គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 8:29-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. ឯ​ស្តេច​នៃ​ក្រុង​អៃយ​នោះ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​ទាល់​តែ​ល្ងាច រួច​ដល់​ថ្ងៃ​លិច លោក​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ក៏​ប្រគរ​គំនរ​ថ្ម​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

30. នៅ​គ្រា​នោះ យ៉ូស្វេ​លោក​ស្អាង​អាស‌នា​១ ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​លើ​ភ្នំ​អេបាល

31. ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ដូច​ជា​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ដែរ គឺ​ជា​អាស‌នា​ដែល​ធ្វើ​ពី​ដុំ​ថ្ម​ទាំង​មូល ឥត​មាន​អ្នក​ណា​ដាប់​ដោយ​ដែក​ឡើយ រួច​គេ​ក៏​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នៅ​លើ​អាស‌នា​នោះ ព្រម​ទាំង​ដង្វាយ​មេត្រី​ផង

32. នៅ​ទី​នោះ លោក​ចារឹក​ថ្ម​ចម្លង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​លោក​បាន​កត់​ទុក នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

33. នោះ​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ទាំង​ពួក​ចាស់‌ទុំ និង​ពួក​នា​យក ហើយ​ពួក​ចៅ‌ក្រម គេ​ក៏​ឈរ​ទាំង​សង​ខាង​ហឹប នៅ​មុខ​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ទោះ​ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ និង​ពួក​អ្នក​ស្រុក​ផង ពួក​គេ​១​ចំហៀង​ឈរ​ខាង​ភ្នំ​កេរិស៊ីម ហើយ​១​ចំហៀង​ឈរ​ខាង​ភ្នំ​អេបាល ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​កាល​ពី​មុន ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​ពរ​ដល់​ពួក​អ៊ីស្រា‌អែល

34. រួច​មក លោក​ក៏​អាន​មើល​អស់​ទាំង​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ ទោះ​ទាំង​ព្រះ‌ពរ និង​សេចក្ដី​បណ្តាសា​ទាំង​ប៉ុន្មាន​ផង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ

35. ក្នុង​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​យ៉ូស្វេ នោះ​គ្មាន​ពាក្យ​ណា​មួយ​ដែល​យ៉ូស្វេ​មិន​បាន​អាន​មើល នៅ​មុខ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នោះ​ទេ ហើយ​ក៏​មាន​ពួក​ស្រីៗ ពួក​ក្មេងៗ និង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​គេ​ដែរ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 8