គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 7:8-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ហើយ​សង្ឃ​ណា​ដែល​ថ្វាយ​ដង្វាយ​ដុត​របស់​អ្នក​ណា សង្ឃ​នោះ​ឯង​ត្រូវ​បាន​ស្បែក​របស់​សត្វ​ដែល​ខ្លួន​បាន​ដុត​ថ្វាយ ទុក​ជា​របស់​ផង​ខ្លួន

9. ឯ​អស់​ទាំង​ដង្វាយ​ម្សៅ​ទាំង​ប៉ុន្មាន ដែល​ចំអិន​នៅ​ក្នុង​ឡ ចៀន​នឹង​ខ្ទះ ឬ​ដុត​ក្នុង​ពុម្ព នោះ​នឹង​ត្រូវ​បាន​ចំពោះ​សង្ឃ​ដែល​ជា​អ្នក​ថ្វាយ

10. តែ​គ្រប់​ទាំង​ដង្វាយ​ម្សៅ​លាយ​នឹង​ប្រេង​ឬ​ទទេ នោះ​ត្រូវ​បាន​ជា​របស់​ផង​ពួក​កូន​អើរ៉ុន​គ្រប់​គ្នា​វិញ។

11. នេះ​ជា​របៀប​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី ថ្វាយ​ព្រះ‌យេហូវ៉ា

12. បើ​អ្នក​ណា​ថ្វាយ​ដង្វាយ​ដោយ​អរ​ព្រះ‌គុណ នោះ​ត្រូវ​យក​នំ​ឥត​ដំបែ លាយ​ដោយ​ប្រេង ហើយ​នំ​ក្រៀប​ឥត​ដំបែ លាយ​ដោយ​ប្រេង និង​នំ​ចៀន ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង មក​ថ្វាយ​ជា​មួយ​នឹង​យញ្ញ‌បូជា ដែល​ថ្វាយ​ដោយ​អរ​ព្រះ‌គុណ​នោះ

13. ហើយ​ត្រូវ​យក​នំបុ័ង​មាន​ដំបែ​មក ថែម​នឹង​នំ​ទាំង​នោះ​សំរាប់​ជា​ដង្វាយ​របស់​ខ្លួន ត្រូវ​ថ្វាយ​ទាំង​អស់​ជា​មួយ​នឹង​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី ដែល​ថ្វាយ​ទុក​ជា​សេចក្ដី​អរ​ព្រះ‌គុណ

14. ត្រូវ​យក​នំ​១ ពី​រាល់​តែ​ដង្វាយ​យ៉ាង​នោះ សំរាប់​ជា​ដង្វាយ​លើក​ចុះ​ឡើង ថ្វាយ​ព្រះ‌យេហូវ៉ា នំ​នោះ​ត្រូវ​បាន​ជា​របស់​ផង​សង្ឃ​ណា ដែល​ប្រោះ​ឈាម​ដង្វាយ​មេត្រី

15. ឯ​សាច់​នៃ​យញ្ញ‌បូជា​របស់​ដង្វាយ​មេត្រី ដែល​សំរាប់​ជា​សេចក្ដី​អរ​ព្រះ‌គុណ នោះ​ត្រូវ​បរិភោគ​ក្នុង​ថ្ងៃ​ដែល​បាន​ថ្វាយ​នោះ​ឯង មិន​ត្រូវ​ទុក​ឲ្យ​ដល់​ភ្លឺ​ឡើយ

16. តែ​បើ​យញ្ញ‌បូជា​នោះ​ជា​ដង្វាយ​លា​បំណន់ ឬ​ជា​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត​វិញ នោះ​ត្រូវ​បរិភោគ​ក្នុង​ថ្ងៃ​ដែល​ថ្វាយ​នោះ​ឯង ហើយ​ដល់​ស្អែក ក៏​នឹង​បរិភោគ​អ្វី​ដែល​នៅ​សល់​បាន​ដែរ

17. ឯ​របស់​អ្វី​ដែល​សល់​ពី​សាច់​នៃ​យញ្ញ‌បូជា​ក្នុង​ថ្ងៃ​ទី​៣ នោះ​ត្រូវ​ដុត​នឹង​ភ្លើង​ទៅ

18. បើ​អ្នក​ណា​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​ជា​ដង្វាយ​មេត្រី​របស់​ខ្លួន​ក្នុង​ថ្ងៃ​ទី​៣ យញ្ញ‌បូជា​នោះ​ឈ្មោះ​ថា ព្រះ​មិន​បាន​ទទួល​ទេ គឺ​ទុក​ដូច​ជា​មិន​បាន​ថ្វាយ​វិញ ដង្វាយ​នោះ​នឹង​ត្រឡប់​ទៅ​ជា​របស់​គួរ​ស្អប់​ខ្ពើម ឯ​អស់​អ្នក​ណា​ដែល​បរិភោគ នោះ​ក៏​នឹង​ត្រូវ​មាន​ទោស​ដែរ។

19. ឯ​សាច់​ណា​ដែល​ប៉ះ​ពាល់​នឹង​របស់​អ្វី​មិន​ស្អាត នោះ​មិន​ត្រូវ​បរិភោគ​ឡើយ ត្រូវ​តែ​ដុត​នឹង​ភ្លើង​វិញ តែ​សាច់​ណា​ដែល​ស្អាត នោះ​អ្នក​ដែល​បរិសុទ្ធ​នឹង​បរិភោគ​បាន

20. បើ​អ្នក​ណា​ដែល​ជាប់​មាន​សេចក្ដី​សៅ‌ហ្មង​នៅ​ខ្លួន បាន​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​ដែល​ជា​របស់​ផង​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​ខ្លួន

21. ហើយ​បើ​អ្នក​ណា​ប៉ះពាល់​នឹង​របស់​មិន​ស្អាត​អ្វី​ក៏​ដោយ ទោះ​បើ​ជា​សេចក្ដី​ស្មោក‌គ្រោក​របស់​មនុស្ស ឬ​របស់​សត្វ​ដែល​មិន​ស្អាត ឬ​របស់​ស្មោក‌គ្រោក​ណា​មួយ​ដែល​គួរ​ខ្ពើម​ឆ្អើម រួច​នឹង​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​ដង្វាយ​មេត្រី​របស់​ផង​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។

22. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ

23. ឲ្យ​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កុំ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​ខ្លាញ់​គោ ខ្លាញ់​ចៀម ឬ​ខ្លាញ់​ពពែ​ឡើយ

24. ឯ​ខ្លាញ់​សត្វ​ណា​ដែល​ស្លាប់​ឯង ឬ​ត្រូវ​សត្វ​ព្រៃ​ហែក‌ហួរ នោះ​នឹង​ប្រើ​ធ្វើ​ការ​អ្វី​ផ្សេង​ក៏​បាន តែ​មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ

25. ដ្បិត​អ្នក​ណា​ដែល​បរិភោគ​ខ្លាញ់​របស់​សត្វ ជា​សត្វ​ដែល​មនុស្ស​តែង​ធ្លាប់​យក​មក​ថ្វាយ ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន

26. ហើយ​មិន​ត្រូវ​បរិភោគ​ឈាម​យ៉ាង​ណា​នៅ​ក្នុង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​ណា​មួយ​ឡើយ ទោះ​ទាំង​ឈាម​របស់​សត្វ​ហើរ ឬ​ឈាម​នៃ​សត្វ​ជើង​៤​ក្តី

27. អ្នក​ណា​ដែល​បរិភោគ​ឈាម​អ្វី​ក៏​ដោយ អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។

សូមអានជំពូកពេញលេញ លេវីវិន័យ 7