គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 9:14-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. នោះ​ពួក​អ៊ីស្រា‌អែល​ក៏​ទទួល​បរិភោគ​ពី​ស្បៀង​អាហារ​គេ ឥត​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ

15. ដូច្នេះ​យ៉ូស្វេ​ក៏​ព្រម​ចង​ជា​ស្ពាន​មេត្រី​នឹង​គេ ព្រម​ទាំង​តាំង​សញ្ញា​ឲ្យ​គេ​បាន​នៅ​រស់​ត​ទៅ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ ក៏​ស្បថ​នឹង​គេ​ដែរ។

16. លុះ​ដល់​ផុត​៣​ថ្ងៃ​ក្រោយ ដែល​បាន​តាំង​សញ្ញា​នឹង​គេ​មក នោះ​ក៏​ឮ​ថា ពួក​អ្នក​នោះ​ជា​អ្នក​ជិត​ខាង ដែល​នៅ​ក្នុង​ស្រុក​នោះ​វិញ

17. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នៅ​ថ្ងៃ​ទី​៣ រីឯ​ទី​ក្រុង​ទាំង​នោះ គឺ​គីបៀន​១ កេភីរ៉ា​១ ប្អៀរ៉ុត​១ និង​គារយ៉ាត់-យារីម​១

18. តែ​មិន​បាន​វាយ​គេ​ទេ ដ្បិត​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ បាន​ស្បថ​នឹង​គេ​ហើយ ដោយ​នូវ​ព្រះ‌នាម​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​រទូ‌រទាំ ទាស់​នឹង​ពួក​អ្នក ដែល​ជា​កំពូល​នោះ

19. តែ​ពួក​នោះ​និយាយ​ទៅ​ពួក​ជំនុំ​ទាំង​អស់​ថា យើង​បាន​ស្បថ​នឹង​គេ ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ហើយ ដូច្នេះ​យើង​គ្មាន​ច្បាប់​នឹង​ពាល់​គេ​ឡើយ

20. ចូរ​យើង​ធ្វើ​ដូច្នេះ​នឹង​គេ​វិញ ទុក​ឲ្យ​គេ​នៅ​រស់​ចុះ ខ្លាច​ក្រែង​មាន​សេចក្ដី​ក្រោធ​មក​លើ​យើង​រាល់​គ្នា ដោយ​ព្រោះ​សម្បថ​របស់​យើង

21. រួច​ពួក​អ្នក​ដែល​ជា​កំពូល​ក៏​និយាយ​ទៀត​ថា ចូរ​ឲ្យ​គេ​រស់​នៅ​ចុះ ដូច្នេះ​គេ​ក៏​ត្រឡប់​ជា​អ្នក​កាប់​ឱស ហើយ​រែក​ទឹក ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា ដូច​ជា​ពួក​អ្នក​ដែល​ជា​កំពូល​បាន​ប្រាប់​ហើយ។

22. យ៉ូស្វេ​ក៏​ហៅ​គេ​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​បាន​បញ្ឆោត​យើង​ដូច្នេះ ដោយ​ថា យើង​ខ្ញុំ​នៅ​ឆ្ងាយ​ពី​លោក​ណាស់ តែ​ឯង​រាល់​គ្នា​នៅ​ជា​មួយ​នឹង​យើង​វិញ

23. ដូច្នេះ​ឯង​រាល់​គ្នា​ត្រូវ​បណ្តាសា​ឥឡូវ ពួក​ឯង​រាល់​គ្នា​នឹង​មិន​ដែល​រួច​ពី​ការ​ជា​បាវ​បំរើ​ឡើយ គឺ​ត្រូវ​កាប់​ឧស​ហើយ​រែក​ទឹក សំរាប់​ដំណាក់​ព្រះ​នៃ​អញ​ជានិច្ច

24. គេ​ក៏​ឆ្លើយ​តប​ថា គឺ​ដោយ​ព្រោះ​មាន​គេ​ប្រាប់​មក​យើង​ខ្ញុំ​ប្របាទ​ជា​ប្រាកដ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ទ្រង់​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​ចែក​ស្រុក​នេះ​ទាំង​អស់​ដល់​លោក​រាល់​គ្នា ហើយ​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ទាំង​អស់ ពី​មុខ​លោក​ចេញ ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ ដោយ​នឹក​ភ័យ​ខ្លាច​នឹង​ជីវិត​យើង​ខ្ញុំ​ជា​ខ្លាំង ដោយ​ព្រោះ​លោក​រាល់​គ្នា

25. ឥឡូវ​នេះ មើល​យើង​ខ្ញុំ​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ហើយ សូម​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​ដែល​លោក​គិត​ថា​ស្រួល ហើយ​ត្រឹម‌ត្រូវ​ចុះ

26. យ៉ូស្វេ​ក៏​ធ្វើ​ដូច្នោះ​នឹង​គេ ព្រម​ទាំង​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​ស្លាប់​ឡើយ

27. នៅ​ថ្ងៃ​នោះ​ឯង យ៉ូស្វេ​បាន​ដំរូវ​គេ​ឲ្យ​ធ្វើ​ជា​ពួក​អ្នក​កាប់​ឧស ហើយ​រែក​ទឹក​ដល់​ពួក​ជំនុំ និង​សំរាប់​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា នៅ​គ្រប់​កន្លែង​ណា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​រើស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 9