គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 22:23-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ប្រយោជន៍​នឹង​បែរ​ចេញ​ពី​ទ្រង់ ឬ​សំរាប់​នឹង​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ ឬ​ថ្វាយ​យញ្ញ‌បូជា​ទុក​ជា​ដង្វាយ​មេត្រី នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ហៅ​យើង​ខ្ញុំ​មក​ឆ្លើយ ពី​ការ​ដែល​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់​ចុះ បើ​យ៉ាង​នោះ​មែន នោះ​សូម​កុំ​ឲ្យ​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ

24. គឺ​យើង​ខ្ញុំ​បាន​ធ្វើ​ការ​នេះ​ដោយ​ប្រយ័ត្ន​វិញ​ទេ​តើ ហើយ​តាម​បំណង​ចិត្ត ដោយ​នឹក​ខ្លាច​ក្រែង​វេលា​ណា​ទៅ​មុខ ពួក​កូន​ចៅ​អ្នក​រាល់​គ្នា​និយាយ​ចំពោះ​ពួក​កូន​ចៅ​យើង​ខ្ញុំ​ថា តើ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​អ្វី​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

25. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដំរូវ​ទន្លេ​យ័រដាន់ ទុក​ជា​ព្រំ‌ខណ្ឌ​នៅ​កណ្តាល​យើង និង​ឯង​រាល់​គ្នា ដែល​ជា​កូន​ចៅ​រូបេន និង​កូន​ចៅ​កាឌ់​ហើយ ដូច្នេះ​ឯង​រាល់​គ្នា​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា​ទេ យ៉ាង​នោះ​ពួក​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នឹង​បណ្តាល​ឲ្យ​ពួក​កូន​ចៅ​យើង​ខ្ញុំ​លែង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា

26. ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា​បាន​និយាយ​គ្នា​ថា ចូរ​យើង​ស្អាង​អាស‌នា​១​មិន​មែន​សំរាប់​ថ្វាយ​ដង្វាយ ឬ​យញ្ញ‌បូជា​ទេ

27. គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់ ដល់​យើង​ខ្ញុំ និង​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​យើង​ទាំង​អស់​គ្នា​ត​ទៅ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​គោរព​ប្រតិ‌បត្តិ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដង្វាយ​ដុត​យញ្ញ‌បូជា និង​ដង្វាយ​មេត្រី​របស់​យើង​ខ្ញុំ ប្រយោជន៍​ដល់​ពេល​ទៅ​មុខ កុំ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​និយាយ​នឹង​កូន​ចៅ​យើង​ខ្ញុំ​ថា ឯង​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា​ទេ​នោះ​ឡើយ

28. ដូច្នេះ​យើង​ខ្ញុំ​បាន​សំរេច​ថា បើ​កាល​ណា​គេ​នឹង​និយាយ​ដូច្នោះ​មក​យើង​ខ្ញុំ ឬ​នឹង​ពូជ​ដំណ​យើង​ខ្ញុំ​ត​ទៅ​មុខ នោះ​យើង​ខ្ញុំ​នឹង​ឆ្លើយ​តប​ថា មើល នេះ​ជា​គំរូ​ពី​អាស‌នា​ផង​ព្រះ‌យេហូវ៉ា ដែល​ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ស្អាង​ទុក មិន​មែន​សំរាប់​ថ្វាយ​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​ទេ គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់​ដល់​យើង​ខ្ញុំ និង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ

29. សូម​ឲ្យ​គំនិត​យ៉ាង​នោះ​ឃ្លាត​ទៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ កុំ​ឲ្យ​យើង​ខ្ញុំ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ហើយ​បែរ​ចេញ​លែង​តាម​ទ្រង់​នៅ​ថ្ងៃ​នេះ ដោយ​ស្អាង​អាស‌នា សំរាប់​ដង្វាយ​ដុត ដង្វាយ​ម្សៅ ឬ​យញ្ញ‌បូជា ក្រៅ​ពី​អាស‌នា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​នៅ​មុខ​រោង​ឧបោសថ​ទ្រង់​នោះ​ឡើយ។

30. កាល​ភីនេ‌ហាស​ដ៏​ជា​សង្ឃ ហើយ​នឹង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ គឺ​ជា​ពួក​មេ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ពាន់ ដែល​នៅ​ជា​មួយ​នឹង​លោក បាន​ឮ​ពាក្យ​របស់​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​ម៉ាន៉ាសេ នោះ​ក៏​បាន​ពេញ​ចិត្ត​ណាស់

31. រួច​ភីនេ‌ហាស​ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ លោក​មាន​ប្រសាសន៍​ទៅ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​ម៉ាន៉ាសេ​ថា នៅ​ថ្ងៃ​នេះ​យើង​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យើង​រាល់​គ្នា ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​ការ​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ដូច្នេះ​ទេ ឯង​រាល់​គ្នា​បាន​ជួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ

32. ដូច្នេះ​ភីនេ‌ហាស ជា​កូន​អេលាសារ ដ៏​ជា​សង្ឃ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ជា​កំពូល​នោះ គេ​ចេញ​ចាក​ពី​ពួក​កូន​ចៅ​រូបេន និង​កូន​ចៅ​កាឌ់ នៅ​ស្រុក​កាឡាត ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​កាណាន ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ​ទៅ ព្រម​ទាំង​នាំ​ដំណឹង​នោះ​មក​ប្រាប់​គេ​ដែរ

33. សេចក្ដី​នោះ​បាន​ពេញ​ចិត្ត ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​គេ​ក៏​សរសើរ‌ដំកើង​ដល់​ព្រះ រួច​ក៏​លែង​គិត​ពី​ការ​ឡើង​ទៅ​ច្បាំង ដើម្បី​នឹង​បំផ្លាញ​ស្រុក​ដែល​ពួក​កូន​ចៅ​រូបេន និង​កូន​ចៅ​កាឌ់​នៅ​នោះ​ត​ទៅ​ទៀត

34. ឯ​ពួក​កូន​ចៅ​រូបេន និង​ពួក​កូន​ចៅ​កាឌ់ គេ​ដាក់​ឈ្មោះ​អាស‌នា​នោះ​ថា «ទី​បន្ទាល់» ដ្បិត​គេ​ថា នេះ​ហើយ​ជា​ទី​បន្ទាល់​ដល់​អ្នក​រាល់​គ្នា ហើយ​នឹង​យើង​ខ្ញុំ ពី​ព្រះ‌យេហូវ៉ា ថា​ទ្រង់​ជា​ព្រះ​ពិត។

សូមអានជំពូកពេញលេញ យ៉ូស្វេ 22