គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 10:11-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ហើយ​ឲ្យ​បាន​បង្រៀន​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បញ្ញត្ត ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​ដោយ‌សារ​ម៉ូសេ។

12. រួច​ម៉ូសេ​បង្គាប់​ដល់​អើរ៉ុន ហើយ​អេលាសារ និង​អ៊ីថាម៉ារ គឺ​ជា​កូន​អើរ៉ុន​ដែល​នៅ​សល់​ថា ចូរ​យក​ដង្វាយ​ម្សៅ​ដែល​សល់​ពី​ដង្វាយ​ព្រះ‌យេហូវ៉ា ទៅ​បរិភោគ​ដោយ​ឥត​ដំបែ​នៅ​ខាង​អាសនា​ទៅ ដ្បិត​ដង្វាយ​នោះ​ជា​របស់​បរិសុទ្ធ​បំផុត

13. ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​ដង្វាយ​នោះ​នៅ​ទី​កន្លែង​បរិសុទ្ធ ដ្បិត​នេះ​ជា​ចំណែក​របស់​បង និង​ពួក​កូន​របស់​បង ពី​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ទទួល​បង្គាប់​មក​យ៉ាង​ដូច្នេះ​ហើយ

14. ឯ​ទ្រូង​ដែល​គ្រវី និង​ស្មា​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង នោះ​ត្រូវ​បរិភោគ​នៅ​ទី​កន្លែង​ដ៏​ស្អាត គឺ​ទាំង​បង ហើយ​នឹង​ពួក​កូន​ប្រុស​ស្រី​របស់​បង​ផង ដ្បិត​របស់​ទាំង​នោះ​បាន​ប្រទាន​មក​ទុក​ជា​ចំណែក​របស់​បង​ហើយ និង​ជា​ចំណែក​នៃ​ពួក​កូន​របស់​បង ពី​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង

15. គេ​ត្រូវ​យក​ស្មា​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង និង​ទ្រូង​ដែល​គ្រវី មក​ជា​មួយ​នឹង​ខ្លាញ់​ទាំង​ប៉ុន្មាន​ដែល​សំរាប់​ដុត​ថ្វាយ ដើម្បី​នឹង​គ្រវី ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដង្វាយ​នោះ​នឹង​ត្រូវ​បាន​ជា​របស់​ផង​បង ហើយ​នឹង​ពួក​កូន​របស់​បង​ផង តាម​បញ្ញត្ត​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

16. ម៉ូសេ​ក៏​ខំ​រក​ពពែ​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ តែ​ឃើញ​ថា គេ​បាន​ដុត​ទៅ​ហើយ នោះ​លោក​ក៏​ខឹង​នឹង​អេលាសារ ហើយ​នឹង​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន ដែល​នៅ​សល់ ហើយ​សួរ​ថា

17. ដែល​ឃើញ​ថា ដង្វាយ​លោះ​បាប​នេះ ជា​របស់​បរិសុទ្ធ​បំផុត ហើយ​ថា ទ្រង់​បាន​ប្រទាន​មក​ឯង​រាល់​គ្នា​ផង ចុះ​ម្តេច​ក៏​ឯង​មិន​បាន​យក​ទៅ​បរិភោគ​ក្នុង​ទី​បរិសុទ្ធ​វិញ ដើម្បី​នឹង​ទទួល​សេចក្ដី​ទុច្ចរិត​របស់​ពួក​ជំនុំ ប្រយោជន៍​ឲ្យ​បាន​ធួន​នឹង​គេ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

18. មើល ឥឡូវ​មិន​បាន​យក​ឈាម​ដង្វាយ​នោះ ទៅ​ក្នុង​ទី​បរិសុទ្ធ​សោះ គួរ​តែ​ឯង​បាន​បរិភោគ​ដង្វាយ​នោះ នៅ​ក្នុង​ទី​បរិសុទ្ធ ឥត​ខាន​វិញ ដូច​ជា​អញ​បាន​បង្គាប់​ហើយ។

សូមអានជំពូកពេញលេញ លេវីវិន័យ 10