គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 18:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​ស៊ីឡូរ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ ស្រុក​នោះ​ទាំង​មូល​ក៏​បាន​ក្រាប​ចុះ​ចូល​នឹង​គេ

2. តែ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​មាន​ពូជ​អំបូរ​៧ ដែល​មិន​ទាន់​ចែក​ចំណែក​មរដក​គ្នា​នៅ​ឡើយ

3. ដូច្នេះ​យ៉ូស្វេ​ក៏​តឿន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា តើ​ឯង​ធ្វេស​ប្រហែស និង​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង បាន​ប្រទាន​មក​ឯង​រាល់​គ្នា ដល់​កាល​ណា​ទៀត

4. ចូរ​ដំរូវ​មនុស្ស​៣​នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​មក នោះ​អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ដើម្បី​នឹង​សរសេរ​កំណត់​តាម​ចំណែក​មរដក​គេ​គ្រប់​គ្នា រួច​ត្រឡប់​មក​ឯ​អញ​វិញ

5. រួច​ត្រូវ​ឲ្យ​គេ​ចែក​ស្រុក​នោះ​ជា​៧​ចំណែក ឯ​ពួក​យូដា ត្រូវ​ឲ្យ​គេ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ត្បូង ហើយ​ពួក​វង្ស​យ៉ូសែប​ត្រូវ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ជើង

6. នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កំណត់​សំគាល់​ស្រុក ទាំង​ចែក​ជា​៧​ចំណែក រួច​យក​មក​ឲ្យ​អញ​ឯ​ណេះ អញ​នឹង​បោះ​ឆ្នោត​ឲ្យ​ឯង​រាល់​គ្នា​ចាប់ នៅ​ទី​នេះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា

7. ឯ​ពួក​លេវី​គេ​គ្មាន​ចំណែក​ណា​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ដ្បិត​ការ‌ងារ​ជា​សង្ឃ​ផង​ព្រះ‌យេហូវ៉ា នោះ​ជា​មរដក​របស់​គេ​ហើយ ឯ​ពួក​កាឌ់ ពួក​រូបេន និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​បាន​ទទួល​មរដក ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​បាន​ចែក​ឲ្យ​គេ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ។

8. ពួក​អ្នក​នោះ​ក៏​រៀប‌ចំ​ចេញ​ទៅ ដោយ​ទទួល​បង្គាប់​យ៉ូស្វេ ដើម្បី​ទៅ​សរសេរ​កំណត់​ស្រុក គឺ​លោក​បង្គាប់​ថា ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​សរសេរ​កំណត់​សំគាល់ រួច​ត្រឡប់​មក​ឯ​អញ​វិញ នោះ​អញ​នឹង​បោះ​ឆ្នោត​ឲ្យ​ឯង​រាល់​គ្នា​ចាប់ ត្រង់​ស៊ីឡូរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

9. ដូច្នេះ​អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​បាន​សរសេរ​កំណត់​ចែក​ជា​៧​ចំណែក តាម​ទី​ក្រុង​ស្រុក​នោះ ព្រម​ទាំង​កត់​ចុះ​ក្នុង​សៀវភៅ រួច​ត្រឡប់​មក​ឯ​យ៉ូស្វេ នៅ​ទី​ដំឡើង​ត្រសាល ត្រង់​ស៊ីឡូរ​វិញ

10. នោះ​យ៉ូស្វេ​ក៏​បោះ​ឆ្នោត ឲ្យ​គ្រប់​គ្នា​ចាប់ នៅ​ត្រង់​ស៊ីឡូរ ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ​យ៉ូស្វេ​ក៏​ចែក​ស្រុក ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​ពួក​គេ​ដែរ។

11. គេ​ចាប់​ឆ្នោត ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ហើយ​ដែន​ស្រុក​របស់​គេ​នោះ​ត្រូវ​ជា​កណ្តាល​ពួក​កូន​ចៅ​យូដា និង​ពួក​កូន​ចៅ​យ៉ូសែប

12. ឯ​ព្រំ​ខាង​ជើង​របស់​ស្រុក​គេ នោះ​ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ឡើង​ទៅ​ខាង​ជើង​ក្រុង​យេរីខូរ ដំរង់​ទៅ​ខាង​លិច តាម​ស្រុក​ភ្នំ រួច​ចេញ​មក​ត្រង់​ទី​រហោ‌ស្ថាន​បេត-អាវេន

13. ពី​ទី​នោះ​ក៏​បត់​ទៅ​ខាង​ត្បូង ក្បែរ​ក្រុង​លូស គឺ​ជា​ក្រុង​បេត-អែល រួច​ចុះ​ទៅ​ដល់​អាថារ៉ូត-អាដើរ ជិត​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត-ហូរ៉ុន​ក្រោម

14. ព្រំ​ខាង​លិច​នោះ​ក៏​ដំរង់​ទៅ​មុខ​ទៀត រួច​បត់​ទៅ​ខាង​ត្បូង ត្រង់​ភ្នំ​ដែល​ប្រទល់​មុខ​នឹង​បេត-ហូរ៉ុន​នោះ ទៅ​ផុត​ត្រឹម​គារយ៉ាត់-បាល គឺ​គារយ៉ាត់-យារីម ដែល​ជា​ទី​ក្រុង​របស់​ពួក​កូន​ចៅ​យូដា នេះ​ហើយ​ជា​ព្រំ‌ខណ្ឌ​ខាង​លិច

សូមអានជំពូកពេញលេញ យ៉ូស្វេ 18