គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 24:6-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. អញ​បាន​នាំ​ពួក​ឪពុក​ឯង ចេញ​ពី​ស្រុក​អេស៊ីព្ទ មក​ដល់​សមុទ្រ រួច​ពួក​សាសន៍​អេស៊ីព្ទ​គេ​ដេញ​តាម​ដោយ​រទេះ​ចំបាំង និង​ទ័ព​សេះ​រហូត​ដល់​សមុទ្រ​ក្រហម

7. កាល​ពួក​ឪពុក​ឯង​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ដាក់​សេចក្ដី​ងងឹត​នៅ​ជា​កណ្តាល​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​សាសន៍​អេស៊ីព្ទ ក៏​នាំ​ទឹក​សមុទ្រ​មក​គ្រប​លើ​គេ​ទៅ ហើយ​ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ដែរ ឯង​រាល់​គ្នា​ក៏​បាន​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​កាល​ជា​យូរ

8. រួច​អញ​បាន​នាំ​ឯង​រាល់​គ្នា​មក​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​ច្បាំង​នឹង​ឯង តែ​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​វិញ ហើយ​ឯង​រាល់​គ្នា​បាន​ចាប់​យក​ស្រុក​របស់​គេ អញ​បាន​បំផ្លាញ​គេ​ពី​មុខ​ឯង​អស់​រលីង

9. គ្រា​នោះ​បាឡាក ជា​កូន​ស៊ីបព័រ ស្តេច​ស្រុក​ម៉ូអាប់ ក៏​លើក​ទ័ព​មក​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម​ជា​កូន​បេអ៊រ​មក ឲ្យ​ដាក់​បណ្តាសា​ដល់​ឯង

10. តែ​អញ​មិន​ព្រម​ស្តាប់​តាម​បាឡាម​ទេ ដូច្នេះ​គាត់​បែរ​ជា​ឲ្យ​ពរ​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​អញ​បាន​ដោះ​ឯង​ពី​កណ្តាប់​ដៃ​គេ​ចេញ

11. រួច​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ក្រុង​យេរីខូរ នោះ​ពួក​មនុស្ស​នៅ​ក្នុង​ក្រុង​យេរីខូរ​ក៏​ច្បាំង​នឹង​ឯង មាន​ទាំង​សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ច្បាំង​នឹង​ឯង​ដែរ តែ​អញ​បាន​ប្រគល់​គេ​ទាំង​អស់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​វិញ

12. អញ​ក៏​ចាត់​ឪម៉ាល់​ឲ្យ​ទៅ​មុន​ឯង​រាល់​គ្នា ហើយ​វា​បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ គឺ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ មិន​មែន​ដោយ​ដាវ ឬ​ធ្នូ​របស់​ឯង​ទេ

13. អញ​បាន​ឲ្យ​ស្រុក​១​ដល់​ឯង​រាល់​គ្នា ដែល​ឯង​មិន​បាន​ប្រកប​ការ​អ្វី​សោះ ហើយ​ទី​ក្រុង​ដែល​ឯង​មិន​បាន​សង់​ផង សព្វ​ថ្ងៃ​ឯង​រាល់​គ្នា​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ហើយ​ក៏​បរិភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ផ្លែ​អូលីវ​ដែល​ឯង​រាល់​គ្នា​មិន​បាន​ដាំ​ផង​ដែរ។

14. ដូច្នេះ ឥឡូវ​នេះ​ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ដោយ​ចិត្ត​ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ​ចុះ ចូរ​លះ​ចោល​អស់​ទាំង​ព្រះ​ដែល​ពួក​អយ្យកោ​ឯង បាន​គោរព​ប្រតិ‌បត្តិ​នៅ​ខាង​នាយ​ទន្លេ ហើយ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ចេញ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ

15. តែ​បើ‌សិន​ជា​ឯង​រាល់​គ្នា​មិន​គាប់​ចិត្ត​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ទេ នោះ​ចូរ​រើស​យក​ព្រះ​ណា ដែល​ឯង​ចង់​គោរព​ប្រតិ‌បត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ ទោះ​បើ​ជា​ព្រះ​ទាំង​ប៉ុន្មាន ដែល​ពួក​អយ្យកោ​ឯង​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ និង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។

16. ពួក​បណ្តា‌ជន​ក៏​ឆ្លើយ​ឡើង​ថា សូម​ឲ្យ​គំនិត ដែល​នឹង​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ដើម្បី​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​នោះ បាន​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ

17. ដ្បិត​គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បាន​នាំ​យើង​ខ្ញុំ និង​ឪពុក​យើង​ខ្ញុំ ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​ធ្វើ​អស់​ទាំង​ទី​សំគាល់​យ៉ាង​ធំ​នោះ នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ ក៏​បាន​ថែ​រក្សា​យើង​ខ្ញុំ តាម​ផ្លូវ​ដែល​យើង​ខ្ញុំ​បាន​ដើរ​នោះ ហើយ​នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​គេ​ផង

18. ព្រះ‌យេហូវ៉ា ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍ ដែល​នៅ​ក្នុង​ស្រុក​នេះ​ពី​មុខ​យើង​ខ្ញុំ​ចេញ ព្រម​ទាំង​សាសន៍​អាម៉ូរី​ផង ដូច្នេះ​យើង​ខ្ញុំ​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។

19. យ៉ូស្វេ​ក៏​ប្រកែក​ឡើង​ថា ឯង​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​បាន​ទេ ដ្បិត​ទ្រង់​ជា​ព្រះ​បរិសុទ្ធ ជា​ព្រះ​ប្រចណ្ឌ ទ្រង់​មិន​អត់​ទោស​ការ​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង ឬ​អំពើ​បាប​របស់​ឯង​ឡើយ

20. បើ‌សិន​ជា​ឯង​រាល់​គ្នា​លះ​ចោល​ព្រះ‌យេហូវ៉ា នឹង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ នោះ​ទ្រង់​នឹង​ប្រែ​ទៅ​ជា​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​នឹង​បំផ្លាញ​ឯង​ទៅ ក្រោយ​ដែល​ទ្រង់​បាន​ធ្វើ​ល្អ​ដល់​ឯង​ហើយ​ផង

សូមអានជំពូកពេញលេញ យ៉ូស្វេ 24