1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. បើអ្នកណាធ្វើបាប ហើយប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ា ដោយកុហកដល់អ្នកជិតខាងខ្លួនពីរបស់អ្វីដែលគេបានផ្ញើទុក ឬបញ្ចាំនៅដៃខ្លួន ឬដែលខ្លួនបានលួច ឬដែលបានសង្កត់សង្កិនដល់អ្នកជិតខាង
3. ឬបានរើសរបស់ដែលគេបាត់ ហើយកុហកថា មិនឃើញ ឬស្បថកុហកក្នុងសេចក្ដីណាមួយនេះ ដែលមនុស្សតែងប្រព្រឹត្តទាំងធ្វើបាបដូច្នោះ
4. បើអ្នកនោះបានប្រព្រឹត្ត ហើយមានទោសដូច្នោះ នោះត្រូវឲ្យសងរបស់ដែលខ្លួនបានលួច បានកំហែងយក ដែលគេបានផ្ញើទុកនឹងខ្លួន ឬរបស់បាត់ដែលខ្លួនបានឃើញ
5. និងរបស់អ្វីដែលខ្លួនប្រកែក ដោយស្បថកុហកថា មិនបានដឹង គឺត្រូវសងទាំងអស់ ព្រមទាំងបន្ថែម១ភាគក្នុង៥ផង ដល់ម្ចាស់របស់នោះ ក្នុងថ្ងៃដែលឃើញថា មានទោស ដូច្នោះហើយ