គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 5:11-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. បើ​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​លលក​២ ឬ​ព្រាប​ជំទើរ​២​បាន​ទេ នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង មក​ទុក​ជា​ដង្វាយ​លោះ​បាប ដោយ​ព្រោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ទេ ដ្បិត​ជា​ដង្វាយ​សំរាប់​លោះ​បាប

12. ត្រូវ​ឲ្យ​អ្នក​នោះ​នាំ​យក​ទៅ​ឯ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​យក​១​ក្តាប់ ទុក​ជា​ទី​រំឭក​ទៅ​ដុត​លើ​អាសនា តាម​របៀប​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប

13. ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ចំពោះ​ការ​ដែល​បាន​ប្រព្រឹត្ត​រំលង​ក្នុង​បទ​ណា​មួយ​នោះ រួច​អ្នក​នោះ​នឹង​បាន​រួច​ចាក​ទោស ឯ​ម្សៅ​ដែល​នៅ​សល់ នោះ​ត្រូវ​បាន​សំរាប់​សង្ឃ​វិញ ដូច​ជា​ក្នុង​ដង្វាយ​ម្សៅ​ដែរ។

14. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ថា

15. បើ​អ្នក​ណា​ប្រព្រឹត្ត​រំលង​ច្បាប់ ដោយ​ធ្វើ​បាប​ចំពោះ​របស់​បរិសុទ្ធ​នៃ​ព្រះ‌យេហូវ៉ា ដោយ​ឥត​បាន​ដឹង នោះ​ត្រូវ​នាំ​យក​ដង្វាយ​ដែល​សំរាប់​ការ​រំលង​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ​ប្រាក់ ជា​ប្រាក់​រៀល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ សំរាប់​ជា​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង

16. ហើយ​ត្រូវ​សង​តាម​ដំឡៃ​ចំពោះ​របស់​បរិសុទ្ធ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រំលង​នោះ ព្រម​ទាំង​ថែម​១​ភាគ​ក្នុង​៥​ផង ប្រគល់​ទៅ​ឲ្យ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ចៀម​ឈ្មោល​នោះ​ទុក​ជា​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដើម្បី​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​នឹង​បាប​រួច​ចាក​ទោស​ហើយ។

17. បើ​អ្នក​ណា​ធ្វើ​បាប ដោយ​ប្រព្រឹត្ត​ការ​អ្វី ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​មិន​ឲ្យ​ធ្វើ ទោះ​បើ​មិន​បាន​ដឹង​ក៏​ដោយ គង់​តែ​អ្នក​នោះ​មាន​ទោស ហើយ​ត្រូវ​ទ្រាំទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន

18. ត្រូវ​ឲ្យ​អ្នក​នោះ​យក​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ មក​ប្រគល់​ដល់​សង្ឃ​តាម​ដែល​គិត​ថ្លៃ សំរាប់​ជា​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​ការ​កំហុស ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ដោយ​ឥត​ដឹង រួច​អ្នក​នោះ​នឹង​បាន​រួច​ចាក​ទោស

19. នេះ​ហើយ​ជា​ដង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង ដ្បិត​ពិត​ជា​អ្នក​នោះ​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​មែន​ហើយ។

សូមអានជំពូកពេញលេញ លេវីវិន័យ 5