1. ឯណាដាប និងអ័ប៊ីហ៊ូវ ជាកូនអើរ៉ុនទាំង២នាក់ ក៏យកជើងពានរៀងខ្លួនទៅដាក់ភ្លើង ហើយរោយគ្រឿងក្រអូបពីលើ គឺបានយកភ្លើងដទៃទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលទ្រង់ឥតបានបង្គាប់ឡើយ
2. នោះស្រាប់តែមានភ្លើងចេញពីចំពោះព្រះយេហូវ៉ាមក បញ្ឆេះអ្នកទាំង២នោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ
3. ម៉ូសេក៏និយាយនឹងអើរ៉ុនថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកថា ត្រូវឲ្យអស់អ្នកដែលចូលមកជិតអញ បានលើកអញជាបរិសុទ្ធ ហើយត្រូវឲ្យអញបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ ដូច្នេះ អើរ៉ុនក៏នៅស្ងៀម
4. នោះម៉ូសេ លោកហៅមីសាអែល និងអែលសាផាន ជាកូនអ៊ូស៊ាល ដែលត្រូវជាមាអើរ៉ុន មកបង្គាប់ថា ចូរមកសែងយកខ្មោចបងប្អូនឯង ចេញពីមុខទីបរិសុទ្ធទៅខាងក្រៅទីដំឡើងត្រសាលទៅ
5. គេក៏ចូលទៅចាប់អាវខ្មោចទាំងនោះ សែងចេញទៅក្រៅទីដំឡើងត្រសាល តាមបង្គាប់ម៉ូសេ
6. រួចម៉ូសេប្រាប់ដល់អើរ៉ុន ហើយអេលាសារ និងអ៊ីថាម៉ារជាកូនលោកថា កុំឲ្យអ្នករាល់គ្នាបើកក្បាលឲ្យនៅទទេឡើយ ក៏កុំហែកសំលៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងពួកជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