គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 5:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​ដែល​បាន​ទទួល​ស្បថ ធ្វើ​ជា​ស្មរ‌បន្ទាល់​ហើយ នោះ​បើ​អ្នក​ណា​ធ្វើ​បាប ដោយ​មិន​ព្រម​ឆ្លើយ​ប្រាប់​អំពី​ការ​ដែល​ខ្លួន​បាន​ឃើញ​ឬ​ដឹង អ្នក​នោះ​ឈ្មោះ​ថា​មាន​ទោស​វិញ

2. ឬ​បើ​អ្នក​ណា​ប៉ះពាល់​នឹង​របស់​ស្មោក‌គ្រោក​ណា​មួយ ជា​ខ្មោច​សត្វ​ដែល​មិន​ស្អាត ទោះ​បើ​ជា​សត្វ​ព្រៃ សត្វ​ស្រុក ឬ​សត្វ​លូន​វារ ដោយ​មិន​បាន​ដឹង ហើយ​ខ្លួន​ក៏​បាន​ទៅ​ជា​មិន​ស្អាត​ដែរ នោះ​ឈ្មោះ​ថា​មាន​ទោស​ហើយ

3. ឬ​បើ​បាន​ប៉ះពាល់​នឹង​សេចក្ដី​ស្មោក‌គ្រោក​របស់​មនុស្ស ទោះ​បើ​ជា​សេចក្ដី​មិន​ស្អាត​យ៉ាង​ណា​ក៏​ដោយ ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត​បាន ដោយ​ឥត​ដឹង​ខ្លួន បើ​កាល​ណា​ដឹង​វិញ នោះ​មាន​ទោស​ហើយ

4. ឬ​បើ​អ្នក​ណា​ស្បថ​លេង​ថា នឹង​ប្រព្រឹត្ត​ការ​អាក្រក់ ឬ​ល្អ​ក្តី ទោះ​បើ​សេចក្ដី​អ្វី​ក៏​ដោយ ដែល​មនុស្ស​នឹង​ស្បថ ដោយ​ឥត​បើ​គិត ហើយ​មិន​បាន​ដឹង​ខ្លួន​សោះ បើ​កាល​ណា​ដឹង​វិញ នោះ​នឹង​មាន​ទោស​ក្នុង​បទ​ណា​មួយ​នោះ​ជា​មិន​ខាន

5. ដូច្នេះ បើ​អ្នក​ណា​មាន​ទោស​ក្នុង​បទ​ណា​មួយ​យ៉ាង​នោះ ត្រូវ​ឲ្យ​លន់‌តួ​ចំពោះ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ចុះ

6. ហើយ​ត្រូវ​នាំ​យក​ដង្វាយ ដែល​សំរាប់​ការ​រំលង​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត គឺ​ជា​សត្វ​ញី​១​ពី​ហ្វូង​ចៀម ឬ​ពពែ សំរាប់​ជា​ដង្វាយ​លោះ​បាប រួច​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ។

7. បើ​សិន​ជា​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​កូន​ចៀម​១​បាន នោះ​ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ មក​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​សំរាប់​ការ​រំលង​របស់​ខ្លួន ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត​នោះ​វិញ គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​១​សំរាប់​ជា​ដង្វាយ​ដុត

8. ត្រូវ​ឲ្យ​នាំ​យក​សត្វ​នោះ​ទៅ​ឯ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​១ ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប ជា​មុន​ដំបូង ដោយ​ក្តិច​បណ្តាច់​ក្បាល​ចេញ​ពី​ក តែ​មិន​ត្រូវ​ពុះ​ជា​២​ឡើយ

9. រួច​ប្រោះ​ឈាម​នៃ​ដង្វាយ​លោះ​បាប​នោះ​នៅ​ចំហៀង​អាសនា ហើយ​ត្រូវ​សំរក់​ឈាម​ដែល​សល់​ទាំង​ប៉ុន្មាន​នៅ​ជើង​អាសនា​វិញ នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប

10. ឯ​សត្វ​ទី​២ នោះ​ត្រូវ​ថ្វាយ​ជា​ដង្វាយ​ដុត​តាម​ទំលាប់ ដូច្នេះ ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​អ្នក​នោះ​នឹង​បាន​រួច​ចាក​ទោស។

11. បើ​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​លលក​២ ឬ​ព្រាប​ជំទើរ​២​បាន​ទេ នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង មក​ទុក​ជា​ដង្វាយ​លោះ​បាប ដោយ​ព្រោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ទេ ដ្បិត​ជា​ដង្វាយ​សំរាប់​លោះ​បាប

សូមអានជំពូកពេញលេញ លេវីវិន័យ 5