន​មក លាប​ឈាម​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​ដែរ ហើយ​ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា

25. រួច​លោក​យក​ខ្លាញ់​កន្ទុយ និង​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ស្រទាប់​ថ្លើម អង្គញ់​ទាំង​២ និង​ខ្លាញ់​របស់​អង្គញ់​នោះ​ហើយ​នឹង​ស្មា​ខាង​ស្តាំ​មក

26. រួច​យក​នំ​ឥត​ដំបែ​១ នំបុ័ង​លាប​ដោយ​ប្រេង​១ និង​នំ​ក្រៀប​១ ចេញ​ពី​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដាក់​លើ​ខ្លាញ់ ហើយ​នឹង​ស្មា​ស្តាំ​នោះ

27. លោក​ដាក់​ទាំង​អស់​នៅ​បាត​ដៃ​អើរ៉ុន ហើយ​នៅ​បាត​ដៃ​របស់​ពួក​កូន ឲ្យ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

28. បន្ទាប់​មក លោក​យក​ពី​ដៃ​អ្នក​ទាំង​នោះ​ទៅ​ដុត​លើ​ដង្វាយ​ដែល​នៅ​លើ​អាសនា នេះ​ហើយ​ជា​ដង្វាយ​សំរាប់​ពិធី​តាំង​ជា​សង្ឃ​ទុក​ជា​ក្លិន​ឈ្ងុយ គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា

29. ម៉ូសេ​ក៏​យក​ទ្រូង​ទៅ​គ្រវី​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ចំណែក​របស់​ម៉ូសេ​ក្នុង​ចៀម​ឈ្មោល​ដែល​សំរាប់​ពិធី​តាំង​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

30. រួច​ម៉ូសេ​ក៏​យក​ប្រេង​លាប និង​ឈាម​ខ្លះ​ដែល​នៅ​លើ​អាសនា​ទៅ​ប្រោះ​លើ​អើរ៉ុន លើ​សំលៀក‌បំពាក់​របស់​លោក ព្រម​ទាំង​លើ​ពួក​កូន​លោក និង​សំលៀក‌បំពាក់​របស់​ពួក​កូន​នោះ​ផង ហើយ​ញែក​អើរ៉ុន និង​សំលៀក‌បំពាក់​លោក ព្រម​ទាំង​ពួក​កូន​លោក និង​សំលៀក‌បំពាក់​របស់​គេ​ចេញ​ជា​បរិសុទ្ធ​ទាំង​អស់។

សូមអានជំពូកពេញលេញ លេវីវិន័យ 8