គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 8:9-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. យ៉ូស្វេ​ក៏​ចាក់​គេ​ឲ្យ​ទៅ ហើយ​គេ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល និង​អៃយ គឺ​នៅ​ខាង​លិច​ក្រុង​អៃយ តែ​លោក​ស្នាក់​នៅ​កណ្តាល​ពួក​ជន​ក្នុង​យប់​នោះ​វិញ។

10. លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ទើប​នឹង​ភ្លឺ​ស្រាងៗ នោះ​យ៉ូស្វេ​លោក​ត្រួត‌ត្រា​មើល​បណ្តា​ទ័ព រួច​លោក និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​មុខ​គេ​ឡើង​ទៅ​ឯ​ក្រុង​អៃយ

11. ឯ​ពួក​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​ឡើង​ចូល​ទៅ​ជិត​ពី​ខាង​មុខ​ទី​ក្រុង ហើយ​បោះ​ទ័ព​នៅ​ជា​ខាង​ជើង មាន​វាល​ច្រក​ភ្នំ​នៅ​កណ្តាល​គេ ហើយ​នឹង​ទី​ក្រុង

12. លោក​បាន​រើស​យក​ប្រហែល​ជា​៥​ពាន់​នាក់ ចាត់​ឲ្យ​ទៅ​បង្កប់​ខ្លួន នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល និង​អៃយ ពី​ខាង​លិច​ទី​ក្រុង​នោះ

13. ដូច្នេះ​កាល​បាន​ចាត់​ពួក​បណ្តា​ទ័ព​ឲ្យ​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន គឺ​ពួក​ពល‌ទ័ព​ដែល​ត្រូវ​នៅ​ខាង​ជើង​ទី​ក្រុង និង​ពួក​អ្នក​ដែល​ត្រូវ​បង្កប់​ខ្លួន នៅ​ខាង​លិច​រួច​ស្រេច​ហើយ នោះ​យ៉ូស្វេ​ក៏​នៅ​ឯ​កណ្តាល​វាល​ច្រក​ភ្នំ នៅ​វេលា​យប់​នោះ​ឯង។

14. កាល​ស្តេច​ក្រុង​អៃយ​បាន​ឃើញ​ដូច្នោះ នោះ​ពួក​ក្រុង​ទាំង​អស់​គ្នា ក៏​ប្រញាប់‌ប្រញាល់​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្តេច និង​រាស្ត្រ​ទាំង​អស់ ក៏​ចេញ​ទៅ​ឯ​កន្លែង​ដែល​បាន​កំណត់​ទុក​ជា​មុន ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​ត្រង់​វាល​នោះ ឥត​ដឹង​ជា​មាន​ពល​បង្កប់​ទាស់​នឹង​គេ នៅ​ជា​ខាង​ក្រោយ​ទី​ក្រុង​ទេ

15. ឯ​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ធ្វើ​ដូច​ជា​ចាញ់​នៅ​មុខ​អ្នក​ទាំង​នោះ ក៏​នាំ​គ្នា​រត់​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ទៅ

16. លំដាប់​នោះ មាន​គេ​ហៅ​ពួក​បណ្តា‌ជន​ដែល​នៅ​ក្នុង​ក្រុង ឲ្យ​ប្រមូល​មក​មូល​គ្នា​ដេញ​តាម​ដែរ រួច​គេ​ក៏​ដេញ​តាម​យ៉ូស្វេ ហើយ​ត្រូវ​ប្រទាញ​នាំ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង

17. គ្មាន​សល់​មនុស្ស​ណា​មួយ​នៅ​ក្នុង​ក្រុង​អៃយ និង​បេត-អែល ដែល​មិន​បាន​ចេញ​ទៅ​ដេញ​តាម​សាសន៍​អ៊ីស្រា‌អែល​នោះ​ឡើយ គេ​បាន​ទុក​ទី​ក្រុង​ឲ្យ​នៅ​ចំហ ដេញ​តាម​ពួក​អ៊ីស្រា‌អែល​ទៅ។

18. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា ចូរ​លើក​លំពែង​ដែល​កាន់​នៅ​ដៃ ដំរង់​ទៅ​ឯ​ក្រុង​អៃយ​ទៅ ដ្បិត​អញ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នោះ​យ៉ូស្វេ​ក៏​លើក​លំពែង​ដែល​កាន់​នៅ​ដៃ​ឡើង ដំរង់​ទៅ​ឯ​ទី​ក្រុង​នោះ

