គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 7:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ​បាប គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​អញ ដែល​បាន​បង្គាប់​ដល់​គេ​ហើយ គេ​បាន​ទាំង​យក​របស់ ដែល​ញែក​ទុក​សំរាប់​នឹង​បំផ្លាញ​ទៅ គឺ​គេ​បាន​លួច ហើយ​ក៏​កុហក​ដែរ ព្រម​ទាំង​យក​របស់​នោះ ទៅ​ទុក​ជា​មួយ​នឹង​អីវ៉ាន់​របស់​គេ​ផង

12. ដោយ​ហេតុ​នោះ បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពុំ​អាច​នឹង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​គេ​បាន​ឡើយ ដែល​គេ​បែរ​ខ្នង​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ នោះ​គឺ​ពី​ព្រោះ​គេ​បាន​ត្រឡប់​ទៅ​ជា​ត្រូវ​បំផ្លាញ​ដែរ បើ​ឯង​រាល់​គ្នា​មិន​បំផ្លាញ​របស់ ដែល​សំរាប់​បំផ្លាញ​ពី​ពួក​ឯង​ចេញ​ទេ នោះ​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទៀត​ឡើយ

13. ចូរ​ក្រោក​ឡើង​ញែក​ពួក​ជន​ចេញ​ជា​បរិសុទ្ធ​ចុះ ហើយ​ប្រាប់​គេ​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​ទាន់​ពេល​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​អ៊ីស្រា‌អែល​អើយ មាន​របស់​ដែល​សំរាប់​បំផ្លាញ​នៅ​ក្នុង​ពួក​ឯង ហើយ​ឯង​ពុំ​អាច​នឹង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ ទាល់​តែ​បាន​ដក​របស់​ដែល​សំរាប់​បំផ្លាញ​នោះ ពី​ពួក​ឯង​ចេញ

14. ដូច្នេះ​ដល់​ព្រឹក​ឡើង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចូល​មក​តាម​ពូជ​អំបូរ​របស់​ឯង នោះ​ពូជ​អំបូរ​ណា ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស​យក នឹង​ត្រូវ​មក​តាម​គ្រួ​គេ ហើយ​គ្រួ​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស​យក នោះ​ត្រូវ​មក​តាម​ពួក​គេ ហើយ​ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស​យក នោះ​ត្រូវ​មក​ម្នាក់​ម្តងៗ

15. ឯ​អ្នក​ណា​ដែល​ត្រូវ​ចាប់ ដោយ​ព្រោះ​បាន​យក​របស់​ដែល​សំរាប់​បំផ្លាញ នោះ​នឹង​ត្រូវ​ដុត​ទៅ​ក្នុង​ភ្លើង ព្រម​ទាំង​សព្វ​សារពើ​របស់​អ្នក​នោះ​ផង ពី​ព្រោះ​បាន​ប្រព្រឹត្ត​រំលង​នឹង​សេចក្ដី​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា ហើយ​បាន​ធ្វើ​ការ​ចំកួត​ក្នុង​ពួក​អ៊ីស្រា‌អែល។

16. យ៉ូស្វេ​ក៏​ក្រោក​ពី​ព្រលឹម នាំ​ពួក​អ៊ីស្រា‌អែល​មក​តាម​ពូជ​អំបូរ​គេ នោះ​ក៏​ជាប់​ខាង​ពូជ​អំបូរ​យូដា

17. រួច​លោក​ឲ្យ​គ្រួ​យូដា​ទាំង​ប៉ុន្មាន​ចូល​មក ហើយ​លោក​ចាប់​យក​គ្រួ​សេរ៉ាស លោក​ក៏​ឲ្យ​គ្រួ​សេរ៉ាស​ចូល​មក​ម្នាក់​ម្តងៗ នោះ​ជាប់​សាប់ឌី

18. ហើយ​លោក​ឲ្យ​ពួក​សាប់ឌី​ចូល​មក​ម្នាក់​ម្តងៗ នោះ​ជាប់​អេកាន​ជា​កូន​កើមី ដែល​កើមី​ជា​កូន​សាប់ឌីៗ​ជា​កូន​សេរ៉ាស ក្នុង​ពូជ​អំបូរ​យូដា

19. យ៉ូស្វេ​ក៏​និយាយ​នឹង​អេកាន​ថា កូន​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​លន់‌តួ​នឹង​ទ្រង់​ទៅ ចូរ​ប្រាប់​អញ​ពី​ការ​ដែល​ឯង​បាន​ធ្វើ កុំ​ឲ្យ​លាក់​នឹង​អញ​ឡើង

20. នោះ​អេកាន​ក៏​ឆ្លើយ​ជំរាប​យ៉ូស្វេ​ថា ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ពិត​មែន គឺ​ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​នេះ​មួយៗ

21. ដ្បិត​ខ្ញុំ​បាន​ឃើញ​អាវ​១​យ៉ាង​ល្អ​ពី​ស្រុក​ស៊ីណើរ និង​ប្រាក់​២​រយ​រៀល ហើយ​មាស​១​ដុល ទំងន់​៥០​ដំឡឹង​នៅ​ក្នុង​របឹប នោះ​ខ្ញុំ​កើត​មាន​ចិត្ត​លោភ​ចង់​បាន រួច​ក៏​យក​ទៅ មើល របស់​ទាំង​នោះ​បាន​កប់​នៅ​ក្នុង​ដី នា​កណ្តាល​ត្រសាល​របស់​ខ្ញុំ ឯ​ប្រាក់​នៅ​ជា​ខាង​ក្រោម។

22. ដូច្នេះ​យ៉ូស្វេ​ចាត់​មនុស្ស​ឲ្យ​ទៅ ហើយ​គេ​រត់​ទៅ​ឯ​ត្រសាល​នោះ ឃើញ​មាន​របស់​ទាំង​នោះ​កប់ នៅ​ក្នុង​ត្រសាល ហើយ​ប្រាក់​ក៏​នៅ​ពី​ក្រោម​មែន

សូមអានជំពូកពេញលេញ យ៉ូស្វេ 7