គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 6:3-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា ជា​ពួក​ថ្នឹក​ច្បាំង ដើរ​ជុំវិញ​ទី​ក្រុង​អស់​៦​ថ្ងៃ ក្នុង​១​ថ្ងៃ​១​ជុំ

4. ត្រូវ​ឲ្យ​មាន​សង្ឃ​៧​រូប កាន់​ត្រែ​ស្នែង​ចៀម​ដើរ​នាំ​មុខ​ហឹប រួច​ដល់​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ឲ្យ​ដើរ​ព័ទ្ធ​ទី​ក្រុង​អស់​៧​ជុំ​ថែម​ទៀត ហើយ​ពួក​សង្ឃ​ត្រូវ​ផ្លុំ​ត្រែ​ឡើង

5. កាល​ណា​គេ​ផ្លុំ​ស្នែង​ចៀម មាន​សំឡេង​យ៉ាង​វែង ឮ​ដល់​ឯង​រាល់​គ្នា នោះ​ទាំង​អស់​គ្នា​ត្រូវ​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ដូច្នេះ កំផែង​ទី​ក្រុង​នឹង​រលំ​ដួល​ទៅ រួច​ត្រូវ​ឲ្យ​បណ្តា‌ជន​ទាំង​អស់​ឡើង​ចំ​ទៅ​មុខ​រៀង​ខ្លួន

6. យ៉ូស្វេ​ជា​កូន​នុន​ក៏​ហៅ​ពួក​សង្ឃ​មក​ប្រាប់​ថា ចូរ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា ហើយ​ឲ្យ​មាន​សង្ឃ​៧​រូប​កាន់​ត្រែ​ស្នែង​ចៀម ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ទៅ

7. លោក​ក៏​បង្គាប់​ដល់​ពួក​បណ្តា‌ជន​ថា ចូរ​នាំ​គ្នា​ដើរ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​ទៅ ឯ​អស់​ពួក​អ្នក​ដែល​មាន​គ្រឿង​សស្ត្រា‌វុធ នោះ​ត្រូវ​ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា។

8. លុះ​កាល​យ៉ូស្វេ​បាន​ប្រាប់​ដល់​ពួក​ជន​រួច​អស់​ហើយ នោះ​សង្ឃ​ទាំង​៧ ដែល​កាន់​ត្រែ​ស្នែង​ចៀម​ទាំង​៧ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​ដើរ​ទៅ​ទាំង​ផ្លុំ​បណ្តើរ រួច​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ក៏​តាម​គេ​ទៅ

9. ឯ​ពួក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ គេ​ដើរ​ខាង​មុខ​ពួក​សង្ឃ​ដែល​ផ្លុំ​ត្រែ ក៏​មាន​ពួក​អ្នក​ដើរ​ខាង​ក្រោយ​ហឹប​ដែរ ពួក​សង្ឃ​ដើរ​ទៅ​ទាំង​ផ្លុំ​ត្រែ​បណ្តើរ

10. ឯ​យ៉ូស្វេ​ក៏​បង្គាប់​បណ្តា‌ជន​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ស្រែក​ឡើង ឬ​ឲ្យ​មាន​ឮ​សំឡេង​ឡើយ ក៏​មិន​ត្រូវ​មាន​ពាក្យ​ណា​មួយ​ចេញ​ពី​មាត់​ឯង​ដែរ ដរាប​ដល់​ថ្ងៃ ដែល​អញ​ប្រាប់​ឲ្យ​ស្រែក​ឡើង នោះ​ទើប​ត្រូវ​ឲ្យ​ឯង​ស្រែក​ចុះ

11. ដូច្នេះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា ក៏​បាន​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​អស់​១​ជុំ រួច​គេ​ត្រឡប់​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ ហើយ​ឈប់​នៅ​ទី​នោះ។

12. ឯ​យ៉ូស្វេ​លោក​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​ក៏​នាំ​គ្នា​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា

13. មាន​ទាំង​ពួក​សង្ឃ​៧​រូប​នោះ កាន់​ត្រែ​ស្នែង​ចៀម​៧ ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា ទាំង​ផ្លុំ​ត្រែ​បណ្តើរ​ផង ឯ​ពួក​កាន់​គ្រឿង​សស្ត្រា‌វុធ គេ​ក៏​ដើរ​ពី​ខាង​មុខ ហើយ​មាន​ពួក​អ្នក​ខាង​ក្រោយ ដើរ​តាម​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដែរ ពួក​សង្ឃ​ក៏​ដើរ​ទៅ​ទាំង​ផ្លុំ​ត្រែ​បណ្តើរ

14. ថ្ងៃ​ទី​២​នោះ គេ​ដើរ​ជុំវិញ​ទី​ក្រុង​១​ជុំ រួច​ក៏​ត្រឡប់​មក​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ គេ​ធ្វើ​យ៉ាង​ដូច្នេះ​អស់​៦​ថ្ងៃ។

15. លុះ​ដល់​ថ្ងៃ​ទី​៧ គេ​ក្រោក​ឡើង​ពី​ព្រលឹម កាល​ទើប​នឹង​ភ្លឺ​ស្រាង នោះ​ក៏​ដើរ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​បែប​ដដែល​អស់​៧​ជុំ ថ្ងៃ​នោះ​ខុស​ពី​ថ្ងៃ​មុន​តែ​ប៉ុណ្ណេះ គឺ​គេ​ដើរ​ព័ទ្ធ​ទី​ក្រុង​អស់​៧​ដង​វិញ

16. លុះ​បាន​គ្រប់​៧​ជុំ​ហើយ កាល​ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ នោះ​យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​ជន​ថា ចូរ​ស្រែក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ទី​ក្រុង​នេះ​មក​ឯង​រាល់​គ្នា​ហើយ

17. ឯ​ទី​ក្រុង​នេះ ជា​ទី​ក្រុង​សំរាប់​តែ​បំផ្លាញ​អស់​រលីង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្រប់​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​នេះ​ផង រស់​នៅ​បាន​តែ​នាង​រ៉ាហាប​ជា​ស្រី​សំផឹង​១ និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​នាង​ប៉ុណ្ណោះ ពី​ព្រោះ​នាង​បាន​នាំ​អ្នក​២​នាក់ ដែល​យើង​បាន​ចាត់​មក ទៅ​លាក់​បំពួន​ទុក

18. ឯ​ឯង​រាល់​គ្នា ត្រូវ​ប្រយ័ត្ន​តែ​នឹង​របស់​ដែល​សំរាប់​បំផ្លាញ ក្រែង​កាល​ណា​ឯង​ញែក​របស់​ណា ទុក​សំរាប់​នឹង​បំផ្លាញ នោះ​បែរ​ទៅ​ជា​យក​របស់​ណា​មួយ​នោះ​ចេញ​វិញ ហើយ​ដូច្នេះ​នឹង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រូវ​បំផ្លាញ​ទាំង​អស់​គ្នា​ដែរ ព្រម​ទាំង​មាន​សេចក្ដី​វឹកវរ​ផង

19. ប៉ុន្តែ ឯ​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា​ធ្វើ​ពី​លង្ហិន និង​ដែក នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​នាំ​យក​ទាំង​អស់ ចូល​មក​ក្នុង​ឃ្លាំង​នៃ​ព្រះ‌យេហូវ៉ា​វិញ

20. ដូច្នេះ​ពួក​បណ្តា‌ជន​ក៏​ស្រែក​ហ៊ោ ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង គឺ​កាល​ពួក​បណ្តា‌ជន​បាន​ឮ​សូរ​ត្រែ នោះ​គេ​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ស្រាប់​តែ​កំផែង​ក៏​រលំ​ដួល​ទៅ ដើម្បី​ឲ្យ​ពួក​បណ្តា‌ជន​បាន​ឡើង​ទៅ​ក្នុង​ទី​ក្រុង​ចំ​មុខ​គេ​រៀង​ខ្លួន ហើយ​គេ​ក៏​ចាប់​យក​ទី​ក្រុង​នោះ​ទៅ

សូមអានជំពូកពេញលេញ យ៉ូស្វេ 6