ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ក្រឹត្យ‌វិន័យ​ផ្សេងៗ​ស្តី​អំពី​ភាព​បរិសុទ្ធ

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អញ​នេះ​គឺ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

3. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នោះ​នៅ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​កាណាន ជា​ស្រុក​ដែល​អញ​នាំ​ឯង​រាល់​គ្នា​ទៅ​នៅ​នោះ​ដែរ កុំ​ឲ្យ​ដើរ​តាម​របៀប​របស់​គេ​ឲ្យ​សោះ

4. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​បញ្ញត្ត​របស់​អញ ហើយ​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​អញ​វិញ ដើម្បី​នឹង​ប្រព្រឹត្ត​តាម អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

5. ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ បើ​អ្នក​ណា​កាន់​តាម នោះ​នឹង​រស់​នៅ​ដោយ‌សារ​សេចក្ដី​ទាំង​នោះ​ឯង អញ​នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា។

6. កុំ​ឲ្យ​អ្នក​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា​ចូល​ទៅ​ជិត​បើក​កេរ‌ខ្មាស​របស់​សាច់‌ញាតិ​ដែល​ជិត‌ដិត​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

7. ឯ​កេរ‌ខ្មាស​របស់​ឪពុក​ឯង គឺ​ជា​កេរ‌ខ្មាស​ម្តាយ​ឯង នោះ​កុំ​ឲ្យ​បើក​ឲ្យ​សោះ ដ្បិត​គាត់​ជា​ម្តាយ​ឯង មិន​ត្រូវ​បើក​កេរ‌ខ្មាស​គាត់​ឡើយ

8. ឯ​កេរ‌ខ្មាស​នៃ​ប្រពន្ធ​របស់​ឪពុក​ឯង នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​គឺ​ជា​កេរ‌ខ្មាស​របស់​ឪពុក​ឯង​ហើយ

9. ឯ​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ស្រី​ឯង ទោះ​បើ​ជា​កូន​ខាង​ឪពុក ឬ​ខាង​ម្តាយ​ឯង ដែល​កើត​នៅ​ផ្ទះ ឬ​នៅ​ឯ​ណា​ទៀត​ក្តី នោះ​ក៏​មិន​ត្រូវ​បើក​ឡើយ

10. ឯ​កេរ‌ខ្មាស​របស់​ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​ឯង នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​គឺ​ជា​កេរ‌ខ្មាស​របស់​ខ្លួន​ឯង​ហើយ

11. ឯ​កេរ‌ខ្មាស​របស់​កូន​ស្រី​នៃ​ប្រពន្ធ​ឪពុក​ឯង ដែល​ឪពុក​ឯង​បង្កើត​មក នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​នាង​នោះ​ជា​បង ឬ​ប្អូន​ស្រី​បង្កើត​នឹង​ឯង​ហើយ

12. កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ឪពុក​ឯង​ឡើយ ដ្បិត​នាង​នោះ​ជា​សាច់​បង្កើត​នឹង​ឪពុក​ឯង

13. ក៏​កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ម្តាយ​ឯង​ដែរ ដ្បិត​នាង​ជា​សាច់​បង្កើត​នឹង​ម្តាយ​ឯង​ហើយ

14. កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ឪពុក​ធំ ឬ​ឪពុក​មា​ខាង​ឪពុក​ឯង គឺ​មិន​ត្រូវ​ចូល​ទៅ​ជិត​ប្រពន្ធ​គាត់​ឡើយ ដ្បិត​នាង​ជា​ម្តាយ​ធំ ឬ​ម្តាយ​មីង​ឯង​ហើយ

15. កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​កូន​ប្រសា​ស្រី​ឯង​ដែរ ដ្បិត​នាង​ជា​ប្រពន្ធ​របស់​កូន​ឯង​ហើយ ដូច្នេះ មិន​ត្រូវ​បើក​កេរ‌ខ្មាស​របស់​នាង​ឡើយ

16. កុំ​ឲ្យ​បើក​កេរ‌ខ្មាស​ប្រពន្ធ​របស់​បង ឬ​ប្អូន​ប្រុស​ឯង​ឡើយ នោះ​គឺ​ជា​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ប្រុស​ឯង​ហើយ

17. កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ស្ត្រី​ណា ហើយ​នឹង​កូន​ស្រី​នាង​ផង​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​នាង ដើម្បី​នឹង​បើក​កេរ‌ខ្មាស​ដែរ ដ្បិត​នោះ​ជា​សាច់​ជិត​នឹង​នាង​ពេក គឺ​ជា​ការ​អាក្រក់​ជួជាតិ​ហើយ

