គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 9:4-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. នោះ​គេ​ក៏​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ក្លែង​ខ្លួន​ធ្វើ​ជា​រាជ‌ទូត​ចូល​មក​មាន​ទាំង​បាវ​ចាស់ៗ ដាក់​ផ្ទុក​លើ​លា​គេ និង​ថង់​ស្បែក​សំរាប់​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ថង់​ស្បែក​ចាស់​ហើយ​ធ្លាយ​បាន​ចង​ខ្ជឹប​វិញ​ផង

5. ក៏​ពាក់​ស្បែក​ជើង​កញ្ចាស់​ប៉ះ​យ៉ាង​ញឹក ហើយ​ស្លៀក‌ពាក់​កញ្ចាស់​ផង ឯ​នំបុ័ង​ដែល​យក​មក​សំរាប់​បរិភោគ​តាម​ផ្លូវ នោះ​សុទ្ធ​តែ​ស្វិត ហើយ​ដុះ​ផ្សិត​អស់​រលីង

6. គេ​មក​ដល់​យ៉ូស្វេ​ក្នុង​ទី​ដំឡើង​ត្រសាល ត្រង់​គីល‌កាល និយាយ​នឹង​លោក ព្រម​ទាំង​ពួក​អ៊ីស្រា‌អែល​ថា យើង​ខ្ញុំ​បាន​មក​ពី​ស្រុក​ឆ្ងាយ ដូច្នេះ​សូម​លោក​តាំង​សេចក្ដី​សញ្ញា​នឹង​យើង​ខ្ញុំ​ចុះ

7. តែ​ពួក​អ៊ីស្រា‌អែល​ឆ្លើយ​នឹង​ពួក​សាសន៍​ហេវី​នោះ​ថា ក្រែង​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​យើង​នេះ​ដែរ​ទេ​ដឹង ដូច្នេះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​តាំង​សញ្ញា​នឹង​អ្នក​រាល់​គ្នា​បាន

8. នោះ​គេ​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​លោក​ពិត តែ​យ៉ូស្វេ​សួរ​គេ​ថា តើ​អ្នក​រាល់​គ្នា​ជា​សាសន៍​ណា ហើយ​មក​ពី​ណា

9. គេ​ក៏​ជំរាប​ថា យើង​ខ្ញុំ​ប្របាទ​បាន​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ល្បី​ព្រះ‌នាម​ទ្រង់ និង​ពី​អស់​ទាំង​ការ​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​ហើយ

10. ព្រម​ទាំង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត គឺ​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន និង​អុក​ជា​ស្តេច​ស្រុក​បាសាន នៅ​ទី​ក្រុង​អាស‌ថារ៉ូត

11. ដូច្នេះ​ពួក​ចាស់‌ទុំ និង​ពួក​អ្នក​ស្រុក​យើង​ខ្ញុំ​ទាំង​អស់ គេ​បាន​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​យក​ស្បៀង​អាហារ​ជាប់​នឹង​ខ្លួន សំរាប់​តាម​ផ្លូវ ទៅ​ជួប​នឹង​លោក​ជំរាប​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​លោក​ហើយ ដូច្នេះ​សូម​តាំង​សញ្ញា​នឹង​យើង​ខ្ញុំ​ចុះ

12. ឯ​នំបុ័ង​យើង​ខ្ញុំ​នេះ បាន​យក​ពី​ផ្ទះ​យើង​ខ្ញុំ​មក​ទាំង​ក្តៅ សំរាប់​ជា​ស្បៀង​តាម​ផ្លូវ តាំង​ពី​ថ្ងៃ​ដែល​យើង​ខ្ញុំ​បាន​ចេញ​មក​ឯ​លោក​រាល់​គ្នា តែ​ឥឡូវ​នេះ មើល បាន​ស្វិត ហើយ​ដុះ​ផ្សិត​អស់​រលីង

13. ឯ​ថង់​ស្បែក​សំរាប់​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​នេះ ក៏​ថ្មី​សុទ្ធ​ក្នុង​កាល​ដែល​យើង​ខ្ញុំ​បាន​ចាក់​ចូល​ពេញ​នោះ​ដែរ តែ​មើល ឥឡូវ​នេះ​ទៅ​ជា​កណ្តាច​អស់​វិញ សំលៀក‌បំពាក់ និង​ស្បែក​ជើង​យើង​ខ្ញុំ​នេះ​សោត ក៏​ទៅ​ជា​ចាស់​អស់ ដោយ​ព្រោះ​ផ្លូវ​ឆ្ងាយ​ទាំង​ម៉្លេះ

14. នោះ​ពួក​អ៊ីស្រា‌អែល​ក៏​ទទួល​បរិភោគ​ពី​ស្បៀង​អាហារ​គេ ឥត​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ

សូមអានជំពូកពេញលេញ យ៉ូស្វេ 9