គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 27:2-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​មនុស្ស​ណា​បន់​បំណន់ បើ​របស់​ដែល​សន្យា​ថ្វាយ​ជា​មនុស្ស នោះ​ត្រូវ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​តាម​ដែល​ឯង​គិត​ថ្លៃ

3. ឯ​មនុស្ស​ប្រុស​ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​រហូត​ដល់​៦០​ឆ្នាំ នោះ​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​៥០​រៀល តាម​ប្រាក់​រៀល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ

4. បើ​ជា​ស្រី​វិញ ត្រូវ​គិត​ថ្លៃ​៣០​រៀល

5. បើ​មនុស្ស​នោះ​មាន​អាយុ​ចាប់​តាំង​ពី​៥​ឆ្នាំ​រហូត​ដល់​២០​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​២០​រៀល ស្រី​១០​រៀល

6. បើ​មាន​អាយុ​ចាប់​តាំង​ពី​១​ខែ​រហូត​ដល់​៥​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​៥​រៀល ស្រី​៣​រៀល

7. បើ​មាន​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ខាង​ឯ​ប្រុស ត្រូវ​គិត​ថ្លៃ​ជា​១៥​រៀល ស្រី​១០​រៀល

8. តែ​បើ​អ្នក​នោះ​ក្រ​ពេក គ្មាន​ល្មម​នឹង​សង​តាម​ដំឡៃ​ដែល​ឯង​គិត នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​គិត​ថ្លៃ តាម​កំឡាំង​របស់​អ្នក​ដែល​ជាប់​បំណន់​នោះ​វិញ។

9. បើ​ជា​សត្វ​វិញ គឺ​ជា​សត្វ​ដែល​គេ​តែង​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​គ្រប់​ទាំង​ដង្វាយ​យ៉ាង​នោះ​ដែល​អ្នក​ណា​ថ្វាយ ត្រូវ​ញែក​ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះ‌យេហូវ៉ា

10. និង​ផ្លាស់​ប្តូរ​សត្វ​ល្អ​នឹង​សត្វ​អាក្រក់ ឬ​អាក្រក់​នឹង​ល្អ​មិន​បាន​ឡើយ ឬ​បើ​សិន​ជា​គេ​ចង់​ប្តូរ​សត្វ​នឹង​សត្វ​យ៉ាង​ណា នោះ​ទាំង​សត្វ​ដើម និង​សត្វ​ដែល​យក​មក​ប្តូរ ក៏​ត្រូវ​បាន​ញែក​ទុក​ជា​បរិសុទ្ធ​ទាំង​២​រូប

11. បើ​ជា​សត្វ​ណា​មិន​ស្អាត ដែល​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ

12. ត្រូវ​ឲ្យ​សង្ឃ​គិត​តាម​ដំឡៃ​ដែល​សត្វ​នោះ​ល្អ ឬ​អាក្រក់ ហើយ​ដំឡៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​លោក​ដ៏​ជា​សង្ឃ​គិត​ឲ្យ​ពិត

13. តែ​បើ​គេ​ចង់​លោះ​ចេញ​វិញ នោះ​ត្រូវ​ឲ្យ​ថែម​១​ភាគ​ក្នុង​៥ លើ​ដំឡៃ​ដែល​ឯង​បាន​គិត​នោះ​ទៀត។

14. បើ​មនុស្ស​ណា​ចង់​ញែក​ផ្ទះ​ខ្លួន ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​សង្ឃ​គិត​តាម​ដំឡៃ​ផ្ទះ​នោះ​ដែល​ល្អ​ឬ​អាក្រក់ ហើយ​ដំឡៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​សង្ឃ​គិត​ឲ្យ​ពិត

15. តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ផ្ទះ​ចង់​លោះ​មក​វិញ នោះ​ត្រូវ​ឲ្យ​ថែម​ជា​ប្រាក់​១​ភាគ​ក្នុង​៥​លើស​ពី​ថ្លៃ​ដែល​បាន​គិត​ហើយ រួច​ផ្ទះ​នោះ​នឹង​បាន​ជា​របស់​ផង​អ្នក​នោះ​វិញ។

16. បើ​មនុស្ស​ណា​ចង់​ញែក​ស្រែ ជា​កេរ​របស់​ខ្លួន​១​ចំណែក​ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​ឯង​គិត​តាម​ដំឡៃ​ដែល​សាប‌ព្រោះ​បាន បើ​ព្រោះ​ស្រូវ​១០​ថាំង នោះ​ត្រូវ​គិត​ជា​ប្រាក់​៥០​រៀល

សូមអានជំពូកពេញលេញ លេវីវិន័យ 27