គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 11:32-45 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. បើ​សត្វ​ណា​មួយ​នោះ​ស្លាប់​ហើយ ធ្លាក់​ទៅ​ប៉ះ​លើ​របស់​អ្វី របស់​នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ហើយ ទោះ​បើ​ជា​ប្រដាប់​ដែល​ធ្វើ​ពី​ឈើ​ឬ​សំលៀក‌បំពាក់ ឬ​ស្បែក ឬ​ការុង​ក្តី គឺ​ប្រដាប់​ណា​ក៏​ដោយ​ដែល​សំរាប់​ប្រើ នោះ​ត្រូវ​តែ​ត្រាំ​ចុះ​ក្នុង​ទឹក ប្រដាប់​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច រួច​ទើប​បាន​ស្អាត​វិញ

33. ឯ​គ្រប់​ទាំង​ប្រដាប់​ធ្វើ​ពី​ដី​ដែល​សត្វ​ណា​មួយ​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង នោះ​របស់​អ្វី​ដែល​នៅ​ក្នុង​ប្រដាប់​នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ហើយ ត្រូវ​បំបែក​ប្រដាប់​នោះ​ចោល​ចេញ

34. ឯ​អាហារ​ណា​សំរាប់​បរិភោគ​ដែល​មាន​ទឹក​ចាក់​មក​លើ នោះ​ទៅ​ជា​មិន​ស្អាត​ហើយ ឬ​ទឹក​ណា​សំរាប់​ផឹក​ដែល​នៅ​ក្នុង​ប្រដាប់​ណា​មួយ នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ដែរ

35. ហើយ​របស់​អ្វី​ក៏​ដោយ ដែល​កំទេច​ខ្មោច​នៃ​សត្វ​ទាំង​នោះ ធ្លាក់​មក​លើ នោះ​ក៏​ទៅ​ជា​មិន​ស្អាត ទោះ​បើ​ជា​គុក​ភ្លើង ឬ​ជើង‌ក្រាន នោះ​ត្រូវ​បំបែក​ចោល​ចេញ ព្រោះ​បាន​ទៅ​ជា​មិន​ស្អាត​ហើយ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា​ផង

36. បើ​ជា​រន្ធ​ទឹក ឬ​អណ្តូង​ដែល​មាន​ទឹក​ដក់​នៅ​នោះ​ជា​ស្អាត​ទេ តែ​ទឹក​ដែល​នៅ​ជុំវិញ​ខ្មោច​នោះ នឹង​ត្រូវ​រាប់​ជា​មិន​ស្អាត​វិញ

37. បើ​មាន​អ្វី​របស់​ខ្មោច​នៃ​សត្វ​ទាំង​នោះ​ធ្លាក់​មក​លើ​ពូជ​អ្វី​ដែល​សំរាប់​ដាំ​ព្រោះ ពូជ​នោះ​នៅ​ជា​ស្អាត​ទេ

38. តែ​បើ​គេ​បាន​ត្រាំ​ក្នុង​ទឹក​ហើយ ស្រាប់​តែ​មាន​អ្វី​របស់​ខ្មោច​នោះ​ធ្លាក់​មក​លើ ពូជ​នោះ​ត្រូវ​រាប់​ជា​ស្មោក‌គ្រោក​ដល់​ឯង​រាល់​គ្នា​វិញ។

39. បើ​សត្វ​ណា ដែល​សំរាប់​ជា​អាហារ ដល់​ឯង​រាល់​គ្នា​បាន​ស្លាប់​ទៅ ហើយ​មាន​អ្នក​ណា​ប៉ះពាល់​នឹង​ខ្មោច​វា អ្នក​នោះ​ត្រូវ​នៅ​មិន​ស្អាត​រហូត​ដល់​ល្ងាច

40. ឯ​អ្នក​ណា​ដែល​បរិភោគ​សាច់​នៃ​ខ្មោច​វា នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​លើក​ខ្មោច​នោះ​យក​ទៅ​ឯ​ណា នោះ​ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ។

41. ឯ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​ដី នោះ​ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ

42. គឺ​សត្វ​ណា​ដែល​លូន​នឹង​ពោះ ឬ​វារ​នឹង​ជើង​៤ ឬ​ដែល​មាន​ជើង​ច្រើន​ជា​ពួក​សត្វ​ដែល​លូន​វារ​នៅ​ដី នោះ​មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​សត្វ​ទាំង​នោះ​ជា​ទី​គួរ​ខ្ពើម​ឆ្អើម​ហើយ

43. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ខ្លួន​ឲ្យ​ទៅ​ជា​គួរ​ខ្ពើម​ឆ្អើម ដោយ‌សារ​សត្វ​លូន​វារ​ណា​មួយ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ប្រឡាក់​នឹង​វា​ដែរ ដើម្បី​កុំ​ឲ្យ​ទៅ​ជា​មិន​ស្អាត​ដោយ‌សារ​វា

44. ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ ហើយ​ឲ្យ​ទៅ​ជា​បរិសុទ្ធ​ចុះ ដ្បិត​អញ​ជា​បរិសុទ្ធ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ខ្លួន​ឲ្យ​ទៅ​ជា​មិន​ស្អាត ដោយ‌សារ​សត្វ​ណា​ដែល​លូន​វារ​នៅ​ដី​ឡើយ

45. ដ្បិត​អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​បាន​នាំ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ធ្វើ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ​ចុះ ដ្បិត​អញ​បរិសុទ្ធ។

សូមអានជំពូកពេញលេញ លេវីវិន័យ 11