គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 19:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. ចូរ​ប្រាប់​ដល់​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​នេះ ដែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា អញ​បរិសុទ្ធ

3. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កោត‌ខ្លាច​ដល់​ឪពុក​ម្តាយ​ឯង​រៀង​ខ្លួន ហើយ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ អញ​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

4. កុំ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ទៅ​តាម​រូប​ព្រះ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ព្រះ​សិត​សំរាប់​ឯង​រាល់​គ្នា​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

5. កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា នៃ​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​ដើម្បី​ឲ្យ​ទ្រង់​បាន​ទទួល​ឯង

6. ត្រូវ​តែ​បរិភោគ​ដង្វាយ​នោះ​នៅ​ថ្ងៃ​ដែល​ថ្វាយ ហើយ​នៅ​ថ្ងៃ​ស្អែក​ក៏​បាន តែ​បើ​មាន​អ្វី​នៅ​សល់​ដល់​ថ្ងៃ​ទី​៣ នោះ​ត្រូវ​ដុត​នឹង​ភ្លើង​វិញ

7. បើ​សិន​ជា​បរិភោគ​ដង្វាយ​នោះ​នៅ​ថ្ងៃ​ទី​៣ នោះ​ជា​សេចក្ដី​ខ្ពើម​ឆ្អើម​ហើយ ទ្រង់​មិន​ទទួល​ដង្វាយ​នោះ​ទេ

8. ហើយ​អស់​អ្នក​ណា​ដែល​បរិភោគ នោះ​នឹង​ត្រូវ​ទ្រាំទ្រ និង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បង្អាប់​ដង្វាយ​បរិសុទ្ធ​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។

9. កាល​ណា​ឯង​រាល់​គ្នា​ច្រូត​ចំរូត​នៅ​ស្រែ នោះ​មិន​ត្រូវ​ច្រូត​ឲ្យ​ដល់​កៀន​ដី​របស់​ឯង​ទាំង​អស់​ទេ ក៏​មិន​ត្រូវ​សន្សំ​រើស​គួរ​ស្រូវ​ដែល​បាន​ជ្រុះ​នោះ​ផង

10. ហើយ​ក៏​មិន​ត្រូវ​សន្សំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ឬ​រើស​ផ្លែ​ដែល​ជ្រុះ​នៅ​ចំការ​របស់​ឯង​ដែរ ត្រូវ​ទុក​សំរាប់​ឲ្យ​ពួក​អ្នក​ក្រ និង​ពួក​អ្នក​ស្នាក់​វិញ អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

11. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​លួច ឬ​ប្រព្រឹត្ត​ឆ‌បោក ឬ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ

12. ហើយ​មិន​ត្រូវ​ស្បថ​បំពាន​ដោយ​នូវ​ឈ្មោះ​អញ ទាំង​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​នៃ​ឯង​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

13. មិន​ត្រូវ​ឲ្យ​ឯង​សង្កត់‌សង្កិន​អ្នក​ជិត​ខាង ឬ​រឹប​ជាន់​គេ​ឡើយ ក៏​មិន​ត្រូវ​ទុក​ឈ្នួល​របស់​ជើង​ឈ្នួល​ឯង​ឲ្យ​នៅ​ដល់​ព្រឹក​ដែរ

14. មិន​ត្រូវ​ជេរ​ប្រមាថ​ចំពោះ​មនុស្ស​ថ្លង់ ឬ​ធ្វើ​អ្វី​ឲ្យ​មនុស្ស​ខ្វាក់​ដួល​នោះ​ឡើយ គឺ​ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

15. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ទុច្ចរិត ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​ឯ​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ឲ្យ​ជំនុំ​ជំរះ​អ្នក​ជិត​ខាង​ឯង​ដោយ​សុចរិត​វិញ

16. មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នក​ជិត​ខាង​ឯង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

17. មិន​ត្រូវ​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន​ឯង​ឡើយ ក៏​កុំ​ឲ្យ​ខាន​នឹង​បន្ទោស​ដល់​អ្នក​ជិត​ខាង​ឯង​ដែរ ដើម្បី​កុំ​ឲ្យ​ជាប់​មាន​បាប​ដោយ​ព្រោះ​គេ

សូមអានជំពូកពេញលេញ លេវីវិន័យ 19