គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 6:8-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

9. ចូរ​បង្គាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក​ថា នោះ​ជា​របៀប​ដង្វាយ​ដុត គឺ​ដង្វាយ​នេះ​ត្រូវ​តែ​នៅ​លើ​ជើង‌ក្រាន​នៃ​អាសនា​ពេញ​១​យប់​ទាល់​ព្រឹក ហើយ​ភ្លើង​ដែល​នៅ​លើ​អាសនា​ក៏​ត្រូវ​តែ​ឆេះ​នៅ​ជានិច្ច​ដែរ

10. ឯ​សង្ឃ​ត្រូវ​ឲ្យ​ពាក់​អាវ​ខ្លូត‌ទេស ហើយ​ស្លៀក​ខោ​ខ្លូត‌ទេស ទៅ​កើប​ផែះ​ដែល​ភ្លើង​បាន​ឆេះ​ដង្វាយ​នៅ​លើ​អាសនា ហើយ​ដាក់​នៅ​ក្បែរ​អាសនា​សិន

11. រួច​ដោះ​សំលៀក‌បំពាក់​នោះ​ចេញ ស្លៀក‌ពាក់​បន្លាស់​ឯ​ទៀត យក​ផេះ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ចាក់​នៅ​កន្លែង​ស្អាត

12. ឯ​ភ្លើង​នៅ​លើ​អាសនា នោះ​ត្រូវ​តែ​ឆេះ​នៅ​ជានិច្ច​ឥត​រលត់​ឡើយ រាល់​តែ​ព្រឹក​ត្រូវ​ឲ្យ​សង្ឃ​ដាក់​ឧស​នៅ​លើ​នោះ រួច​រៀប​ដង្វាយ​ដុត​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​ដង្វាយ​មេត្រី​ផង

13. ត្រូវ​តែ​មាន​ភ្លើង​ឆេះ​នៅ​ជានិច្ច​លើ​អាសនា មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។

14. នេះ​ជា​របៀប​ដង្វាយ​ម្សៅ គឺ​ពួក​កូន​អើរ៉ុន​ត្រូវ​ថ្វាយ​ដង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​លើ​អាសនា​ប៉ែក​ខាង​មុខ

15. ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​១​ក្តាប់​ជា​មួយ​នឹង​ប្រេង​ខ្លះ ហើយ​នឹង​កំញាន​ដែល​នៅ​លើ​ដង្វាយ​ម្សៅ​នោះ​ដុត​ទាំង​អស់ សំរាប់​ជា​ក្លិន​ឈ្ងុយ នៅ​លើ​អាសនា ទុក​ជា​ទី​រំឭក​ដល់​ព្រះ‌យេហូវ៉ា

16. ឯ​ម្សៅ​ទាំង​ប៉ុន្មាន​ដែល​សល់​នៅ នោះ​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​បរិភោគ ដោយ​ឥត​មាន​ដំបែ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​ត្រូវ​បរិភោគ​នៅ​ទី​លាន​ផង​ត្រសាល​ជំនុំ

17. មិន​ត្រូវ​ចំអិន​ម្សៅ​នោះ ដោយ​លាយ​នឹង​ដំបែ​ឡើយ អញ​បាន​ឲ្យ​ម្សៅ​នោះ ទុក​ជា​ចំណែក​របស់​គេ​ពី​ដង្វាយ​ដែល​ដុត​ថ្វាយ​អញ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត ដូច​ជា​ដង្វាយ​សំរាប់​លោះ​បាប និង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ

18. អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ត្រូវ​បរិភោគ​ដង្វាយ​ម្សៅ​នោះ​ទុក​ជា​ចំណែក​ដល់​ខ្លួន ពី​អស់​ទាំង​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ ឯ​អស់​អ្នក​ណា​ដែល​ពាល់​ដង្វាយ​ទាំង​នោះ​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ។

19. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

20. នេះ​ជា​ដង្វាយ​ដែល​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ក្នុង​ថ្ងៃ​ដែល​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ត្រូវ​ថ្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង សំរាប់​ដង្វាយ​ម្សៅ ដែល​ថ្វាយ​នៅ​ជានិច្ច ត្រូវ​ថ្វាយ​ពាក់​កណ្តាល​ក្នុង​ពេល​ព្រឹក ហើយ​ពាក់​កណ្តាល​ក្នុង​ពេល​ល្ងាច

21. ត្រូវ​ធ្វើ​ដង្វាយ​នោះ​លាយ​នឹង​ប្រេង​ចាក់​ចុះ​ក្នុង​ពុម្ព កាល​ណា​ឆ្អិន​ហើយ នោះ​ត្រូវ​យក​មក​បំបែក​ជា​ដុំៗ ថ្វាយ​ជា​ដង្វាយ​ម្សៅ ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

22. ឯ​សង្ឃ​ណា​ដែល​រើស​ពី​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ហើយ​ចាក់​ប្រេង​តាំង​ឡើង​ជំនួស​លោក គឺ​សង្ឃ​នោះ​ឯង ដែល​ត្រូវ​ថ្វាយ​ដង្វាយ​នោះ នេះ​ជា​ច្បាប់​សំរាប់​អស់‌កល្ប‌ជានិច្ច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឯ​ដង្វាយ​នោះ ត្រូវ​ដុត​ទៅ​ទាំង​អស់​វិញ

សូមអានជំពូកពេញលេញ លេវីវិន័យ 6