គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 26:7-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ឯង​រាល់​គ្នា​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​ឯង

8. ពួក​ឯង​តែ​៥​នឹង​ដេញ​គេ​ដល់​ទៅ​១០០​នាក់ ហើយ​ពួក​ឯង​១០០​នឹង​ដេញ​គេ ដល់​ទៅ​១​ម៉ឺន​នាក់​ក៏​បាន​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង នឹង​ដួល​ដោយ​ដាវ នៅ​មុខ​ឯង

9. អញ​នឹង​ជួយ​ទំនុក‌បំរុង​ឯង​រាល់​គ្នា ឲ្យ​បាន​បង្កើត​កូន​ចំរើន​ជា​ច្រើន​ឡើង ហើយ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​រាល់​គ្នា​ដែរ

10. ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ចាស់​ដរាប​ដល់​ផល​ថ្មី​ចូល​មក នោះ​នឹង​ត្រូវ​យក​ផល​ចាស់​ចេញ ឲ្យ​បាន​កន្លែង​ដាក់​ផល​ថ្មី​វិញ

11. អញ​នឹង​តាំង​ទី​លំនៅ​របស់​អញ​នៅ​កណ្តាល​ឯង​រាល់​គ្នា ឥត​ដែល​មាន​សេចក្ដី​ខ្ពើម​ដល់​ឯង​រាល់​គ្នា​ឡើយ

12. អញ​នឹង​ដើរ​នៅ​កណ្តាល​ពួក​ឯង ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ

13. អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​បាវ​បំរើ​របស់​គេ​ទៀត អញ​បាន​បំបាក់​កាំ​នឹម​របស់​ឯង​រាល់​គ្នា​ចេញ ហើយ​បាន​នាំ​ឲ្យ​ដើរ​ដោយ​ត្រង់​ខ្លួន​ឡើង​វិញ។

14. តែ​បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត​របស់​អញ​ទាំង​នេះ

15. ដោយ​មើល‌ងាយ​ដល់​អស់​ទាំង​ច្បាប់​អញ ហើយ​ខ្ពើម​ក្រឹត្យ‌ក្រម​របស់​អញ ដល់​ម៉្លេះ​បាន​ជា​មិន​ព្រម​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​នេះ គឺ​ឯង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ​ចេញ​វិញ

16. នោះ​អញ​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​ដំរូវ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ឯង​រាល់​គ្នា ជា​ជំងឺ​រីងរៃ និង​គ្រុន​ក្តៅ ដែល​នឹង​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​នឹង​នាំ​ឲ្យ​មាន​ចិត្ត​វេទនា ឯង​រាល់​គ្នា​នឹង​សាប‌ព្រោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ខ្មាំង​សត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ

17. អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ ពួក​អ្នក​ដែល​ស្អប់​ឯង គេ​នឹង​ត្រួត‌ត្រា​លើ​ឯង ហើយ​ឯង​នឹង​រត់​ទៅ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង។

18. បើ​ឯង​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​អញ​ទៀត នោះ​អញ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង

19. អញ​នឹង​បំបាត់​សេចក្ដី​អំនួត​ដែល​ឯង​អួត​ពី​អំណាច​ខ្លួន ក៏​នឹង​ឲ្យ​មេឃ​ដែល​នៅ​ពី​លើ​ឯង​ប្រែ​ទៅ​ដូច​ជា​ដែក ហើយ​ដី​របស់​ឯង​ដូច​ជា​លង្ហិន

20. នោះ​ឯង​រាល់​គ្នា​នឹង​បង្អស់​កំឡាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​ឯង​នឹង​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។

21. បើ​ឯង​រាល់​គ្នា​នៅ​តែ​ដើរ​ទទឹង​នឹង​អញ ហើយ​មិន​ព្រម​ស្តាប់​តាម នោះ​អញ​នឹង​នាំ​ឲ្យ​ឯង​មាន​សេចក្ដី​វេទនា​៧​ដង​លើស​ទៅ​ទៀត តាម​អំពើ​បាប​របស់​ឯង

សូមអានជំពូកពេញលេញ លេវីវិន័យ 26