19. កាល​លោក​លើក​ដៃ​ឡើង នោះ​ពួក​ទ័ព​បង្កប់​ក៏​ស្ទុះ​ចេញ​ពី​កន្លែង​គេ​ជា​ប្រញាប់ រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង​ភ្លាម ក៏​ចាប់​យក ហើយ​ប្រញាប់‌ប្រញាល់​នឹង​បង្កាត់​ភ្លើង​ដុត​ឡើង

20. រួច​កាល​ពួក​ក្រុង​អៃយ បាន​ងាក​បែរ​មើល​ទៅ​ក្រោយ ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ទី​ក្រុង ទៅ​លើ​មេឃ​ដូច្នោះ នោះ​គេ​គ្មាន​កំឡាំង​នឹង​រត់​ទៅ​ឲ្យ​រួច ទោះ​ខាង​នេះ ឬ​ខាង​នោះ​ឡើយ ឯ​ពួក​អ៊ីស្រា‌អែល​ដែល​កំពុង​តែ​រត់​ទៅ​ឯ​ទី​រហោ‌ស្ថាន គេ​ក៏​វិល​បែរ​មក​ទាស់​នឹង​ពួក​អ្នក​ដែល​ដេញ​តាម​ខ្លួន​វិញ

21. ហើយ​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា កាល​ឃើញ​ថា​ពួក​ទ័ព​បង្កប់​បាន​យក​ទី​ក្រុង ហើយ​មាន​ផ្សែង​ហុយ​ឡើង​ដូច្នោះ នោះ​ក៏​វិល​ចូល​មក​សំឡាប់​ពួក​ក្រុង​អៃយ​វិញ​ដែរ

22. ហើយ​ពួក​ដែល​ដុត​ទី​ក្រុង ក៏​ចេញ​មក​ទាស់​នឹង​គេ​ទៀត ដូច្នេះ​គេ​ក៏​នៅ​ជា​កណ្តាល​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​មាន​ខ្លះ​នៅ​ខាង​ណេះ ខ្លះ​នៅ​ខាង​ណោះ ហើយ​ក៏​ផ្ទប់​វាយ​គេ ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់​ឬ​រត់​រួច​បាន​ឡើយ

23. ឯ​ស្តេច​ក្រុង​អៃយ នោះ​គេ​ចាប់​យក​បាន​ទាំង​រស់ នាំ​ទៅ​ជូន​ដល់​យ៉ូស្វេ។

24. កាល​ពួក​អ៊ីស្រា‌អែល​បាន​សំឡាប់​ពួក​ក្រុង​អៃយ​ទាំង​ប៉ុន្មាន នៅ​វាល​ស្រែ និង​នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​បាន​ដេញ​តាម ហើយ​គេ​បាន​ដួល​ស្លាប់ ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា​ជា​ស្រេច​ហើយ នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ត្រឡប់​ចូល​ទៅ​វាយ​ទី​ក្រុង​អៃយ ដោយ​មុខ​ដាវ​ដែរ

25. ឯ​ពួក​មនុស្ស ទាំង​ប្រុស​ទាំង​ស្រី ដែល​ដួល​ស្លាប់ នៅ​ថ្ងៃ​នោះ មាន​ចំនួន​ជា​១​ម៉ឺន​២​ពាន់​នាក់ គឺ​ជា​ពួក​ក្រុង​អៃយ​ទាំង​អស់​គ្នា

26. ដ្បិត​យ៉ូស្វេ​មិន​បាន​ដក​ដៃ ដែល​លើក​លំពែង​ឡើង​នោះ​មក​វិញ​ឡើយ ទាល់​តែ​បាន​បំផ្លាញ​ពួក​ក្រុង​អៃយ​អស់​រលីង​ទៅ

27. ពួក​អ៊ីស្រា‌អែល​បាន​យក​តែ​ហ្វូង​សត្វ និង​របស់​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ ទុក​ជា​របឹប​សំរាប់​ខ្លួន​ប៉ុណ្ណោះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​បង្គាប់​មក​យ៉ូស្វេ

សូមអានជំពូកពេញលេញ យ៉ូស្វេ 8