គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 4:13-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ឬ​បើ​ជា​ពួក​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​ប្រព្រឹត្ត​ការ​កំហុស​អ្វី​ដោយ​ឥត​ដឹង ហើយ​ការ​នោះ​បាន​កំបាំង​នឹង​ភ្នែក​ពួក​ជំនុំ ដែល​រំលង​ចំពោះ​បញ្ញត្ត​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ

14. កាល​ណា​គេ​ដឹង​ពី​អំពើ​បាប​ដែល​បាន​ប្រព្រឹត្ត​រំលង​ហើយ នោះ​ត្រូវ​ឲ្យ​ពួក​ជំនុំ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​១​ទុក​ជា​ដង្វាយ​លោះ​បាប ត្រូវ​នាំ​ទៅ​ឯ​មុខ​ត្រសាល​ជំនុំ

15. ហើយ​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ ដាក់​ដៃ​លើ​ក្បាល​គោ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​សំឡាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ

16. នោះ​ត្រូវ​ឲ្យ​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ យក​ឈាម​គោ​នោះ​ទៅ​ក្នុង​ត្រសាល​ជំនុំ

17. ហើយ​ជ្រលក់​ម្រាម​ដៃ​ចុះ​ក្នុង​ឈាម​រលាស់​៧​ដង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មុខ​វាំង‌នន

18. រួច​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ខាង​ក្នុង​ត្រសាល​ជំនុំ ហើយ​ត្រូវ​ចាក់​ឈាម​ទាំង​អស់ នា​ជើង​អាសនា​ដង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

19. ឯ​ខ្លាញ់​គោ​នោះ​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ​ទៅ​ដុត​នៅ​លើ​អាសនា

20. ត្រូវ​ឲ្យ​ធ្វើ​នឹង​គោ​នេះ​ដូច​ជា​បាន​ធ្វើ​ចំពោះ​គោ​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​ដែរ គឺ​ត្រូវ​ធ្វើ​ដូច​គ្នា​ទាំង​២ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ទាំង​អស់​គ្នា នោះ​នឹង​រួច​ចាក​ទោស​ហើយ

21. រួច​ត្រូវ​ឲ្យ​សង្ឃ​នាំ​យក​គោ​នោះ ទៅ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ដូច​ជា​បាន​ដុត​គោ​មុន​ដែរ នេះ​គឺ​ជា​ដង្វាយ​លោះ​បាប​សំរាប់​ពួក​ជំនុំ។

22. បើ​នាម៉ឺន​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ទ្រង់​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ

23. បើ​សិន​ជា​អ្នក​ណា​ប្រាប់​ឲ្យ​លោក​ជ្រាប​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​លោក​ត្រូវ​នាំ​យក​ពពែ​ឈ្មោល​១ ដែល​ឥត​ខ្ចោះ មក​សំរាប់​ជា​ដង្វាយ​របស់​ខ្លួន

24. រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សំឡាប់​នៅ​កន្លែង​ដែល​គេ​តែង​សំឡាប់​សត្វ សំរាប់​ជា​ដង្វាយ​ដុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប

25. ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប​នោះ ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​នៅ​ត្រង់​ជើង​អាសនា​ដង្វាយ​ដុត​នោះ

26. ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ដុត​នៅ​លើ​អាសនា ដូច​ជា​ខ្លាញ់​របស់​យញ្ញ‌បូជា​ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​ចំពោះ​បាប​ដែល​លោក​បាន​ធ្វើ នោះ​លោក​នឹង​បាន​រួច​ចាក​ទោស​ហើយ។

27. ឬ​បើ​អ្នក​ស្រុក​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម‌ប្រាម មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ

សូមអានជំពូកពេញលេញ លេវីវិន័យ 4