គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 19:23-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​នៅ​ក្នុង​ស្រុក ហើយ​បាន​ដាំ​ដើម​ឈើ​គ្រប់​មុខ​ឲ្យ​មាន​ផ្លែ​បរិភោគ នោះ​ត្រូវ​ឲ្យ​រាប់​ផ្លែ​ឈើ​នោះ ទុក​ដូច​ជា​មនុស្ស ដែល​មិន​កាត់​ស្បែក គឺ​ត្រូវ​រាប់​ទុក​ដូច​ជា​មិន​បាន​កាត់​ស្បែក​អស់​រវាង​៣​ឆ្នាំ មិន​ត្រូវ​បរិភោគ​ផ្លែ​នោះ​ឡើយ

24. តែ​ដល់​ឆ្នាំ​ទី​៤ ផ្លែ​ឈើ​ទាំង​នោះ​នឹង​បាន​បរិសុទ្ធ​វិញ សំរាប់​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​អរ​សប្បាយ

25. លុះ​ដល់​ឆ្នាំ​ទី​៥ នោះ​នឹង​បរិភោគ​បាន នេះ​ដើម្បី​ដើម​ឈើ​ទាំង​នោះ​បាន​ចំរើន​ផល​ផ្លែ​ឲ្យ​ឯង​រាល់​គ្នា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

26. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​សាច់​ណា​ដែល​ជាប់​មាន​ទាំង​ឈាម​ផង​នោះ​ឡើយ មិន​ត្រូវ​ប្រើ​របៀន​របស់​គ្រូ​អង្គុយ​ធម៌ ឬ​មើល​នក្ខត្ត‌ឫក្ស​ផង

27. មិន​ត្រូវ​កោរ​ក្រឡឹង​សក់​ក្បាល​ជុំវិញ ឬ​កាត់​ដំរឹម​ពុក‌ចង្កា​របស់​ឯង​ឡើយ

28. ក៏​មិន​ត្រូវ​ឆូត​ស្បែក​ដោយ​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ឬ​សាក់​ខ្លួន​ផង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

29. កុំ​ឲ្យ​បង្ខូច​កូន​ស្រី​ឯង ដោយ​ធ្វើ​ឲ្យ​ទៅ​ជា​ស្រី​សំផឹង​ឡើយ ក្រែង​ស្រុក​ឯង​ទៅ​ជា​សហាយ‌ស្មន់​គ្រប់​គ្នា ហើយ​បាន​ពេញ​ជា​សេចក្ដី​អាក្រក់​ជួជាតិ

30. ត្រូវ​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​អញ ហើយ​ត្រូវ​កោត‌ខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​អញ​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

31. កុំ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​គ្រូ​មន្ត‌គាថា​ឡើយ កុំ​ឲ្យ​ពឹង​រក​គេ​ឲ្យ​សោះ ក្រែង​ឯង​ទៅ​ជា​ស្មោក‌គ្រោក​ដោយ‌សារ​គេ​ដែរ អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

សូមអានជំពូកពេញលេញ លេវីវិន័យ 19