18. ហើយ​កុំ​ឲ្យ​យក​ប្រពន្ធ​ថែម​ទាំង​បង ឬ​ប្អូន​ស្រី​របស់​នាង ឲ្យ​បាន​ប្រណាំង​ប្រជែង​នឹង​ប្រពន្ធ​ឯង ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​ផង កំពុង​ដែល​ប្រពន្ធ​នៅ​រស់​នោះ​ឡើយ។

19. កុំ​ឲ្យ​ចូល​ទៅ​ជិត​ស្ត្រី​ណា ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​កំពុង​ដែល​មាន​រដូវ​នោះ​ឡើយ

20. កុំ​ឲ្យ​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ឯង ដែល​នឹង​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ជា​មួយ​នឹង​នាង​នោះ​ឡើយ

21. មិន​ត្រូវ​ឲ្យ​កូន​ចៅ​របស់​ឯង​ណា​មួយ​ចូល​កាត់​ភ្លើង​ថ្វាយ​ដល់​ព្រះ​ម៉ូឡុក​ឲ្យ​សោះ ក៏​កុំ​ឲ្យ​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​នៃ​ឯង​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

22. កុំ​ឲ្យ​រួម​ដំណេក​នឹង​ប្រុស ដូច​ជា​រួម​នឹង​ស្រី​ឡើយ ដ្បិត​នោះ​ជា​អំពើ​គួរ​ខ្ពើម​ឆ្អើម

23. ក៏​កុំ​ឲ្យ​រួម​សង្វាស​នឹង​សត្វ​ណា ជា​ការ​ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​ជា​មួយ​នោះ​ឡើយ ហើយ​ស្រី​ក៏​មិន​ត្រូវ​ឈរ​នៅ​មុខ​សត្វ ដើម្បី​នឹង​រួម​សង្វាស​ជា​មួយ​នោះ​ដែរ ដ្បិត​ជា​ការ​ច្របូក‌ច្របល់​ដ៏​លាមក

24. កុំ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ណា​មួយ​ឡើយ ដ្បិត​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​អញ​បណ្តេញ​ចេញ​ពី​មុខ​ឯង​រាល់​គ្នា នោះ​បាន​ស្មោក‌គ្រោក​ចំពោះ​អំពើ​ទាំង​នេះ​ហើយ

25. ហើយ​ស្រុក​គេ​ក៏​ត្រូវ​ស្មោក‌គ្រោក​ដែរ បាន​ជា​អញ​ទំលាក់​អំពើ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញ ឯ​ស្រុក​ក៏​ក្អួត​គេ​ចេញ​ទៅ​ផង

26. ដូច្នេះ ឯង​រាល់​គ្នា​វិញ ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ហើយ​កុំ​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ឆ្អើម​ណា​មួយ​នោះ​ឡើយ ទោះ​ទាំង​អ្នក​ស្រុក ឬ​ពួក​ប្រទេស​ក្រៅ​ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ផង

27. ដ្បិត​ពួក​អ្នក​នៅ​ស្រុក​នោះ​ដែល​អាស្រ័យ​នៅ​មុន​ឯង​រាល់​គ្នា គេ​បាន​ប្រព្រឹត្ត​អស់​ទាំង​អំពើ​គួរ​ខ្ពើម​ឆ្អើម​នោះ ហើយ​ស្រុក​របស់​គេ​ក៏​បាន​ត្រូវ​ស្មោក‌គ្រោក​ទៅ

28. ដូច្នេះ បើ​កាល​ណា​ឯង​រាល់​គ្នា​នាំ​ឲ្យ​ស្រុក​នោះ​ទៅ​ជា​ស្មោក‌គ្រោក​ដែរ នោះ​ក្រែង​ស្រុក​នោះ​នឹង​ក្អួត​ឯង​រាល់​គ្នា​ចេញ​ទៀត ដូច​ជា​បាន​ក្អួត​ពួក​សាសន៍​ដទៃ​ដែល​នៅ​មុន​ឯង​រាល់​គ្នា​ផង

29. ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ឆ្អើម​ណា​មួយ​នោះ អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ

30. ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​បញ្ញើ​របស់​អញ ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​ទំលាប់​គួរ​ខ្ពើម​ទាំង​នោះ ដែល​គេ​បាន​ប្រព្រឹត្ត​មុន​ឯង​រាល់​គ្នា​ឡើយ ហើយ​ដើម្បី​កុំ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ‌សារ​អំពើ​ទាំង​នោះ​ផង អញ​នេះ គឺ​ជា​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ។