គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 23:2-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ឯ​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ជំនុំ​បរិសុទ្ធ បុណ្យ​អញ​ទាំង​នោះ គឺ​ដូច្នេះ

3. ត្រូវ​ឲ្យ​ធ្វើ​ការ​ក្នុង​រវាង​៦​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ឈប់​ឲ្យ​បាន​សំរាក​សំរាប់​ប្រជុំ​ជំនុំ​បរិសុទ្ធ​វិញ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ដ្បិត​ជា​ថ្ងៃ​ឈប់​សំរាក​របស់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​គ្រប់​ទាំង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា។

4. ឯ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់​នៅ​ពេល​កំណត់​នោះ​ដូច្នេះ

5. គឺ​នៅ​ថ្ងៃ​១៤​ក្នុង​ខែ​ចេត្រ នោះ​ជា​ថ្ងៃ​បុណ្យ​រំលង​ផង​ព្រះ‌យេហូវ៉ា

6. ហើយ​នៅ​ថ្ងៃ​១៥​ក្នុង​ខែ​នោះ​ឯង ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ​ផង​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នំបុ័ង​ឥត​ដំបែ​គ្រប់​៧​ថ្ងៃ

7. នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ

8. តែ​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​៧​ថ្ងៃ ដល់​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។

9. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

10. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​ឯង ហើយ​បាន​ច្រូត​ចំរូត​នៅ​ស្រុក​នោះ នោះ​ត្រូវ​យក​កណ្តាប់​ដែល​ជា​ផល​ដំបូង​ពី​ចំរូត​ឯង​មក​ឯ​សង្ឃ

11. ត្រូវ​ឲ្យ​សង្ឃ​គ្រវី​ថ្វាយ​កណ្តាប់​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ទ្រង់​បាន​ទទួល​ស្នង​ឯង​រាល់​គ្នា គឺ​នឹង​គ្រវី​ថ្វាយ​នៅ​ថ្ងៃ​ក្រោយ​នៃ​ថ្ងៃ​ឈប់​សំរាក

12. ហើយ​នៅ​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​គ្រវី ថ្វាយ​កណ្តាប់​នោះ នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ អាយុ​១​ខួប​មក​ថ្វាយ​ជា​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា

13. ឯ​ដង្វាយ​ម្សៅ​ដែល​សំរាប់​ថ្វាយ​ជា​មួយ នោះ​ត្រូវ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង​លាយ​នឹង​ប្រេង ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដង្វាយ​ច្រួច នោះ​ត្រូវ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​២​កំប៉ុង

14. ឯ​ឯង​រាល់​គ្នា មិន​ត្រូវ​បរិភោគ​នំបុ័ង ឬ​ស្រូវ​លីង ឬ​អង្ករ​ថ្មី ដរាប​ដល់​ថ្ងៃ​នេះ​ឯង ទាល់​តែ​បាន​យក​ដង្វាយ​មក​ថ្វាយ​ព្រះ​នៃ​ឯង​សិន នេះ​ហើយ​ជា​ច្បាប់ សំរាប់​ឯង​រាល់​គ្នា នៅ​គ្រប់​ទី​កន្លែង​ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ។

15. រួច​ចាប់​តាំង​ពី​ថ្ងៃ​ក្រោយ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ពី​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​បាន​យក​កណ្តាប់ មក​ថ្វាយ​ជា​ដង្វាយ​គ្រវី នោះ​ត្រូវ​រាប់​ពេញ​ជា​៧​ថ្ងៃ​ឈប់​សំរាក

16. ត្រូវ​តែ​រាប់​ទៅ​ដល់​ថ្ងៃ​ក្រោយ​ថ្ងៃ​ឈប់​សំរាក​ទី​៧​នោះ គឺ​ទាំង​អស់​ត្រូវ​ជា​៥០​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ម្សៅ​ជា​ថ្មី​ទៀត​ដល់​ព្រះ‌យេហូវ៉ា

17. ត្រូវ​យក​នំបុ័ង​២​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង​ពី​ផ្ទះ​ឯង មក​ថ្វាយ​ជា​ដង្វាយ​គ្រវី នំបុ័ង​នោះ​ត្រូវ​ធ្វើ​ដោយ​លាយ​ដំបែ​សំរាប់​ជា​ដង្វាយ​នៃ​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា

18. ហើយ​ត្រូវ​យក​កូន​ចៀម​៧​ឥត‌ខ្ចោះ​អាយុ​១​ខួប និង​គោ​ឈ្មោល​ស្ទាវ​១ ហើយ​នឹង​ចៀម​ឈ្មោល​២ មក​ថ្វាយ​ព្រម​គ្នា​នឹង​នំបុ័ង​នោះ គឺ​ត្រូវ​ដុត​សត្វ​ទាំង​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​ផង ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ លេវីវិន័យ 23