គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 27:26-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. ឯ​កូន​ច្បង​ដែល​កើត​ក្នុង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន គឺ​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា​ស្រាប់ ហើយ​គ្មាន​អ្នក​ណា​នឹង​ញែក​ទុក​ជា​បរិសុទ្ធ សំរាប់​ព្រះ‌យេហូវ៉ា​បាន​ឡើយ ទោះ​បើ​ជា​គោ ឬ​ចៀម​ក្តី ដ្បិត​សត្វ​នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ហើយ

27. បើ​ជា​កូន​របស់​សត្វ​ដែល​មិន​ស្អាត នោះ​ត្រូវ​ឲ្យ​គេ​លោះ តាម​ដំឡៃ​ដែល​ឯង​គិត​សំរេច ហើយ​ត្រូវ​ថែម​១​ភាគ​ក្នុង​៥​លើស​ទៅ​ទៀត ឬ​បើ​គេ​មិន​លោះ​ទេ នោះ​ត្រូវ​ឲ្យ​លក់​ទៅ​តាម​ដំឡៃ​ដែល​ឯង​គិត​នោះ។

28. ប៉ុន្តែ​ឯ​របស់​ដែល​បាន​ថ្វាយ​ដាច់​ទៅ​ហើយ គឺ​ដែល​អ្នក​ណា​ថ្វាយ​ដាច់​ដល់​ព្រះ‌យេហូវ៉ា ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​ប៉ុន្មាន ទោះ​ជា​មនុស្ស ឬ​សត្វ ឬ​ស្រែ​ចំការ​ដែល​ជា​កេរ‌អាករ​ខ្លួន​ក្តី នោះ​នឹង​លក់ ឬ​លោះ​វិញ មិន​បាន​ឡើយ គ្រប់​ទាំង​របស់​អ្វី​ដែល​ថ្វាយ​ដាច់​ហើយ នោះ​ត្រូវ​ទុក​ជា​បរិសុទ្ធ​បំផុត​សំរាប់​ព្រះ‌យេហូវ៉ា

29. ឯ​អ្នក​ណា​ក្នុង​ពួក​មនុស្ស​ដែល​បាន​ថ្វាយ​ដាច់​ហើយ នោះ​នឹង​លោះ​ចេញ​វិញ​មិន​បាន​ឡើយ គឺ​ត្រូវ​នៅ​រហូត​ដល់​ស្លាប់។

30. ហើយ​ផល​ពី​ដី​១​ភាគ​ក្នុង​១០ ទោះ​បើ​ជា​ផល​ដែល​កើត​ពី​ដី ឬ​ជា​ផ្លែ​ឈើ នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​តែ​បាន​ទុក​ជា​បរិសុទ្ធ​សំរាប់​ទ្រង់

31. បើ​អ្នក​ណា​ចង់​លោះ​អ្វី​ពី​១​ភាគ​ក្នុង​១០​ដែល​ខ្លួន​ថ្វាយ នោះ​ត្រូវ​ឲ្យ​ថែម​១​ភាគ​ក្នុង​៥​លើស​ទៅ​ទៀត

32. ឯ​ហ្វូង​សត្វ​ធំ ឬ​តូច​១​ភាគ​ក្នុង​១០ គឺ​សត្វ​ណា​ក៏​ដោយ​ដែល​ចូល​ទៅ​ក្រោម​ដំបង នោះ​ត្រូវ​ជា​ដង្វាយ​១​ភាគ​ក្នុង​១០​ទុក​ជា​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា

33. មិន​ត្រូវ​ឲ្យ​ពិនិត្យ​មើល​ពី​សត្វ​នោះ​ល្អ ឬ​អាក្រក់​ទេ ក៏​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដែរ តែ​បើ​ចង់​ប្តូរ​វិញ នោះ​ទាំង​សត្វ​ដើម នឹង​សត្វ​ដែល​យក​មក​ប្តូរ ត្រូវ​បាន​បរិសុទ្ធ​ដូច​គ្នា សត្វ​ទាំង​នោះ​នឹង​លោះ​វិញ​ពុំ​បាន​ឡើយ។

34. នេះ​ហើយ​ជា​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ត្រង់​ភ្នំ​ស៊ី‌ណាយ សំរាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។:៚

សូមអានជំពូកពេញលេញ លេវីវិន័យ 27