គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 14:33-51 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

34. កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​អញ​នឹង​ឲ្យ​ជា​កេរ‌អាករ ដល់​ឯង​រាល់​គ្នា បើ​អញ​ធ្វើ​ឲ្យ​មាន​រោគ​ឃ្លង់​ក្នុង​ផ្ទះ​ណា​មួយ​នៅ​ស្រុក​របស់​ផង​ឯង

35. នោះ​ត្រូវ​ឲ្យ​ម្ចាស់​ផ្ទះ​មក​ប្រាប់​ដល់​សង្ឃ​ថា មើល​ទៅ​ដូច​ជា​មាន​រោគ​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ហើយ

36. ដូច្នេះ ត្រូវ​ឲ្យ​សង្ឃ​បង្គាប់​ឲ្យ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​ទៅ មុន​ដែល​ចូល​ទៅ​ពិនិត្យ​មើល​រោគ ដើម្បី​កុំ​ឲ្យ​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​បាន​ទៅ​ជា​ស្មោក‌គ្រោក​ដែរ រួច​ហើយ​ត្រូវ​ចូល​ទៅ​ពិនិត្យ​មើល​ជា​ខាង​ក្រោយ

37. ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា រោគ​ដែល​នៅ​ក្នុង​ជញ្ជាំង​ផ្ទះ​នោះ​មាន​កន្លែង​ខូង ពណ៌​បៃតង​ស្ទើរ ឬ​ក្រហម​ប្រឿង មើល​ទៅ​ទាប​ជាង​សាច់​ជញ្ជាំង​ហើយ

38. នោះ​ត្រូវ​ចេញ​ទៅ​ឯ​មាត់​ទ្វារ ហើយ​បិទ​ខ្ទប់​ផ្ទះ​នោះ​គ្រប់​៧​ថ្ងៃ

39. ដល់​ថ្ងៃ​ទី​៧ ត្រូវ​ត្រឡប់​មក​ពិនិត្យ​មើល​វិញ បើ​ឃើញ​ថា រោគ​មិន​បាន​រាល‌ដាល ទៅ​ក្នុង​ជញ្ជាំង​ទៀត​ទេ

40. នោះ​ត្រូវ​បង្គាប់​គេ​ឲ្យ​យក​ថ្ម ដែល​មាន​រោគ​នោះ ចេញ​ទៅ​ចោល​ឯ​ក្រៅ​ទី​ក្រុង ត្រង់​កន្លែង​ស្មោក‌គ្រោក​ទៅ

41. រួច​ត្រូវ​ឲ្យ​គេ​កោស​ផ្ទះ​នៅ​ខាង​ក្នុង​ជុំវិញ ឯ​ផង់​ដែល​គេ​កោស​ចេញ​នោះ​ត្រូវ​ឲ្យ​នាំ​យក​ទៅ​ចាក់​ឯ​កន្លែង​ស្មោក‌គ្រោក នៅ​ខាង​ក្រៅ​ទី​ក្រុង

42. ហើយ​ត្រូវ​យក​ថ្ម​ឯ​ទៀត​មក​ប៉ះ​ជំនួស​ថ្ម​ចាស់ រួច​យក​បាយអ​ឯ​ទៀត​មក​បូក​វិញ។

43. បើ​រោគ​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​នោះ​ម្តង​ទៀត ក្នុង​ពេល​ក្រោយ​ដែល​បាន​យក​ថ្ម​ទាំង​នោះ​ចេញ ព្រម​ទាំង​កោស​ជញ្ជាំង និង​បូក​ជា​ថ្មី​ហើយ

44. នោះ​ត្រូវ​ឲ្យ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល បើ​ឃើញ​ថា​រោគ​នោះ​បាន​រាល‌ដាល​ឡើង​នៅ​ក្នុង​ផ្ទះ​មែន នោះ​គឺ​ជា​ឃ្លង់​ស៊ី​បង្ខូច​ហើយ ផ្ទះ​នោះ​ស្មោក‌គ្រោក​ពិត

45. ត្រូវ​ឲ្យ​គេ​រំលំ​ផ្ទះ​នោះ ព្រម​ទាំង​ថ្ម និង​ឈើ ហើយ​នឹង​បាយអ​ទាំង​អស់​ចេញ ហើយ​នាំ​យក​ទាំង​អស់​ទៅ​ចាក់​ឯ​ក្រៅ​ទី​ក្រុង ត្រង់​កន្លែង​ស្មោក‌គ្រោក​ទៅ

46. ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ក្នុង​វេលា​ដែល​កំពុង​បិទ នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

47. បើ​អ្នក​ណា​ដែល​ដេក​ក្នុង​ផ្ទះ​នោះ ត្រូវ​ឲ្យ​អ្នក​នោះ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ ហើយ​អ្នក​ណា​ដែល​បរិភោគ​នៅ​ក្នុង ផ្ទះ​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ដែរ

48. តែ​បើ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល ឃើញ​ថា រោគ​មិន​បាន​រាល‌ដាល​ឡើង​ក្នុង​ផ្ទះ ក្រោយ​ដែល​បាន​បូក​ជា​ថ្មី​ហើយ​នោះ​ទេ នោះ​ត្រូវ​ប្រកាស​ថា ផ្ទះ​នោះ​ស្អាត​វិញ ដ្បិត​រោគ​នោះ​បាត់​ហើយ។

49. ដូច្នេះ ត្រូវ​ឲ្យ​យក​សត្វ​ស្លាប​២ ឈើ​តាត្រៅ សំពត់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប​មក​សំរាប់​នឹង​ញែក​ផ្ទះ​នោះ​ជា​ស្អាត

50. ត្រូវ​សំឡាប់​សត្វ​១​នៅ​ក្នុង​ផើង​ពី​លើ​ទឹក​ហូរ

51. រួច​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​សំពត់​ក្រហម ជា​មួយ​នឹង​សត្វ​១​ដែល​រស់​នៅ ជ្រលក់​ទាំង​អស់​ទៅ​ក្នុង​ឈាម​របស់​សត្វ​ដែល​បាន​សំឡាប់ ហើយ​ក្នុង​ទឹក​ហូរ​នោះ​ដែរ រួច​ប្រោះ​ទៅ​លើ​ផ្ទះ​៧​ដង

សូមអានជំពូកពេញលេញ លេវីវិន័យ 14