គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 8:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. ចូរ​នាំ​យក​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​សំលៀក‌បំពាក់ ប្រេង​ចាក់​តាំង គោ​ឈ្មោល​ស្ទាវ​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ចៀម​ឈ្មោល​២ និង​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​មក​ជា​មួយ​ផង

3. ហើយ​ប្រជុំ​ពួក​ជំនុំ​ទាំង​អស់​គ្នា​មក​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

4. ម៉ូសេ​ក៏​ធ្វើ​តាម​ដែល​ព្រះ‌យេហូវ៉ា​បង្គាប់​មក ឯ​ពួក​ជំនុំ​គេ​មូល​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

5. នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ជំនុំ​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ឲ្យ​ធ្វើ។

6. ម៉ូសេ​ក៏​នាំ​អើរ៉ុន និង​ពួក​កូន​លោក មក​ផ្ងូត​ទឹក​ឲ្យ

7. រួច​បំពាក់​អាវ​ខ្លី​ឲ្យ​អើរ៉ុន ព្រម​ទាំង​ក្រវាត់​ខ្សែ​ក្រវាត់ ហើយ​បំពាក់​អាវ​វែង​ពី​លើ ក៏​បំពាក់​អេផូឌ ហើយ​ចង​ភ្ជាប់​ដោយ​ខ្សែ​ដែល​ជាប់​នឹង​អេផូឌ​នោះ​ផង

8. រួច​បំពាក់​ប្រដាប់​បាំង​ទ្រូង ហើយ​ដាក់​យូរីម និង​ធូមីម ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង​ដែរ

9. ក៏​បំពាក់​មួក​នៅ​លើ​ក្បាល ហើយ​ភ្ជាប់​ស្លាក​មាស គឺ​ជា​ក្បាំង​បរិសុទ្ធ​ឲ្យ​ជាប់​នឹង​មួក​ពី​ខាង​មុខ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

10. រួច​ម៉ូសេ​យក​ប្រេង ទៅ​ចាក់​លាប​រោង​ឧបោសថ និង​គ្រប់​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​រោង​នោះ ញែក​ចេញ​ជា​បរិសុទ្ធ

11. ហើយ​ក៏​យក​ទៅ​ប្រោះ​លើ​អាសនា​៧​ដង លោក​ចាក់​លាប​អាសនា និង​ប្រដាប់​អាសនា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ​ផង ដើម្បី​នឹង​ញែក​ចេញ​ជា​បរិសុទ្ធ

12. ក៏​ចាក់​ប្រេង​ខ្លះ​លើ​ក្បាល​អើរ៉ុន ទាំង​លាប​ឲ្យ​បាន​បរិសុទ្ធ

13. រួច​លោក​នាំ​យក​ពួក​កូន​អើរ៉ុន​មក​បំពាក់​អាវ​ខ្លី ហើយ​ក្រវាត់​ខ្សែ​ក្រវាត់ ព្រម​ទាំង​ជួត​ឈ្នួត​ផង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

សូមអានជំពូកពេញលេញ លេវីវិន័យ 8