ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​បែង​ចែក​ទឹក​ដី​ខាង​លិច​ទន្លេ​យ័រដាន់

1. ហើយ​នេះ​ជា​មរដក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ទទួល​នៅ​ក្នុង​ស្រុក​កាណាន គឺ​ដែល​អេលាសារដ៏​ជា​សង្ឃ និង​យ៉ូស្វេ​ជា​កូន​នុន ហើយ​នឹង​ពួក​មេ​លើ​វង្សា‌នុវង្ស របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​បាន​ចែក​ឲ្យ

2. មរដក​ទាំង​នោះ​គេ​បាន​ចែក​ឲ្យ​ពូជ​អំបូរ​៩ និង​ពូជ​អំបូរ​១​ចំហៀង​នោះ ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ

3. ដ្បិត​លោក​ម៉ូសេ​បាន​ចែក​មរដក​ដល់​ពូជ​អំបូរ​ទាំង​២ និង​១​ចំហៀង​ទៀត នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​ហើយ តែ​មិន​បាន​ចែក​ឲ្យ​ដល់​ពួក​លេវី​ទេ

4. ពី​ព្រោះ​ពួក​កូន​ចៅ​យ៉ូសែប​បាន​ចែក​ជា​ពូជ​អំបូរ​២​ផ្នែក​ទៅ​ហើយ គឺ​ម៉ាន៉ាសេ និង​អេប្រា‌អិម ដូច្នេះ គេ​មិន​បាន​ចែក​ចំណែក​ណា​ដល់​ពួក​លេវី​នៅ​ក្នុង​ស្រុក​នោះ​ទេ លើក​តែ​ទី​ក្រុង​សំរាប់​ឲ្យ​គេ​នៅ​ប៉ុណ្ណោះ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន​សំរាប់​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​គេ​ផង

5. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចែក​ស្រុក​គ្នា តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

កាលែប​ទទួល​ទឹក​ដី​ហេប្រុន

6. គ្រា​នោះ ពួក​កូន​ចៅ​យូដា ក៏​ចូល​មក​ឯ​យ៉ូស្វេ​ត្រង់​គីល‌កាល រួច​កាលែប ជា​កូន​យេភូនេ ជា​ពួក​កេណាស​ក៏​និយាយ​នឹង​លោក​ថា លោក​ជ្រាប​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ ពី​ដំណើរ​ខ្ញុំ និង​លោក នៅ​ត្រង់​កាដេស-បារនា​ហើយ

7. កាល​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​ពី​កាដេស-បារនា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក នោះ​ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ​ហើយ ខ្ញុំ​ក៏​បាន​ត្រឡប់​មក​វិញ ជំរាប​លោក​តាម​គំនិត​ខ្ញុំ

8. ប៉ុន្តែ​ពួក​បង​ប្អូន​ដែល​ឡើង​ទៅ​ជា​មួយ​នឹង​ខ្ញុំ គេ​បាន​រំសាយ​ចិត្ត​ពួក​បណ្តា‌ជន​វិញ ឯ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ​គ្រប់​ជំពូក

9. ហើយ​នៅ​ថ្ងៃ​នោះ​ឯង លោក​ម៉ូសេ​ក៏​ស្បថ​ថា ដី​ដែល​ជើង​ឯង​បាន​ជាន់ នោះ​នឹង​ត្រូវ​បាន​ជា​មរដក​ដល់​ឯង និង​កូន​ចៅ​ឯង​ត​រៀង​ទៅ ដោយ​ព្រោះ​ឯង​បាន​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អញ​គ្រប់​ជំពូក

10. ឥឡូវ​នេះ មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល គឺ​មាន​៤៥​ឆ្នាំ​នេះ​ហើយ តាំង​ពី​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​នោះ នឹង​លោក​ម៉ូសេ​ក្នុង​កាល​ដែល​ពួក​អ៊ីស្រា‌អែល កំពុង​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​នៅ​ឡើយ ហើយ​មើល នៅ​ថ្ងៃ​នេះ​ខ្ញុំ​មាន​អាយុ​៨៥​ឆ្នាំ​ហើយ

11. សព្វ​ថ្ងៃ​នេះ​ខ្ញុំ​នៅ​តែ​មាន​កំឡាំង ដូច​ក្នុង​កាល​ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​នៅ​ឡើយ កំឡាំង​ខ្ញុំ​ឥឡូវ​នេះ​ក៏​ដូច​ជា​កាល​ពី​ដើម​ដែរ សំរាប់​នឹង​ទៅ​ច្បាំង​ទាំង​ចេញ​ទៅ​ហើយ​ចូល​មក​វិញ​ផង

12. ដូច្នេះ​សូម​ឲ្យ​ស្រុក​ភ្នំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នៅ​គ្រា​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​លោក​បាន​ឮ​នៅ​វេលា​នោះ ហើយ​ថា មាន​សាសន៍​អ័ណាក់ នៅ​ស្រុក​នោះ ហើយ​មាន​ទាំង​ទី​ក្រុង​ធំៗ​ដែល​មាន​កំផែង​ផង ប្រហែល​ជា​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​គង់​ជា​មួយ​នឹង​ខ្ញុំ​ទេ​ដឹង ឲ្យ​ខ្ញុំ​បាន​បណ្តេញ​គេ​ចេញ​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។

13. នោះ​យ៉ូស្វេ​ឲ្យ​ពរ​ដល់​កាលែប ជា​កូន​យេភូនេ ហើយ​ក៏​ឲ្យ​ក្រុង​ហេប្រុន​ទៅ​គាត់​ទុក​ជា​មរដក

14. ដូច្នេះ​ក្រុង​ហេប្រុន​បាន​ត្រឡប់​ជា​មរដក​របស់​កាលែប ជា​កូន​យេភូនេ ដែល​ជា​ពួក​កេណាស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​គាត់​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​គ្រប់​ជំពូក

15. រីឯ​ក្រុង​ហេប្រុន​នេះ ពី​ដើម​មាន​ឈ្មោះ​ជា​គារ‌យ៉ាត់-អើបា ដែល​អើបា​នោះ​ជា​មនុស្ស​មាន​មាឌ​ធំ​ជាង​គេ​ក្នុង​ពួក​សាសន៍​អ័ណាក់ ត​ពី​នោះ​មក​ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចំបាំង​ទៅ។