គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 3:3-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. កាល​ណា​ឯង​រាល់​គ្នា​ឃើញ​ហឹប នៃ​សេចក្ដី​សញ្ញា ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​ពួក​លេវី​ដ៏​ជា​សង្ឃ​សែង​ទៅ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចេញ ពី​ទី​កន្លែង​របស់​ឯង ដើរ​ទៅ​តាម

4. តែ​ត្រូវ​ដើរ​ឃ្លាត​ពី​ហឹប​នោះ ចំនួន​ប្រហែល​ជា​២​ពាន់​ហត្ថ កុំ​ឲ្យ​ចូល​ទៅ​ជិត​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ ដែល​ត្រូវ​ដើរ ដ្បិត​តាំង​តែ​ពី​មុន​មក ឯង​រាល់​គ្នា​មិន​ដែល​ដើរ​តាម​ផ្លូវ​នេះ​ទេ

5. យ៉ូស្វេ​ក៏​ប្រាប់​បណ្តា‌ជន​ថា ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ពី​ព្រោះ​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​ក្នុង​ពួក​ឯង

6. រួច​លោក​ប្រាប់​ដល់​ពួក​សង្ឃ​ថា ចូរ​លើក​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​នាំ​ទៅ​ឯ​មុខ​បណ្តា‌ជន​ទៅ នោះ​គេ​ក៏​លើក​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​សែង​នាំ​មុខ​បណ្តា‌ជន​ទៅ។

7. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា នៅ​ថ្ងៃ​នេះ អញ​នឹង​ចាប់​តាំង​លើក​ដំកើង​ឯង នៅ​មុខ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​គេ​ដឹង​ថា អញ​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ

8. ត្រូវ​ឲ្យ​ឯង​បង្គាប់​ដល់​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា ថា​កាល​ណា​ទៅ​ដល់​មាត់​ទឹក​ទន្លេ​យ័រដាន់​ហើយ នោះ​ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទឹក​នោះ​ទៅ។

9. យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ចូរ​ឯង​រាល់​គ្នា​មក​ឯ​នេះ ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

10. រួច​លោក​ប្រាប់​ថា ឯង​រាល់​គ្នា​នឹង​ដឹង​ដោយ‌សារ​សេចក្ដី​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ទ្រង់​គង់​នៅ​ក្នុង​ពួក​ឯង ហើយ​ថា ទ្រង់​នឹង​បណ្តេញ​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ហេវី សាសន៍​ពេរិស៊ីត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​ឯង​រាល់​គ្នា​ទៅ​ជា​មិន​ខាន

11. គឺ​ដោយ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌អម្ចាស់ នៃ​ផែនដី​ទាំង​មូល នឹង​នាំ​មុខ​ឯង​រាល់​គ្នា​ទៅ​ក្នុង​ទន្លេ​យ័រដាន់

12. ដូច្នេះ ចូរ​រើស​យក​មនុស្ស​១២​នាក់ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ទៅ គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ

13. រួច​កាល​ណា​បាត​ជើង​របស់​ពួក​សង្ឃ ដែល​សែង​ហឹប​ផង​ព្រះ‌យេហូវ៉ា ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល បាន​ដាក់​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់​ហើយ នោះ​ទឹក​ទន្លេ​នឹង​ត្រូវ​កាត់​ផ្តាច់ គឺ​ជា​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​នឹង​កល់​នៅ​នឹង​ជា​គំនរ។

14. ដូច្នេះ កាល​ពួក​បណ្តា‌ជន​បាន​ចេញ​ពី​ត្រសាល​គេ ដើម្បី​នឹង​ឆ្លង​ទន្លេ​យ័រដាន់ មាន​ទាំង​ពួក​សង្ឃ​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា ទៅ​ខាង​មុខ​ផង

សូមអានជំពូកពេញលេញ យ៉ូស្វេ 3