គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 4:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​ផុត​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យ៉ូស្វេ​ថា

2. ចូរ​រើស​យក​មនុស្ស​១២​នាក់​ពី​ពួក​បណ្តា‌ជន គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ

3. ហើយ​បង្គាប់​គេ​ថា ចូរ​ឯង​រាល់​គ្នា​យក​ថ្ម​១២​ដុំ ពី​កណ្តាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​ពួក​សង្ឃ​បាន​ឈរ​នោះ ទៅ​ជា​មួយ​នឹង​ឯង ហើយ​ដាក់​នៅ​ត្រង់​កន្លែង ដែល​ឯង​នឹង​ស្នាក់​នៅ​យប់​នេះ

4. នោះ​យ៉ូស្វេ​ក៏​ហៅ​មនុស្ស​១២​នាក់ មក​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​គាត់​បាន​ដំរូវ​ជា​មុន គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ

5. ប្រាប់​គេ​ថា ចូរ​ដើរ​ទៅ​ខាង​មុខ​ហឹប​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដល់​កណ្តាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​១​ដុំ​ម្នាក់​គ្រប់​គ្នា​លី​ទៅ តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

6. ដើម្បី​ឲ្យ​បាន​ទុក​ជា​ទី​សំគាល់ នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា ប្រយោជន៍​ដល់​ថ្ងៃ​ក្រោយ កាល​ណា​កូន​ចៅ​ឯង​សួរ​ថា ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច

7. នោះ​ឯង​រាល់​គ្នា​នឹង​ប្រាប់​ថា នេះ​ដោយ​ព្រោះ​ទឹក​ទន្លេ​យ័រដាន់​បាន​ត្រូវ​កាត់​ផ្តាច់ នៅ​ខាង​មុខ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា គឺ​កាល​ហឹប​នោះ​បាន​ឆ្លង​ទន្លេ​យ័រដាន់ នោះ​ទឹក​ទន្លេ​បាន​ត្រូវ​កាត់​ផ្តាច់​ចេញ ដូច្នេះ​ថ្ម​ទាំង​នេះ​នឹង​បាន​សំរាប់​ជា​សេចក្ដី​រំឭក ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត​រៀង​ទៅ។

8. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​តាម​បង្គាប់​យ៉ូស្វេ គេ​យក​ថ្ម​១២​ដុំ ពី​កណ្តាល​ទន្លេ​យ័រដាន់ តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​លោក ហើយ​គេ​លី​ថ្ម​ទាំង​នោះ​ទៅ​ជា​មួយ យក​ទៅ​ដាក់​ត្រង់​កន្លែង​ដែល​គេ​ស្នាក់​នៅ។

9. យ៉ូស្វេ​ក៏​ដាក់​ថ្ម​១២​ដុំ​នៅ​កណ្តាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​នៃ​ជើង​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​បាន​ឈរ​ហើយ​ថ្ម​ទាំង​នោះ​ក៏​តាំង​នៅ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ

10. ឯ​ពួក​សង្ឃ ជា​អ្នក​សែង​ហឹប គេ​ឈរ​នៅ​កណ្តាល​ទន្លេ​យ័រដាន់​នោះ ដរាប​ដល់​គ្រប់​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​យ៉ូស្វេ ឲ្យ​ប្រាប់​ដល់​បណ្តា‌ជន​បាន​សំរេច ជា​ការ​ដែល​ត្រូវ​នឹង​គ្រប់​ទាំង​សេចក្ដី ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​យ៉ូស្វេ​ដែរ ឯ​ពួក​ជន​ទាំង‌ឡាយ គេ​ក៏​នាំ​គ្នា​ឆ្លង​ទៅ​ដោយ​ប្រញាប់‌ប្រញាល់

11. កាល​ពួក​ជន​បាន​ឆ្លង​ទៅ​ផុត​ហើយ នោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា និង​ពួក​សង្ឃ ក៏​ឆ្លង​ទៅ​នៅ​ចំពោះ​មុខ​គេ

12. ឯ​ពួក​កូន​ចៅ​រូបេន និង​ពួក​កូន​ចៅ​កាឌ់ ហើយ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ក៏​ឆ្លង​ទៅ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​ពាក់​ស្រាប់ ដូច​ជា​ម៉ូសេ​បាន​ប្រាប់

សូមអានជំពូកពេញលេញ យ៉ូស្វេ 4