គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 15:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ និង​អើរ៉ុន

2. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ​មនុស្ស​ណា​មាន​ខ្ទុះ​ហូរ​ចេញ​ពី​សាច់ នោះ​រាប់​ជា​ស្មោក‌គ្រោក​ហើយ ដោយ​ព្រោះ​ហូរ​ខ្ទុះ​នោះ

3. នេះ​ឯង​ជា​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក​នោះ ក្នុង​កាល​ដែល​ហូរ​ខ្ទុះ ទោះ​បើ​កំពុង​តែ​ហូរ​នៅ​ឡើយ ឬ​បាត់​ទៅ​ក្តី នោះ​គង់​តែ​រាប់​ជា​ស្មោក‌គ្រោក​ដែរ

4. គ្រប់​ទាំង​ដំណេក​ណា​ដែល​មនុស្ស​នោះ​បាន​ដេក​នៅ នោះ​ត្រូវ​ស្មោក‌គ្រោក ហើយ​របស់​អ្វី​ដែល​អ្នក​នោះ​អង្គុយ​ចុះ ក៏​ត្រូវ​ស្មោក‌គ្រោក​ដែរ

5. បើ​អ្នក​ណា​ពាល់​គ្រែ​របស់​អ្នក​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក រហូត​ដល់​ល្ងាច

6. ហើយ​បើ​អ្នក​ណា​អង្គុយ​លើ​របស់​អ្វី ដែល​មនុស្ស​ហូរ​ខ្ទុះ​នោះ​បាន​អង្គុយ​នៅ នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​របស់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

7. បើ​អ្នក​ណា​ពាល់​សាច់​មនុស្ស​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

8. បើ​មនុស្ស​ដែល​ហូរ​ខ្ទុះ​នោះ​ស្តោះ​ទៅ​លើ​មនុស្ស​ដែល​ស្អាត អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

9. គ្រប់​ទាំង​កែប​ណា​ដែល​មនុស្ស​ហូរ​ខ្ទុះ​នោះ​នឹង​ជិះ នោះ​ត្រូវ​ស្មោក‌គ្រោក​ដែរ

10. បើ​អ្នក​ណា​ពាល់​របស់​អ្វី​ដែល​បាន​នៅ​ក្រោម​អ្នក​នោះ នោះ​ត្រូវ​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​ចាប់​លើក​របស់​ណា​មួយ​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

11. បើ​មនុស្ស​ហូរ​ខ្ទុះ​នោះ​ពាល់​អ្នក​ណា​ឥត​លាង​ដៃ អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

12. ឯ​ប្រដាប់​ណា​ធ្វើ​ពី​ដី​ដែល​មនុស្ស​ហូរ​ខ្ទុះ​នឹង​ចាប់​ពាល់ នោះ​ត្រូវ​បំបែក​ចោល​ចេញ ហើយ​គ្រប់​ទាំង​ប្រដាប់​ធ្វើ​ពី​ឈើ នោះ​ត្រូវ​លាង​នឹង​ទឹក​ចេញ​ដែរ។

13. បើ​កាល​ណា​មនុស្ស ដែល​ហូរ​ខ្ទុះ​នោះ បាន​ជា​ស្អាត​ហើយ នោះ​ត្រូវ​រាប់​៧​ថ្ងៃ ឲ្យ​បាន​ញែក​ខ្លួន​ជា​ស្អាត រួច​ត្រូវ​បោក​សំលៀក‌បំពាក់ ហើយ​ងូត​ក្នុង​ទឹក​ដែល​ហូរ នោះ​នឹង​បាន​ស្អាត​វិញ

14. លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

15. ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​សត្វ​នោះ គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ១​ទៀត​សំរាប់​ជា​ដង្វាយ​ដុត ហើយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​រោគ​ហូរ​ខ្ទុះ​នោះ។

16. បើ​សិន​ជា​មនុស្ស​ណា​ចេញ​ទឹក​កាម នោះ​ត្រូវ​ឲ្យ​ងូត​ទឹក​ដុស​លាង​សាច់​ទាំង​អស់​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

17. ហើយ​សំលៀក‌បំពាក់ ឬ​កន្ទេល​ណា​ដែល​ប្រឡាក់​ដោយ​ទឹក​កាម​នោះ ក៏​ត្រូវ​លាង​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត ដល់​ល្ងាច​ដែរ

សូមអានជំពូកពេញលេញ លេវីវិន័យ 15