គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 24:6-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ហើយ​ត្រូវ​ដំរៀប​នំ​ទាំង​នោះ​ជា​២​ជួរ ក្នុង​១​ជួរ​មាន​៦ នៅ​លើ​តុ​មាស​សុទ្ធ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

7. រួច​ត្រូវ​ដាក់​កំញាន​សុទ្ធ​ពី​លើ​នំ​ទាំង​២​ជួន​នោះ ឲ្យ​បាន​ទុក​ជា​នំបុ័ង​រំឭក គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា

8. រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ត្រូវ​ឲ្យ​លោក​ដំរៀប​នំ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច ទុក​ជា​ដង្វាយ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នេះ​ហើយ​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច

9. នំ​ទាំង​នោះ​ត្រូវ​បាន​ជា​ចំណែក​អើរ៉ុន និង​ពួក​កូន​លោក គេ​ត្រូវ​បរិភោគ​នៅ​ទី​កន្លែង​បរិសុទ្ធ ដ្បិត​ជា​របស់​បរិសុទ្ធ​បំផុត សំរាប់​ពួក​លោក ពី​ក្នុង​អស់​ទាំង​ដង្វាយ​ដែល​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា តាម​ច្បាប់​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច។

10. នៅ​គ្រា​នោះ មាន​កូន​ប្រុស​របស់​ស្ត្រី​សាសន៍​អ៊ីស្រា‌អែល​ម្នាក់ ដែល​ឪពុក​ជា​សាសន៍​អេស៊ីព្ទ បាន​ចេញ​ទៅ​កណ្តាល​ជំនុំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឈ្លោះ​គ្នា​នឹង​មនុស្ស​សាសន៍​អ៊ីស្រា‌អែល​ម្នាក់​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល

11. កូន​របស់​ស្ត្រី​សាសន៍​អ៊ីស្រា‌អែល​នោះ​ក៏​ប្រមាថ​ដល់​ព្រះ‌នាម​នៃ​ព្រះ ព្រម​ទាំង​ជេរ​ប្រទេច​ផង ដូច្នេះ គេ​នាំ​មក​ឯ​ម៉ូសេ (ឯ​ម្តាយ​របស់​អ្នក​នោះ ឈ្មោះ​សឡូមិត ជា​កូន​ឌីបរី ក្នុង​ពូជ​អំបូរ​ដាន់)

12. ហើយ​គេ​ឃុំ​ទុក ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សំរេច​ពី​ដំណើរ​នោះ។

13. ព្រះ​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

14. ចូរ​នាំ​អ្នក ដែល​បាន​ជេរ​ប្រទេច​នោះ ចេញ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល ហើយ​អស់​អ្នក​ដែល​បាន​ឮ នោះ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​វា រួច​ត្រូវ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ចោល​វា​នឹង​ថ្ម​ទៅ

15. ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អស់​អ្នក​ណា​ដែល​នឹង​ត្រូវ​ជេរ​ប្រទេច​ដល់​ព្រះ​នៃ​ខ្លួន នោះ​ត្រូវ​ទ្រាំទ្រ​នឹង​អំពើ​បាប​របស់​ខ្លួន​ទៅ

16. ហើយ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​សំឡាប់​ជា​កុំ​ខាន ពួក​ជំនុំ​ទាំង​អស់​គ្នា​ត្រូវ​ចោល​នឹង​ថ្ម​ជា​កុំ​ខាន ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ ឬ​អ្នក​ស្រុក​ក្តី បើ​កាល​ណា​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ​ហើយ នោះ​ត្រូវ​តែ​សំឡាប់​ចេញ។

17. ហើយ​អ្នក​ណា​ដែល​វាយ​មនុស្ស ឲ្យ​ដល់​ស្លាប់ នោះ​ត្រូវ​សំឡាប់​ជា​កុំ​ខាន​ដែរ

18. ឯ​អ្នក​ណា​ដែល​វាយ​សត្វ​ឲ្យ​ដល់​ស្លាប់ នោះ​នឹង​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត

19. បើ​មនុស្ស​ណា​ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​ខ្លួន​មាន​របួស នោះ​គេ​ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​គ្នា​វិញ

20. ត្រូវ​បំបាក់​ឆ្អឹង​ឲ្យ​ធួន​នឹង​ឆ្អឹង​ដែល​បាក់ ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​ជា​ខ្លួន​បាន​ធ្វើ​គេ​ដែរ

21. បើ​អ្នក​ណា​សំឡាប់​សត្វ នោះ​ត្រូវ​តែ​សង​គេ តែ​បើ​សំឡាប់​មនុស្ស​វិញ នោះ​ត្រូវ​តែ​គេ​សំឡាប់​ខ្លួន​ដែរ

22. ត្រូវ​មាន​ច្បាប់​តែ​១​តែ​ម្យ៉ាង​ប៉ុណ្ណោះ សំរាប់​ទាំង​អ្នក​ស្នាក់​នៅ និង​អ្នក​ស្រុក​ផង ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

23. ដូច្នេះ ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​គេ​ក៏​បាន​នាំ​អ្នក​ដែល​ជេរ​ប្រមាថ​នោះ​ចេញ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល​ចោល​នឹង​ថ្ម​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​សំរេច ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ។

សូមអានជំពូកពេញលេញ លេវីវិន័យ 24