គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 15:15-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​សត្វ​នោះ គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ១​ទៀត​សំរាប់​ជា​ដង្វាយ​ដុត ហើយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​រោគ​ហូរ​ខ្ទុះ​នោះ។

16. បើ​សិន​ជា​មនុស្ស​ណា​ចេញ​ទឹក​កាម នោះ​ត្រូវ​ឲ្យ​ងូត​ទឹក​ដុស​លាង​សាច់​ទាំង​អស់​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

17. ហើយ​សំលៀក‌បំពាក់ ឬ​កន្ទេល​ណា​ដែល​ប្រឡាក់​ដោយ​ទឹក​កាម​នោះ ក៏​ត្រូវ​លាង​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត ដល់​ល្ងាច​ដែរ

18. ឯ​ស្ត្រី និង​បុរស​ណា​ដែល​បាន​សេព‌សម្ភព​គ្នា​ហើយ នោះ​ត្រូវ​ឲ្យ​ងូត​ទឹក​ចេញ​ទាំង​២​នាក់ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។

19. បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ដោយ​មាន​រដូវ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ អ្នក​ណា​ដែល​ពាល់​នាង នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

20. គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ​ក្នុង​កាល​ដែល​មិន​ស្អាត ហើយ​គ្រប់​របស់​អ្វី​នាង​បាន​អង្គុយ​ចុះ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដែរ

21. ឯ​អ្នក​ណា​ដែល​ពាល់​គ្រែ​របស់​នាង នោះ​ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

22. ហើយ​អ្នក​ណា​ដែល​ពាល់​របស់​អ្វី​ដែល​នាង​បាន​អង្គុយ នោះ​ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

23. បើ​មាន​អ្វី​នៅ​លើ​គ្រែ ឬ​នៅ​លើ​របស់​ណា​ដែល​នាង​បាន​អង្គុយ ហើយ​អ្នក​ណា​ទៅ​ប៉ះពាល់ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

24. បើ​មាន​បុរស​ណា​ទៅ​រួម​ដំណេក​នឹង​នាង ហើយ​សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​ក៏​សៅ‌ហ្មង​ដល់​ខ្លួន អ្នក​នោះ​ត្រូវ​ស្មោក‌គ្រោក​អស់​៧​ថ្ងៃ ហើយ​គ្រប់​ទាំង​ដំណេក​ដែល​បុរស​នោះ​ដេក​នៅ ក៏​ស្មោក‌គ្រោក​ដែរ។

25. បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ជា​យូរ​ថ្ងៃ​ខុស​រដូវ ឬ​បើ​ធ្លាក់​ឈាម​មក​ហួស​រដូវ នោះ​នាង​ត្រូវ​ជា​មិន​ស្អាត​រាល់​តែ​ថ្ងៃ​ដែល​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ​មក ដូច​ជា​នៅ​វេលា​ដែល​មាន​រដូវ​ដែរ ដ្បិត​នាង​មិន​ស្អាត​ហើយ

26. គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ ក្នុង​វេលា​ដែល​ធ្លាក់​ឈាម នោះ​ត្រូវ​ទុក​ដូច​ជា​ដំណេក ដែល​នាង​ដេក ក្នុង​កាល​ដែល​មាន​រដូវ​ដែរ ហើយ​គ្រប់​ទាំង​របស់​អ្វី​ដែល​នាង​អង្គុយ​ចុះ នោះ​ត្រូវ​ជា​មិន​ស្អាត ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៅ​រដូវ​នាង​ដែរ

27. បើ​អ្នក​ណា​ប៉ះពាល់​នឹង​របស់​ណា​មួយ​នោះ អ្នក​នោះ​ក៏​មិន​ស្អាត​ដែរ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

28. បើ​កាល​ណា​នាង​បាន​ស្អាត​ខ្លួន ពី​ឈាម​នោះ​ហើយ នោះ​នាង​ត្រូវ​រាប់​ឲ្យ​គ្រប់​៧​ថ្ងៃ រួច​មក​នឹង​បាន​ស្អាត​វិញ

សូមអានជំពូកពេញលេញ លេវីវិន័យ 15