គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 8:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ចូរ​ក្រោក​ឡើង នាំ​យក​ពួក​ដែល​ថ្នឹក​ច្បាំង​ទាំង​អស់ ទៅ​ជា​មួយ​នឹង​ឯង ឡើង​ទៅ​ឯ​ក្រុង​អៃយ​ចុះ មើល អញ​បាន​ប្រគល់​ស្តេច​ក្រុង​អៃយ ព្រម​ទាំង​ពួក​រាស្ត្រ និង​ទី​ក្រុង ហើយ​នឹង​ស្រុក​របស់​ស្តេច​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ

2. ដូច្នេះ​ត្រូវ​ឲ្យ​ធ្វើ​នឹង​ក្រុង​អៃយ ហើយ​នឹង​ស្តេច​ផង ដូច​ជា​បាន​ធ្វើ​នឹង​យេរីខូរ ហើយ​នឹង​ស្តេច​គេ​ដែរ ចូរ​យក​តែ​របស់​ទាំង​ប៉ុន្មាន និង​ហ្វូង​សត្វ ទុក​សំរាប់​ជា​របឹប ដល់​ខ្លួន​ឯង​រាល់​គ្នា​ប៉ុណ្ណោះ​ត្រូវ​ឲ្យ​ឯង​បង្កប់​ទ័ព​នៅ​ខាង​ក្រោយ​ទី​ក្រុង​វិញ។

3. ដូច្នេះ​យ៉ូស្វេ និង​ពួក​ដែល​ថ្នឹក​ច្បាំង​ទាំង​អស់​គ្នា ក៏​ប្រុង‌ប្រៀប​រៀប​នឹង​ឡើង​ទៅ​ឯ​ក្រុង​អៃយ លោក​រើស​យក​សុទ្ធ​តែ​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ បាន​ចំនួន​៣​ម៉ឺន​នាក់ ចាត់​គេ​ទៅ​ទាំង​យប់

4. ដោយ​បង្គាប់​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​បង្កប់​ខ្លួន នៅ​ខាង​ក្រោយ​ទី​ក្រុង កុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពេក​ឡើយ ត្រូវ​ឲ្យ​ប្រុង‌ប្រៀប​ជា​ស្រេច​ទាំង​អស់​គ្នា

5. ឯ​អញ និង​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ យើង​នឹង​ចូល​ទៅ​ជិត​ទី​ក្រុង រួច​កាល​ណា​គេ​ចេញ​មក ត​នឹង​យើង​ដូច​ជា​ជាន់​មុន នោះ​យើង និង​រត់​ពី​មុខ​គេ​ចេញ​ទៀត

6. ដូច្នេះ គេ​នឹង​ចេញ​មក​ដេញ​តាម​យើង ទាល់​តែ​យើង​បាន​ទាញ​នាំ​គេ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង​ទៅ គេ​នឹង​គិត​ថា យើង​រត់​ពី​មុខ​គេ​ទៅ ដូច​ជាន់​មុន​ទៀត ដោយ​យើង​រត់​ពី​មុខ​គេ​ទៅ​យ៉ាង​នោះ

7. នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ក្រោក​ឡើង ពី​កន្លែង​ដែល​បង្កប់​ខ្លួន​នោះ ចូល​ទៅ​ចាប់​យក​ទី​ក្រុង​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង

8. រួច​កាល​ណា​ឯង​រាល់​គ្នា​យក​បាន​ទី​ក្រុង​ហើយ នោះ​ត្រូវ​ឲ្យ​បង្កាត់​ភ្លើង​ដុត​ឡើង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ មើល អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ហើយ

9. យ៉ូស្វេ​ក៏​ចាក់​គេ​ឲ្យ​ទៅ ហើយ​គេ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល និង​អៃយ គឺ​នៅ​ខាង​លិច​ក្រុង​អៃយ តែ​លោក​ស្នាក់​នៅ​កណ្តាល​ពួក​ជន​ក្នុង​យប់​នោះ​វិញ។

10. លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ទើប​នឹង​ភ្លឺ​ស្រាងៗ នោះ​យ៉ូស្វេ​លោក​ត្រួត‌ត្រា​មើល​បណ្តា​ទ័ព រួច​លោក និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​មុខ​គេ​ឡើង​ទៅ​ឯ​ក្រុង​អៃយ

11. ឯ​ពួក​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​ឡើង​ចូល​ទៅ​ជិត​ពី​ខាង​មុខ​ទី​ក្រុង ហើយ​បោះ​ទ័ព​នៅ​ជា​ខាង​ជើង មាន​វាល​ច្រក​ភ្នំ​នៅ​កណ្តាល​គេ ហើយ​នឹង​ទី​ក្រុង

12. លោក​បាន​រើស​យក​ប្រហែល​ជា​៥​ពាន់​នាក់ ចាត់​ឲ្យ​ទៅ​បង្កប់​ខ្លួន នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល និង​អៃយ ពី​ខាង​លិច​ទី​ក្រុង​នោះ

13. ដូច្នេះ​កាល​បាន​ចាត់​ពួក​បណ្តា​ទ័ព​ឲ្យ​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន គឺ​ពួក​ពល‌ទ័ព​ដែល​ត្រូវ​នៅ​ខាង​ជើង​ទី​ក្រុង និង​ពួក​អ្នក​ដែល​ត្រូវ​បង្កប់​ខ្លួន នៅ​ខាង​លិច​រួច​ស្រេច​ហើយ នោះ​យ៉ូស្វេ​ក៏​នៅ​ឯ​កណ្តាល​វាល​ច្រក​ភ្នំ នៅ​វេលា​យប់​នោះ​ឯង។

សូមអានជំពូកពេញលេញ យ៉ូស្វេ 8