គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 6:17-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ឯ​ទី​ក្រុង​នេះ ជា​ទី​ក្រុង​សំរាប់​តែ​បំផ្លាញ​អស់​រលីង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្រប់​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​នេះ​ផង រស់​នៅ​បាន​តែ​នាង​រ៉ាហាប​ជា​ស្រី​សំផឹង​១ និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​នាង​ប៉ុណ្ណោះ ពី​ព្រោះ​នាង​បាន​នាំ​អ្នក​២​នាក់ ដែល​យើង​បាន​ចាត់​មក ទៅ​លាក់​បំពួន​ទុក

18. ឯ​ឯង​រាល់​គ្នា ត្រូវ​ប្រយ័ត្ន​តែ​នឹង​របស់​ដែល​សំរាប់​បំផ្លាញ ក្រែង​កាល​ណា​ឯង​ញែក​របស់​ណា ទុក​សំរាប់​នឹង​បំផ្លាញ នោះ​បែរ​ទៅ​ជា​យក​របស់​ណា​មួយ​នោះ​ចេញ​វិញ ហើយ​ដូច្នេះ​នឹង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រូវ​បំផ្លាញ​ទាំង​អស់​គ្នា​ដែរ ព្រម​ទាំង​មាន​សេចក្ដី​វឹកវរ​ផង

19. ប៉ុន្តែ ឯ​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា​ធ្វើ​ពី​លង្ហិន និង​ដែក នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​នាំ​យក​ទាំង​អស់ ចូល​មក​ក្នុង​ឃ្លាំង​នៃ​ព្រះ‌យេហូវ៉ា​វិញ

20. ដូច្នេះ​ពួក​បណ្តា‌ជន​ក៏​ស្រែក​ហ៊ោ ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង គឺ​កាល​ពួក​បណ្តា‌ជន​បាន​ឮ​សូរ​ត្រែ នោះ​គេ​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ស្រាប់​តែ​កំផែង​ក៏​រលំ​ដួល​ទៅ ដើម្បី​ឲ្យ​ពួក​បណ្តា‌ជន​បាន​ឡើង​ទៅ​ក្នុង​ទី​ក្រុង​ចំ​មុខ​គេ​រៀង​ខ្លួន ហើយ​គេ​ក៏​ចាប់​យក​ទី​ក្រុង​នោះ​ទៅ

21. គេ​បាន​បំផ្លាញ​គ្រប់​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង គឺ​ទាំង​ប្រុស ហើយ​នឹង​ស្រី ទាំង​ក្មេង ហើយ​នឹង​ចាស់​ផង ព្រម​ទាំង​គោ និង​ចៀម ហើយ​នឹង​លា ទាំង​អំបាលម៉ាន ដោយ​មុខ​ដាវ។

22. យ៉ូស្វេ​ក៏​ប្រាប់​ដល់​មនុស្ស​២​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក​នោះ​ថា ចូរ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ផ្ទះ​ស្រី​សំផឹង​នោះ ហើយ​នាំ​នាង និង​របស់​នាង​ទាំង​ប៉ុន្មាន​ចេញ​មក​ក្រៅ ដូច​ជា​ឯង​បាន​ស្បថ​នឹង​នាង​ហើយ

23. ឯ​មនុស្ស​កំឡោះ​២​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក ក៏​ចូល​ទៅ​នាំ​នាង​រ៉ាហាប ទាំង​ឪពុក​ម្តាយ​នាង និង​បង​ប្អូន ហើយ​នឹង​របស់​នាង​ទាំង​ប៉ុន្មាន​ចេញ​មក ព្រម​ទាំង​ញាតិ‌សន្តាន​របស់​នាង​ទាំង​ប៉ុន្មាន​ផង ដាក់​គេ​ឲ្យ​នៅ​ជា​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល នៃ​ពួក​អ៊ីស្រា‌អែល

24. រួច​ក៏​ឆួល​ដុត​ទី​ក្រុង​នោះ និង​របស់​នៅ​ទី​នោះ​ទាំង​អស់​ទៅ បាន​ទុក​នៅ​តែ​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រដាប់​លង្ហិន ហើយ​នឹង​ដែក​ប៉ុណ្ណោះ ដែល​គេ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង នៃ​ដំណាក់​ព្រះ‌យេហូវ៉ា

25. តែ​ឯ​រ៉ាហាប​ជា​ស្រី​សំផឹង និង​ពួក​គ្រួ​ឪពុក​នាង ហើយ​របស់​នាង​ទាំង​ប៉ុន្មាន នោះ​យ៉ូស្វេ​លោក​បាន​ទុក​ឲ្យ​គង់​នៅ​វិញ ហើយ​នាង​ក៏​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ជា​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដោយ​ព្រោះ​នាង​បាន​លាក់​បំពួន​ពួក​អ្នក ដែល​យ៉ូស្វេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្រុង​យេរីខូរ​នោះ។

26. នៅ​គ្រា​នោះ យ៉ូស្វេ​ក៏​ប្រកាស ជា​ពាក្យ​បណ្តាសា​ថា អ្នក​ណា​ដែល​ចាប់​ផ្តើម​សង់​ក្រុង​យេរីខូរ​នេះ​ឡើង​វិញ នោះ​នឹង​ត្រូវ​បណ្តាសា​ហើយ កាល​ណា​អ្នក​នោះ​ដាក់​ឫស​កំផែង នោះ​កូន​ច្បង​របស់​ខ្លួន​នឹង​ស្លាប់​ទៅ ហើយ​កាល​ណា​ដាក់​ទ្វារ​ចុះ នោះ​កូន​ពៅ​នឹង​ស្លាប់​ទៅ។

27. ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យ៉ូស្វេ ហើយ​ក៏​ល្បី​ឮ​ឈ្មោះ​លោក​សុស‌សាយ ពេញ​គ្រប់​ក្នុង​ស្រុក​នោះ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 6