គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 11:11-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ត្រូវ​ឲ្យ​ខ្ពើម​ឆ្អើម​ចំពោះ​សត្វ​ទាំង​នោះ ហើយ​មិន​ត្រូវ​បរិភោគ​សាច់​វា​ឡើយ ក៏​ត្រូវ​រាប់​ខ្មោច​វា​ទុក​ជា​របស់​គួរ​ខ្ពើម​ដែរ

12. សត្វ​ណា​នៅ​ក្នុង​ទឹក​ដែល​គ្មាន​ព្រុយ ហើយ​នឹង​ស្រកា នោះ​ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម​ដល់​ឯង​រាល់​គ្នា​ហើយ។

13. ឯ​ក្នុង​បណ្តា​សត្វ​ហើរ​ទាំង​ប៉ុន្មាន​ក៏​ដែរ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រាប់​សត្វ​ទាំង​នេះ ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​ជា​សត្វ​គួរ​ខ្ពើម​ហើយ គឺ​ខ្លែង​១ ស្ទាំង​១ ប្រមង់​១

14. ត្មាត​១ ហើយ​រអាត​តាម​ពូជ​វា

15. គ្រប់​ទាំង​ក្អែក​តាម​ពូជ​វា

16. អូសទ្រីច​១ ខ្លែង‌ស្រាក​១ រំពេ​១ ហើយ​នឹង​អក​តាម​ពូជ​វា

17. មៀម​១ ស្មោញ​១ គូក​១

18. ទីទុយ​១ ទុង​១ ក្រៀល​១

19. កុក​១ ក្រសារ​តាម​ពូជ​វា​១ កំប៉ោយ​១ ហើយ​ជ្រឹង​១។

20. អស់​ទាំង​សត្វ​ស្លាប​មាន​ជើង ដែល​វារ​តោង​បាន នោះ​ត្រូវ​រាប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ឯង​រាល់​គ្នា

21. ប៉ុន្តែ ក្នុង​ពួក​សត្វ​មាន​ស្លាប​ដែល​វារ​តោង ឬ​ដើរ​ដោយ​ជើង នោះ​ឯង​រាល់​គ្នា​ត្រូវ​បរិភោគ​បាន​តែ​សត្វ​ណា ដែល​មាន​ជើង​សំរាប់​ផ្ទាត់​នៅ​ដី

22. ក្នុង​ពូជ​នោះ​ត្រូវ​បរិភោគ​សត្វ​ទាំង​នេះ​បាន គឺ​កណ្តូប​តាម​ពូជ​វា កន្ទ្រល​តាម​ពូជ​វា ចង្រិត​ដែក​តាម​ពូជ​វា និង​ចង្រិត​ដូង​តាម​ពូជ​វា

23. តែ​អស់​ទាំង​សត្វ​ស្លាប​មាន​ជើង​៤​ដែល​វា​តោង​បាន នោះ​ឯង​រាល់​គ្នា​ត្រូវ​ខ្ពើម​ឆ្អើម​វិញ

24. ដ្បិត​សត្វ​ទាំង​នោះ​នឹង​នាំ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ជា​មិន​ស្អាត​បាន អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​ខ្មោច​វា នោះ​ទៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

25. ហើយ​អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា យក​ទៅ​ឯ​ណា អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

26. គ្រប់​ទាំង​សត្វ​ណា​ដែល​មាន​ក្រចក តែ​មិន​ឆែក​ជា​២ ក៏​មិន​ទំពា‌អៀង​ផង នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា អស់​អ្នក​ណា​ដែល​ប៉ះពាល់​នឹង​វា នោះ​ក៏​មិន​ស្អាត​ដែរ

សូមអានជំពូកពេញលេញ លេវីវិន័យ 11