គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 6:19-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

20. នេះ​ជា​ដង្វាយ​ដែល​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ក្នុង​ថ្ងៃ​ដែល​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ត្រូវ​ថ្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង សំរាប់​ដង្វាយ​ម្សៅ ដែល​ថ្វាយ​នៅ​ជានិច្ច ត្រូវ​ថ្វាយ​ពាក់​កណ្តាល​ក្នុង​ពេល​ព្រឹក ហើយ​ពាក់​កណ្តាល​ក្នុង​ពេល​ល្ងាច

21. ត្រូវ​ធ្វើ​ដង្វាយ​នោះ​លាយ​នឹង​ប្រេង​ចាក់​ចុះ​ក្នុង​ពុម្ព កាល​ណា​ឆ្អិន​ហើយ នោះ​ត្រូវ​យក​មក​បំបែក​ជា​ដុំៗ ថ្វាយ​ជា​ដង្វាយ​ម្សៅ ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

22. ឯ​សង្ឃ​ណា​ដែល​រើស​ពី​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ហើយ​ចាក់​ប្រេង​តាំង​ឡើង​ជំនួស​លោក គឺ​សង្ឃ​នោះ​ឯង ដែល​ត្រូវ​ថ្វាយ​ដង្វាយ​នោះ នេះ​ជា​ច្បាប់​សំរាប់​អស់‌កល្ប‌ជានិច្ច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឯ​ដង្វាយ​នោះ ត្រូវ​ដុត​ទៅ​ទាំង​អស់​វិញ

23. គ្រប់​ទាំង​ដង្វាយ​ម្សៅ​ដែល​ពួក​សង្ឃ​ថ្វាយ នោះ​ត្រូវ​តែ​ដុត​ទាំង​អស់ មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ។

24. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

25. ចូរ​ប្រាប់​អើរ៉ុន និង​ពួក​កូន​លោក​ថា នេះ​ជា​របៀប​ដង្វាយ​ដែល​សំរាប់​លោះ​បាប គឺ​ត្រូវ​តែ​សំឡាប់​ដង្វាយ​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​កន្លែង​ដែល​សំឡាប់​ដង្វាយ​ដុត​ដែរ ដង្វាយ​នោះ​ជា​បរិសុទ្ធ​បំផុត

26. ឯ​សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ដោយ​ព្រោះ​បាប នោះ​ត្រូវ​បរិភោគ​ដង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​នៅ​ទី​លាន​ផង​ត្រសាល​ជំនុំ

27. អ្វីៗ​ដែល​ប៉ះ​ពាល់​នឹង​សាច់​នោះ ក៏​ត្រូវ​បរិសុទ្ធ​ដែរ ហើយ​បើ​កាល​ណា​ឈាម​ដង្វាយ​នោះ​ខ្ទាត​ទៅ​លើ​អាវ​ណា ត្រូវ​លាង​អាវ​ដែល​ប្រឡាក់​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ

28. តែ​ថ្លាង​ណា​ដែល​ប្រើ​ស្ងោរ​សាច់​នោះ ត្រូវ​តែ​បំបែក​ចោល ឬ​បើ​ជា​ឆ្នាំង​លង្ហិន​វិញ នោះ​ត្រូវ​តែ​ដុស​លាង​សំអាត​ក្នុង​ទឹក​ចេញ

29. អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ​ត្រូវ​បរិភោគ​ដង្វាយ​នោះ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត

30. តែ​ឯ​ដង្វាយ​លោះ​បាប ដែល​បាន​យក​ឈាម​ទៅ​ក្នុង​ត្រសាល​ជំនុំ ឲ្យ​បាន​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ នោះ​មិន​ត្រូវ​បរិភោគ​ឡើយ គឺ​ត្រូវ​តែ​ដុត​នឹង​ភ្លើង​វិញ។

សូមអានជំពូកពេញលេញ លេវីវិន័យ 6