គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 8:8-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ចូរ​ស៊ើប​សួរ​រក​ពី​ដំណ​មនុស្ស​ដែល​កន្លង​ទៅ​ហើយ ត្រូវ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្តី ដែល​ពួក​អយ្យកោ​គេ​បាន​ស្វែង​រក​ឲ្យ​ចេះ​ចុះ

9. ដ្បិត​យើង​រាល់​គ្នា​ទើប​តែ​នឹង​កើត​មក​ពី​ម្សិល‌មិញ​នេះ​ឯង ឥត​ដឹង​អ្វី​ឡើយ ពី​ព្រោះ​អាយុ​យើង​នៅ​ផែនដី​នេះ ជា​ស្រមោល​ប៉ុណ្ណោះ

10. ឯ​អ្នក​ទាំង​នោះ តើ​មិន​បង្រៀន ហើយ​ថ្លែង​ប្រាប់​ដល់​អ្នក ព្រម​ទាំង​ពោល​ពាក្យ​បញ្ចេញ​ពី​ចិត្ត​គេ​ទេ​ឬ​អី

11. តើ​ដើម​កក់​ដុះ​ដោយ​ឥត​ភក់​បាន​ឬ ឯ​ដើម​ផ្នក់​ទឹក តើ​នឹង​ដុះ​ដោយ​ឥត​ទឹក​បាន​ឬ​ទេ

12. កាល​ដើម​នោះ​នៅ​ខៀវ​ស្រស់ ឥត​អ្នក​ណា​កាត់​នៅ​ឡើយ នោះ​ក៏​នឹង​ស្វិត​ក្រៀម​ទៅ​មុន​តិណ‌ជាតិ​ឯ​ទៀត

13. ឯ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​ដែល​ភ្លេច​ព្រះ នោះ​ក៏​ដូច្នោះ​ដែរ ហើយ​សេចក្តី​សង្ឃឹម​របស់​មនុស្ស​ទមិល​ល្មើស​នឹង​ត្រូវ​វិនាស​ទៅ​ដែរ

14. ជា​ពួក​មនុស្ស​ដែល​ទី​ពឹង​របស់​គេ​នឹង​ត្រូវ​បាក់​ដាច់​ចេញ ឯ​ទី​សង្ឃឹម​របស់​គេ គឺ​ជា​មង​នៃ​ពីង‌ពាង​ប៉ុណ្ណោះ

15. អ្នក​នោះ​នឹង​ផ្អែក​ទៅ​លើ​ផ្ទះ​ខ្លួន តែ​ផ្ទះ​នោះ​នឹង​រលំ​ទៅ គេ​នឹង​ចាប់​យឹត​ផ្ទះ​នោះ តែ​មិន​ធន់​នៅ​ទេ

16. អ្នក​នោះ​ខៀវ​ខ្ចី នៅ​ក្រោម​ពន្លឺ​ថ្ងៃ ក៏​បែក​មែក​លូត​ទៅ​ក្នុង​សួន‌ច្បារ

17. ឯ​ឫស​ចាក់‌ស្រេះ​ទៅ​ក្នុង​ថ្ម ក៏​រក​រហូត​ដល់​បាន​ប្រទះ​នឹង​ដុំ​ថ្ម

18. បើ​កាល​ណា​ត្រូវ​រំលើង​ចេញ​ពី​កន្លែង នោះ​កន្លែង​របស់​វា​មិន​ព្រម​ស្គាល់​ទៀត​ឡើយ គឺ​ដោយ​ពាក្យ​ថា អញ​មិន​បាន​ឃើញ​ឯង​ទេ

19. មើល នេះ​ហើយ​ជា​ផល​ដែល​កើត​ពី​ផ្លូវ​របស់​វា រួច​មក​មាន​ផ្សេង​ទៀត​ពន្លក​ចេញ​ពី​ដី​ឡើង

20. មើល ព្រះ​ទ្រង់​មិន​ដែល​លះ‌បង់​មនុស្ស​គ្រប់​លក្ខណ៍ ឬ​ទប់​ទល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ

21. ដល់​ចុង​បំផុត ទ្រង់​នឹង​ឲ្យ​មាត់​អ្នក​បាន​ពេញ​ដោយ​សេចក្តី​សំណើច ហើយ​ឲ្យ​បបូរ​មាត់​អ្នក​បាន​ស្រែក​ឡើង ដោយ​អំណរ​វិញ

22. ឯ​ពួក​ដែល​ស្អប់​អ្នក គេ​នឹង​មាន​សេចក្តី​ខ្មាស​រួប​រឹត​ខ្លួន នោះ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នឹង​សូន្យ​បាត់​ទៅ។

សូមអានជំពូកពេញលេញ យ៉ូប 8