គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 14:45-57 ព្រះគម្ពីរបរិសុទ្ធ (KHOV)

45. ត្រូវ​ឲ្យ​គេ​រំលំ​ផ្ទះ​នោះ ព្រម​ទាំង​ថ្ម និង​ឈើ ហើយ​នឹង​បាយអ​ទាំង​អស់​ចេញ ហើយ​នាំ​យក​ទាំង​អស់​ទៅ​ចាក់​ឯ​ក្រៅ​ទី​ក្រុង ត្រង់​កន្លែង​ស្មោក‌គ្រោក​ទៅ

46. ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ក្នុង​វេលា​ដែល​កំពុង​បិទ នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

47. បើ​អ្នក​ណា​ដែល​ដេក​ក្នុង​ផ្ទះ​នោះ ត្រូវ​ឲ្យ​អ្នក​នោះ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ ហើយ​អ្នក​ណា​ដែល​បរិភោគ​នៅ​ក្នុង ផ្ទះ​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ដែរ

48. តែ​បើ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល ឃើញ​ថា រោគ​មិន​បាន​រាល‌ដាល​ឡើង​ក្នុង​ផ្ទះ ក្រោយ​ដែល​បាន​បូក​ជា​ថ្មី​ហើយ​នោះ​ទេ នោះ​ត្រូវ​ប្រកាស​ថា ផ្ទះ​នោះ​ស្អាត​វិញ ដ្បិត​រោគ​នោះ​បាត់​ហើយ។

49. ដូច្នេះ ត្រូវ​ឲ្យ​យក​សត្វ​ស្លាប​២ ឈើ​តាត្រៅ សំពត់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប​មក​សំរាប់​នឹង​ញែក​ផ្ទះ​នោះ​ជា​ស្អាត

50. ត្រូវ​សំឡាប់​សត្វ​១​នៅ​ក្នុង​ផើង​ពី​លើ​ទឹក​ហូរ

51. រួច​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​សំពត់​ក្រហម ជា​មួយ​នឹង​សត្វ​១​ដែល​រស់​នៅ ជ្រលក់​ទាំង​អស់​ទៅ​ក្នុង​ឈាម​របស់​សត្វ​ដែល​បាន​សំឡាប់ ហើយ​ក្នុង​ទឹក​ហូរ​នោះ​ដែរ រួច​ប្រោះ​ទៅ​លើ​ផ្ទះ​៧​ដង

52. ដូច្នេះ ផ្ទះ​នោះ​នឹង​បាន​ញែក​ជា​ស្អាត ដោយ‌សារ​ឈាម​សត្វ​ស្លាប និង​ទឹក​ហូរ ហើយ​សត្វ​ដែល​នៅ​រស់ ព្រម​ទាំង​ឈើ​តាត្រៅ មែក​ហ៊ីសុប ហើយ​នឹង​សំពត់​ក្រហម​ផង

53. តែ​ត្រូវ​លែង​សត្វ​រស់​នៅ​ឯ​វាល​ក្រៅ​ទី​ក្រុង​ទៅ គឺ​យ៉ាង​ដូច្នោះ​ដែល​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​ផ្ទះ​នោះ រួច​នឹង​បាន​ស្អាត​ហើយ។

54. នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​រោគ​ឃ្លង់​គ្រប់​យ៉ាង និង​ទឹលម៉ូវ

55. ហើយ​ខាង​ឯ​ឃ្លង់​ដែល​កើត​នៅ​សំលៀក‌បំពាក់​ឬ​នៅ​ផ្ទះ

56. និង​ខាង​ឯ​ពក ឬ​ស្នាម​ដែល​ស​ផង

57. ដើម្បី​នឹង​បង្រៀន​ឲ្យ​ដឹង ក្នុង​កាល​ដែល​ស្មោក‌គ្រោក ឬ​ក្នុង​កាល​ដែល​ស្អាត នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​រោគ​ឃ្លង់។

សូមអានជំពូកពេញលេញ លេវីវិន័យ 14