21. បើអ្នកនោះខ្វះខាតមិនល្មមនឹងយករបស់ទាំងនោះបាន នោះត្រូវយកកូនចៀមឈ្មោល១មក ដោយព្រោះការរំលងសំរាប់នឹងគ្រវីថ្វាយ ដើម្បីឲ្យធួននឹងខ្លួន ព្រមទាំងម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង សំរាប់ជាដង្វាយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ និងប្រេង១កំប៉ុង
22. ហើយលលក២ ឬព្រាបជំទើរ២ តាមកំឡាំងរបស់ខ្លួន គឺ១សំរាប់ជាដង្វាយលោះបាប ហើយ១សំរាប់ជាដង្វាយដុត
23. នៅថ្ងៃទី៨ អ្នកនោះត្រូវយករបស់ទាំងនោះមកប្រគល់ដល់សង្ឃ ត្រង់មាត់ទ្វារត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា សំរាប់ការញែកខ្លួនចេញជាស្អាត
24. ត្រូវឲ្យសង្ឃយកកូនចៀមដែលសំរាប់ថ្វាយដោយព្រោះការរំលង និងប្រេង១កំប៉ុង ទៅថ្វាយជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
25. រួចត្រូវសំឡាប់កូនចៀម ដែលសំរាប់ថ្វាយដោយព្រោះការរំលងនោះ ហើយត្រូវយកឈាមនៃដង្វាយ ទៅលាបនៅទងត្រចៀកស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅមេដៃស្តាំ និងមេជើងស្តាំផង
26. ក៏ត្រូវចាក់ប្រេងទៅក្នុងបាតដៃឆ្វេងរបស់ខ្លួន
27. ហើយប្រោះប្រេងនោះដោយម្រាមដៃស្តាំអស់៧ដងនៅចំពោះព្រះយេហូវ៉ា
28. រួចត្រូវយកប្រេងដែលនៅក្នុងបាតដៃទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ហើយនឹងមេជើងស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ត្រង់កន្លែងដែលបានលាបឈាមនៃដង្វាយដែលថ្វាយដោយព្រោះការរំលងដែរ
29. ឯប្រេងដែលនៅសល់ក្នុងបាតដៃ នោះត្រូវចាក់ទៅលើក្បាលនៃអ្នកដែលត្រូវញែកជាស្អាត ដើម្បីឲ្យធួននឹងខ្លួនអ្នកនោះនៅចំពោះព្រះយេហូវ៉ា
30. រួចត្រូវឲ្យសង្ឃថ្វាយលលក១ ឬព្រាបជំទើរ១ តាមកំឡាំងដែលអ្នកនោះនាំយកមកបាន
31. គឺ១សំរាប់ជាដង្វាយលោះបាប ហើយ១សំរាប់ជាដង្វាយដុតជាមួយនឹងដង្វាយម្សៅផង រួចត្រូវឲ្យសង្ឃថ្វាយ ឲ្យធួននឹងអ្នក ដែលត្រូវញែកជាស្អាតនោះ នៅចំពោះព្រះយេហូវ៉ា
32. នេះហើយជាច្បាប់ខាងឯអ្នកដែលកើតរោគឃ្លង់ ដែលមិនអាចនឹងលូកឈោងដល់ដង្វាយ សំរាប់ការញែកខ្លួនចេញជាស្អាតបាន។
33. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
34. កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកកាណាន ជាស្រុកដែលអញនឹងឲ្យជាកេរអាករ ដល់ឯងរាល់គ្នា បើអញធ្វើឲ្យមានរោគឃ្លង់ក្នុងផ្ទះណាមួយនៅស្រុករបស់ផងឯង
35. នោះត្រូវឲ្យម្ចាស់ផ្ទះមកប្រាប់ដល់សង្ឃថា មើលទៅដូចជាមានរោគនៅក្នុងផ្ទះរបស់ខ្ញុំហើយ
36. ដូច្នេះ ត្រូវឲ្យសង្ឃបង្គាប់ឲ្យរើអីវ៉ាន់ចេញពីផ្ទះទៅ មុនដែលចូលទៅពិនិត្យមើលរោគ ដើម្បីកុំឲ្យរបស់ទាំងអស់ដែលនៅក្នុងផ្ទះបានទៅជាស្មោកគ្រោកដែរ រួចហើយត្រូវចូលទៅពិនិត្យមើលជាខាងក្រោយ
37. ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោគដែលនៅក្នុងជញ្ជាំងផ្ទះនោះមានកន្លែងខូង ពណ៌បៃតងស្ទើរ ឬក្រហមប្រឿង មើលទៅទាបជាងសាច់ជញ្ជាំងហើយ
38. នោះត្រូវចេញទៅឯមាត់ទ្វារ ហើយបិទខ្ទប់ផ្ទះនោះគ្រប់៧ថ្ងៃ
39. ដល់ថ្ងៃទី៧ ត្រូវត្រឡប់មកពិនិត្យមើលវិញ បើឃើញថា រោគមិនបានរាលដាល ទៅក្នុងជញ្ជាំងទៀតទេ