គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 7:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ប៉ុន្តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​រំលង​ចំពោះ​របស់​ដែល​សំរាប់​បំផ្លាញ​វិញ ដ្បិត​មាន​អេកាន​ជា​កូន​កើមី ដែល​កើមី​ជា​កូន​សាប់ឌីៗ​ជា​កូន​សេរ៉ាស ក្នុង​ពូជ​អំបូរ​យូដា គាត់​បាន​យក​របស់​ខ្លះ​ដែល​ត្រូវ​បំផ្លាញ ហើយ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

2. ឯ​យ៉ូស្វេ​លោក​ចាត់​មនុស្ស​ពី​ក្រុង​យេរីខូរ ទៅ​ឯ​ក្រុង​អៃយ ដែល​នៅ​ជិត​បេត-អាវេន នៅ​ខាង​កើត​បេត-អែល ដោយ​ពាក្យ​ថា ចូរ​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្រុង​អៃយ

3. រួច​ត្រឡប់​មក​ឯ​យ៉ូស្វេ​ជំរាប​ថា មិន​ចាំ​បាច់​ឲ្យ​ឡើង​ទៅ​ទាំង​អស់​គ្នា​ទេ សូម​ឡើង​ទៅ​តែ​មនុស្ស​២​ឬ​៣​ពាន់​នាក់​ប៉ុណ្ណោះ ដើម្បី​នឹង​វាយ​ក្រុង​អៃយ​នោះ​បាន​ហើយ សូម​កុំ​ឲ្យ​បង់​កំឡាំង​ទាំង​អស់​គ្នា​នឹង​ឡើង​ទៅ​ឡើយ ដ្បិត​គេ​មាន​គ្នា​តិច​ទេ

4. ដូច្នេះ​ក៏​មាន​ប្រហែល​ជា​៣​ពាន់​នាក់​នាំ​គ្នា​ឡើង​ទៅ តែ​គេ​ត្រូវ​រត់​ពី​មុខ​ពួក​ក្រុង​អៃយ​វិញ

5. ហើយ​ពួក​ក្រុង​អៃយ​ក៏​សំឡាប់​អស់​ប្រហែល​ជា​៣៦​នាក់ គេ​ដេញ​ពួក​អ៊ីស្រា‌អែល​ពី​មុខ​ទ្វារ​ក្រុង​ទៅ រហូត​ដល់​សេបារិម ទាំង​ប្រហារ​អ្នក​ទាំង​នោះ​នៅ​ត្រង់​ផ្លូវ​ចុះ ដូច្នេះ​ពួក​ជន​ទាំង‌ឡាយ ក៏​មាន​ចិត្ត​រលាយ​ទៅ​ដូច​ជា​ទឹក។

6. ឯ​យ៉ូស្វេ​លោក​ហែក​សំលៀក‌បំពាក់ ហើយ​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​នឹង​ដី​នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា ទាល់​តែ​ល្ងាច ព្រម​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង គេ​ក៏​ដាក់​ធូលី​ដី​នៅ​លើ​ក្បាល​រៀង​ខ្លួន​ដែរ

7. រួច​យ៉ូស្វេ​ទូល​ថា ដល់​ហើយ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​នាំ​ពួក​បណ្តា‌ជន​នេះ ឆ្លង​ទន្លេ​យ័រដាន់​មក ដើម្បី​នឹង​ប្រគល់​យើង​រាល់​គ្នា ទៅ​ក្នុង​កណ្តាប់​ដៃ​សាសន៍​អាម៉ូរី ឲ្យ​ត្រូវ​វិនាស​ដូច្នេះ គួរ​តែ​ឲ្យ​យើង​រាល់​គ្នា​បាន​សុខ​ចិត្ត នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ជា​ជាង

8. ឱ​ព្រះ‌អម្ចាស់​អើយ ដែល​ពួក​អ៊ីស្រា‌អែល​បែរ​ខ្នង​រត់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​យ៉ាង​នេះ តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ថា​ដូច​ម្តេច​វិញ

9. ដ្បិត​ពួក​សាសន៍​កាណាន និង​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​ប៉ុន្មាន គេ​នឹង​ឮ ហើយ​នឹង​ព័ទ្ធ​យើង​រាល់​គ្នា​ជុំវិញ រួច​គេ​នឹង​កាត់​ឈ្មោះ​យើង​រាល់​គ្នា​ពី​ផែនដី​ចេញ នោះ​តើ​ទ្រង់​នឹង​ធ្វើ​ដូច​ម្តេច សំរាប់​ព្រះ‌នាម​ទ្រង់​ដ៏​ជា​ធំ។

10. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​នឹង​យ៉ូស្វេ​ថា ចូរ​ក្រោក​ឡើង ម្តេច​ក៏​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ដូច្នេះ

11. ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ​បាប គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​អញ ដែល​បាន​បង្គាប់​ដល់​គេ​ហើយ គេ​បាន​ទាំង​យក​របស់ ដែល​ញែក​ទុក​សំរាប់​នឹង​បំផ្លាញ​ទៅ គឺ​គេ​បាន​លួច ហើយ​ក៏​កុហក​ដែរ ព្រម​ទាំង​យក​របស់​នោះ ទៅ​ទុក​ជា​មួយ​នឹង​អីវ៉ាន់​របស់​គេ​ផង

12. ដោយ​ហេតុ​នោះ បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពុំ​អាច​នឹង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​គេ​បាន​ឡើយ ដែល​គេ​បែរ​ខ្នង​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ នោះ​គឺ​ពី​ព្រោះ​គេ​បាន​ត្រឡប់​ទៅ​ជា​ត្រូវ​បំផ្លាញ​ដែរ បើ​ឯង​រាល់​គ្នា​មិន​បំផ្លាញ​របស់ ដែល​សំរាប់​បំផ្លាញ​ពី​ពួក​ឯង​ចេញ​ទេ នោះ​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទៀត​ឡើយ

13. ចូរ​ក្រោក​ឡើង​ញែក​ពួក​ជន​ចេញ​ជា​បរិសុទ្ធ​ចុះ ហើយ​ប្រាប់​គេ​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​ទាន់​ពេល​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​អ៊ីស្រា‌អែល​អើយ មាន​របស់​ដែល​សំរាប់​បំផ្លាញ​នៅ​ក្នុង​ពួក​ឯង ហើយ​ឯង​ពុំ​អាច​នឹង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ ទាល់​តែ​បាន​ដក​របស់​ដែល​សំរាប់​បំផ្លាញ​នោះ ពី​ពួក​ឯង​ចេញ

សូមអានជំពូកពេញលេញ យ៉ូស្វេ 7