គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូអែល 2:22-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ម្នាល​សត្វ​នៅ​ផែនដី​ទាំង‌ឡាយ កុំ​ខ្លាច​អ្វី ដ្បិត​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​កំពុង​លូត‌លាស់​ឡើង ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក៏​កើត​ផល ឯ​ដើម​ល្វា និង​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​បញ្ចេញ​សម្បត្តិ​វា

23. ដូច្នេះ​ពួក​កូន​ស្រុក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ​ឡើង ចូរ​មាន​សេចក្តី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ ពី​ព្រោះ​ទ្រង់​ប្រទាន​ភ្លៀង​ដំបូង​មក​តាម​ខ្នាត​ត្រឹម​ត្រូវ ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ សំរាប់​ឯង​រាល់​គ្នា គឺ​ជា​ភ្លៀង​ដើម និង​ភ្លៀង​ចុង​រដូវ ដូច​កាល​មុន

24. អស់​ទាំង​ទីលាន​នឹង​បាន​ពេញ​ដោយ​ស្រូវ‌សាលី ហើយ​ធុង​ទាំង​ប៉ុន្មាន​នឹង​ពេញ​ព្រៀប​ទៅ ដោយ​ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង

25. អញ​នឹង​សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយ​កណ្តូប​ចង្រិត ដង្កូវ និង​ក្រា គឺ​ជា​កង‌ទ័ព​ធំ​របស់​អញ ដែល​អញ​បាន​ចាត់​ប្រើ​មក​កណ្តាល​ឯង​រាល់​គ្នា​នោះ

26. ឯង​រាល់​គ្នា​នឹង​បាន​ស៊ី​ជា​បរិបូរ ហើយ​បាន​ឆ្អែត​ផង ក៏​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ឯង​យ៉ាង​អស្ចារ្យ រួច​រាស្ត្រ​អញ​នឹង​មិន​ត្រូវ​មាន​សេចក្តី​ខ្មាស​ទៀត​ឡើយ

27. នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​ស្ថិត​នៅ​កណ្តាល​សាសន៍​អ៊ីស្រា‌អែល ហើយ​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ឥត​មាន​ព្រះ​ណា​ដទៃ​ទៀត យ៉ាង​នោះ រាស្ត្រ​អញ​នឹង​មិន​ត្រូវ​មាន​សេចក្តី​ខ្មាស​ទៀត​ឡើយ។

28. ក្រោយ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ ពួក​ចាស់ៗ​របស់​ឯង​នឹង​យល់‌សប្តិ​ឃើញ ហើយ​ពួក​កំឡោះៗ​របស់​ឯង​នឹង​ឃើញ​ការ​ជាក់​ស្តែង

29. នៅ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ ទៅ​លើ​ទាំង​ពួក​ទាសា​ទាសី​ដែរ

30. អញ​នឹង​សំដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ ហើយ​នៅ​ផែនដី​ផង គឺ​ជា​ឈាម និង​ភ្លើង ហើយ​នឹង​កំសួល​ផ្សែង

31. ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះ‌ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់

32. នោះ​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នឹង​បាន​ប្រោស​ឲ្យ​រួច ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សេចក្តី​សង្គ្រោះ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ទុក​ហើយ​ក្នុង​ពួក​មនុស្ស​ដែល​សល់​នៅ នឹង​មាន​អ្នក​ខ្លះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ហៅ​ផង។

សូមអានជំពូកពេញលេញ យ៉ូអែល 2