គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 6:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. បើ​អ្នក​ណា​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​កុហក​ដល់​អ្នក​ជិត​ខាង​ខ្លួន​ពី​របស់​អ្វី​ដែល​គេ​បាន​ផ្ញើ​ទុក ឬ​បញ្ចាំ​នៅ​ដៃ​ខ្លួន ឬ​ដែល​ខ្លួន​បាន​លួច ឬ​ដែល​បាន​សង្កត់‌សង្កិន​ដល់​អ្នក​ជិត​ខាង

3. ឬ​បាន​រើស​របស់​ដែល​គេ​បាត់ ហើយ​កុហក​ថា មិន​ឃើញ ឬ​ស្បថ​កុហក​ក្នុង​សេចក្ដី​ណា​មួយ​នេះ ដែល​មនុស្ស​តែង​ប្រព្រឹត្ត​ទាំង​ធ្វើ​បាប​ដូច្នោះ

4. បើ​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​មាន​ទោស​ដូច្នោះ នោះ​ត្រូវ​ឲ្យ​សង​របស់​ដែល​ខ្លួន​បាន​លួច បាន​កំហែង​យក ដែល​គេ​បាន​ផ្ញើ​ទុក​នឹង​ខ្លួន ឬ​របស់​បាត់​ដែល​ខ្លួន​បាន​ឃើញ

5. និង​របស់​អ្វី​ដែល​ខ្លួន​ប្រកែក ដោយ​ស្បថ​កុហក​ថា មិន​បាន​ដឹង គឺ​ត្រូវ​សង​ទាំង​អស់ ព្រម​ទាំង​បន្ថែម​១​ភាគ​ក្នុង​៥​ផង ដល់​ម្ចាស់​របស់​នោះ ក្នុង​ថ្ងៃ​ដែល​ឃើញ​ថា មាន​ទោស ដូច្នោះ​ហើយ

6. រួច​ត្រូវ​យក​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង​របស់​ខ្លួន មក​ប្រគល់​ដល់​សង្ឃ សំរាប់​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ ទុក​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង

7. ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​អ្នក​នោះ​នឹង​រួច​ចាក​ទោស ចំពោះ​ការ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​មាន​ទោស​ដោយ​ប្រព្រឹត្ត​នោះ។

8. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

9. ចូរ​បង្គាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក​ថា នោះ​ជា​របៀប​ដង្វាយ​ដុត គឺ​ដង្វាយ​នេះ​ត្រូវ​តែ​នៅ​លើ​ជើង‌ក្រាន​នៃ​អាសនា​ពេញ​១​យប់​ទាល់​ព្រឹក ហើយ​ភ្លើង​ដែល​នៅ​លើ​អាសនា​ក៏​ត្រូវ​តែ​ឆេះ​នៅ​ជានិច្ច​ដែរ

10. ឯ​សង្ឃ​ត្រូវ​ឲ្យ​ពាក់​អាវ​ខ្លូត‌ទេស ហើយ​ស្លៀក​ខោ​ខ្លូត‌ទេស ទៅ​កើប​ផែះ​ដែល​ភ្លើង​បាន​ឆេះ​ដង្វាយ​នៅ​លើ​អាសនា ហើយ​ដាក់​នៅ​ក្បែរ​អាសនា​សិន

11. រួច​ដោះ​សំលៀក‌បំពាក់​នោះ​ចេញ ស្លៀក‌ពាក់​បន្លាស់​ឯ​ទៀត យក​ផេះ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ចាក់​នៅ​កន្លែង​ស្អាត

12. ឯ​ភ្លើង​នៅ​លើ​អាសនា នោះ​ត្រូវ​តែ​ឆេះ​នៅ​ជានិច្ច​ឥត​រលត់​ឡើយ រាល់​តែ​ព្រឹក​ត្រូវ​ឲ្យ​សង្ឃ​ដាក់​ឧស​នៅ​លើ​នោះ រួច​រៀប​ដង្វាយ​ដុត​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​ដង្វាយ​មេត្រី​ផង

13. ត្រូវ​តែ​មាន​ភ្លើង​ឆេះ​នៅ​ជានិច្ច​លើ​អាសនា មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។

14. នេះ​ជា​របៀប​ដង្វាយ​ម្សៅ គឺ​ពួក​កូន​អើរ៉ុន​ត្រូវ​ថ្វាយ​ដង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​លើ​អាសនា​ប៉ែក​ខាង​មុខ

15. ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​១​ក្តាប់​ជា​មួយ​នឹង​ប្រេង​ខ្លះ ហើយ​នឹង​កំញាន​ដែល​នៅ​លើ​ដង្វាយ​ម្សៅ​នោះ​ដុត​ទាំង​អស់ សំរាប់​ជា​ក្លិន​ឈ្ងុយ នៅ​លើ​អាសនា ទុក​ជា​ទី​រំឭក​ដល់​ព្រះ‌យេហូវ៉ា

16. ឯ​ម្សៅ​ទាំង​ប៉ុន្មាន​ដែល​សល់​នៅ នោះ​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​បរិភោគ ដោយ​ឥត​មាន​ដំបែ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​ត្រូវ​បរិភោគ​នៅ​ទី​លាន​ផង​ត្រសាល​ជំនុំ

សូមអានជំពូកពេញលេញ លេវីវិន័យ 6