គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 10:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​ណាដាប និង​អ័ប៊ីហ៊ូវ ជា​កូន​អើរ៉ុន​ទាំង​២​នាក់ ក៏​យក​ជើង‌ពាន​រៀង​ខ្លួន​ទៅ​ដាក់​ភ្លើង ហើយ​រោយ​គ្រឿង​ក្រអូប​ពី​លើ គឺ​បាន​យក​ភ្លើង​ដទៃ​ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ឥត​បាន​បង្គាប់​ឡើយ

2. នោះ​ស្រាប់​តែ​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក បញ្ឆេះ​អ្នក​ទាំង​២​នោះ ឲ្យ​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ

3. ម៉ូសេ​ក៏​និយាយ​នឹង​អើរ៉ុន​ថា នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ថា ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​អញ បាន​លើក​អញ​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​អញ​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ ដូច្នេះ អើរ៉ុន​ក៏​នៅ​ស្ងៀម

4. នោះ​ម៉ូសេ លោក​ហៅ​មីសា‌អែល និង​អែល‌សា‌ផាន ជា​កូន​អ៊ូស៊ាល ដែល​ត្រូវ​ជា​មា​អើរ៉ុន មក​បង្គាប់​ថា ចូរ​មក​សែង​យក​ខ្មោច​បង​ប្អូន​ឯង ចេញ​ពី​មុខ​ទី​បរិសុទ្ធ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ

5. គេ​ក៏​ចូល​ទៅ​ចាប់​អាវ​ខ្មោច​ទាំង​នោះ សែង​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល តាម​បង្គាប់​ម៉ូសេ

6. រួច​ម៉ូសេ​ប្រាប់​ដល់​អើរ៉ុន ហើយ​អេលាសារ និង​អ៊ីថាម៉ារ​ជា​កូន​លោក​ថា កុំ​ឲ្យ​អ្នក​រាល់​គ្នា​បើក​ក្បាល​ឲ្យ​នៅ​ទទេ​ឡើយ ក៏​កុំ​ហែក​សំលៀក‌បំពាក់​ខ្លួន​ដែរ ក្រែង​លោ​ស្លាប់ ហើយ​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ខ្ញាល់​នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា​ផង តែ​ត្រូវ​ឲ្យ​បង​ប្អូន​អ្នក​រាល់​គ្នា គឺ​ជា​ពួក‌វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​កាន់​ទុក្ខ ដោយ​ព្រោះ​ភ្លើង​ដែល​ព្រះ‌យេហូវ៉ា​បាន​បញ្ឆេះ​គេ​វិញ

7. មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ត្រសាល​ជំនុំ​ឡើយ ក្រែង​នឹង​ត្រូវ​ស្លាប់ ដ្បិត​ប្រេង​ចាក់​លាប​របស់​ព្រះ‌យេហូវ៉ា​នៅ​ជាប់​លើ​អ្នក​រាល់​គ្នា​ហើយ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​ម៉ូសេ។

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អើរ៉ុន​ថា

9. កាល​ណា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ នោះ​កុំ​ឲ្យ​ឯង ឬ​ពួក​កូន​ឯង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក្រែង​លោ​ស្លាប់ នេះ​ហើយ​ជា​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ពូជ​ដំណ​ឯង​ត​ទៅ

10. គឺ​ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា និង​របស់​ស្មោក‌គ្រោក​ចេញ​ពី​របស់​ដែល​ស្អាត

11. ហើយ​ឲ្យ​បាន​បង្រៀន​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បញ្ញត្ត ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​ដោយ‌សារ​ម៉ូសេ។

12. រួច​ម៉ូសេ​បង្គាប់​ដល់​អើរ៉ុន ហើយ​អេលាសារ និង​អ៊ីថាម៉ារ គឺ​ជា​កូន​អើរ៉ុន​ដែល​នៅ​សល់​ថា ចូរ​យក​ដង្វាយ​ម្សៅ​ដែល​សល់​ពី​ដង្វាយ​ព្រះ‌យេហូវ៉ា ទៅ​បរិភោគ​ដោយ​ឥត​ដំបែ​នៅ​ខាង​អាសនា​ទៅ ដ្បិត​ដង្វាយ​នោះ​ជា​របស់​បរិសុទ្ធ​បំផុត

13. ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​ដង្វាយ​នោះ​នៅ​ទី​កន្លែង​បរិសុទ្ធ ដ្បិត​នេះ​ជា​ចំណែក​របស់​បង និង​ពួក​កូន​របស់​បង ពី​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ទទួល​បង្គាប់​មក​យ៉ាង​ដូច្នេះ​ហើយ

សូមអានជំពូកពេញលេញ លេវីវិន័យ 10