ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ដង្វាយ​មេត្រី

1. បើ​សិន​ជា​ដង្វាយ​របស់​អ្នក​នោះ​ជា​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី បើ​គេ​ថ្វាយ​គោ ទោះ​ឈ្មោល ឬ​ញី​ក្តី នោះ​ត្រូវ​ឲ្យ​ថ្វាយ​សត្វ​១​ដែល​ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

2. ត្រូវ​ដាក់​ដៃ​លើ​ក្បាល​នៃ​សត្វ​នោះ រួច​សំឡាប់​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ត្រូវ​ឲ្យ​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា

3. ហើយ​ត្រូវ​យក​១​ចំណែក​អំពី​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​នោះ​ទៅ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង

4. ព្រម​ទាំង​អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង

5. រួច​ពួក​កូន​អើរ៉ុន នឹង​ដុត​របស់​ទាំង​នោះ​នៅ​លើ​ដង្វាយ​ដុត ដែល​កំពុង​តែ​ឆេះ​លើ​ឧស​នៅ​លើ​អាសនា គឺ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

6. បើ​សិន​ជា​ដង្វាយ ដែល​អ្នក​នោះ​ថ្វាយ ដល់​ព្រះ‌យេហូវ៉ា សំរាប់​ជា​យញ្ញ‌បូជា​ខាង​ឯ​ដង្វាយ​មេត្រី បាន​យក​ពី​ហ្វូង​សត្វ​តូច​វិញ ទោះ​ឈ្មោល ឬ​ញី​ក្តី នោះ​ត្រូវ​ឲ្យ​ថ្វាយ​សត្វ​១​ដែល​ឥត​ខ្ចោះ

7. បើ​គេ​ថ្វាយ​កូន​ចៀម នោះ​ត្រូវ​ឲ្យ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

8. ត្រូវ​ឲ្យ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ រួច​សំឡាប់​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ត្រូវ​ឲ្យ​ពួក​កូន​អើរ៉ុន​ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា

9. ក៏​ត្រូវ​យក​១​ចំណែក អំពី​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​នោះ ទៅ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់ និង​កន្ទុយ​ទាំង​មូល​ដែល​ត្រូវ​កាត់​ចេញ​ត្រឹម​ឆ្អឹង​ខ្នង និង​ខ្លាញ់​រុំ​អាការៈ​ខាង​ក្នុង ហើយ​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង

10. ព្រម​ទាំង​អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង

11. រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​របស់​ទាំង​នោះ នៅ​លើ​អាសនា នេះ​ហើយ​ជា​ព្រះ‌ស្ងោយ​នៃ​ដង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។

12. បើ​គេ​ថ្វាយ​ពពែ នោះ​ត្រូវ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

13. ត្រូវ​ដាក់​ដៃ​លើ​ក្បាល រួច​សំឡាប់​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ពួក​កូន​អើរ៉ុន​ត្រូវ​ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា

14. ក៏​ត្រូវ​យក​១​ចំណែក​ពី​ដង្វាយ នោះ​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង

15. ព្រម​ទាំង​អង្គញ់​ទាំង​២ ហើយ​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ និង​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង

16. រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​របស់​ទាំង​នោះ​នៅ​លើ​អាសនា នេះ​ហើយ​ជា​ព្រះ‌ស្ងោយ​នៃ​ដង្វាយ​ដែល​ដុត​ថ្វាយ​សំរាប់​ក្លិន​ឈ្ងុយ ដ្បិត​ខ្លាញ់​ទាំង​អស់​នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា

17. នេះ​ជា​ច្បាប់​នៅ​អស់​កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត​ទៅ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​រាល់​គ្នា​តាំង​នៅ​ទី​លំនៅ គឺ​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​ខ្លាញ់​ឬ​ឈាម​ឡើយ។